Friday, March 28, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកភ្ញៀវទៅលេងកំពត ផ្ទុះឆេះឡានកណ្តាលផ្លូវ

ដឹកភ្ញៀវទៅលេងកំពត ផ្ទុះឆេះឡានកណ្តាលផ្លូវ

កំពត ៖ រថយន្តដឹកអ្នកដំណើរ១គ្រឿង ដឹកភ្ញៀវចំនួន១០នាក់មកពីខេត្តកំពង់ចាម ធ្វើដំណើរកម្សាន្តនៅខេត្តកំពត ស្រាប់តែកំពុង បើកបរលើដងផ្លូវសុខៗ ក៏ស្រាប់តែឆ្លងចរន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូច​ខាត​រថយន្តទាំងស្រុង ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែ​ឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៣ (កំពត-ខេត្តព្រះស៊ីហនុ) ចំណុចខាងជើងប៉ុស្តិ៍រដ្ឋបាល​សង្កាត់​អណ្តូងខ្មែរ ចម្ងាយ២០ម៉ែត្រ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាកសាំងយ៉ុង ប្រភេទ១៥កៅអី ពណ៌​ស  ដឹកអ្នកដំណើរ ១គ្រឿង បានជួបគ្រោះអគ្គិភ័យ បណ្តាលឱ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលកំពុង​តែបើក​បរសុខៗនៅលើផ្លូវជាតិលេខ៣ កំពត ខេត្តព្រះស៊ីហនុ ចំណុចខាងជើងប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរ ចម្ងាយ២០ម៉ែត្រ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដោយ មិនដឹងមូលហេតុ។

លោកទ្រី ឌីម៉ង់ អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកកក់ ឃុំបឹងដែង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាម្ចាស់រថយន្ត បានរៀបរាប់ប្រាប់ថា រថយន្តរបស់លោកដឹកអ្នកដំណើរចំនួន១០នាក់ ក្នុងនោះស្រី៦នាក់ និងប្រុស៤នាក់ មកពី​ខេត្ត​កំពង់ចាម ដើម្បីមកលេងកម្សាន្តនៅក្នុងខេត្តកំពត។ ហើយកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ភ្ញៀវ​ទាំងអស់បានសម្រាកនៅក្រុងកំពតមួយយប់រួចហើយ ដោយព្រឹកនេះចេញដំណើរ ទៅ លេងកម្សាន្តនៅរមណី​ដ្ឋានភ្នំបូកគោ ខណៈទើបចេញដំណើរមកដល់ចំណុចខាងលើ ក៏ជួបហេតុការដ៏អាក្រក់នេះតែម្តង។ម្ចាស់រថយន្តខាងលើបានឱ្យដឹងបន្តថា រថយន្តរបស់លោកមិនដែលមានបញ្ហាអ្វីសោះនាពេលកន្លងមក ប៉ុន្តែមិន​ដឹង​ជាចៃដន្យអី ពេលនេះ មកជួបបញ្ហាបែបនេះទៅវិញ។ ប៉ុន្តែក្នុងហេតុការណ៍អគ្គិភយ័ឆាបឆេះនេះ មិនបណ្តាល​ឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើរណាម្នាក់ទេ គ្រាន់តែខូចខាតសម្ភារៈប្រើប្រាស់ ដូចជា ខោអាវ គ្រឿង​ឧបភោគបរិភោគមួយចំនួន ដូចជា ចង្ក្រានហ្គាស្បកំប៉ុងហ្គាសឆេះអស់គ្មានសល់ និងអ្នក ជិះម្នាក់ៗយកបាន​តែ​កា​បូបលុយស្ពាយជាប់តាមខ្លួនតែប៉ុណ្ណោះ។

កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ពេលហេតុការណ៍កើត​ឡើង កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាល បានរាយការណ៍មកកម្លាំងរថយន្តពន្លត់អគ្គិភ័យស្នងការខេត្តចំនួន២គ្រឿង ចេញមកអន្តរាគមន៍ពន្លត់ភ្លាមៗ ប៉ុន្តែជាអកុសល រថយន្ត រងគ្រោះខាងលើ ត្រូវអណ្តាតភ្លើងឆាបឆេះតែមួយ​ប៉ប្រិចភ្នែកឆេះនៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។ ហើយបើតាមការពិនិត្យឃើញជាក់ស្តែង អីវ៉ាន់របស់អ្នក​ដំ​ណើរ​ដែលដាក់ក្នុងរថយន្ត សុទ្ធតែជាសម្ភារៈងាយឆាបឆេះមានដូចជា កំប៉ុងហ្គាសជាដើម។

សមត្ថកិច្ចបន្តថា រថយន្តរងគ្រោះខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ខេត្ត ស្ទូចមករក្សាទុកនៅប៉ុស្តិ៍​រដ្ឋបាល ទុកឱ្យម្ចាស់ យកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES