ភ្នំពេញ ៖ តារាសម្តែងជើងចាស់លោក យុត្ថារ៉ា ឆានី បានបើករថយន្ត ១គ្រឿង តាមដងផ្លូវ និងបានប៉ះពារជាមួយ នឹងរថយន្ត ១គ្រឿងទៀត នៅម្តុំក្បែរស្តុបចមម្ការមន បង្កជាការប្រកែកពាក្យសម្តីនឹងគ្នាបន្តិចបន្តួចមុននឹងស្រុះ ស្រួលគ្នាយករថយន្តទៅជួសជុលរៀងខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុបចម្ការមន ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។យោងតាមប្រភពព័ត៌មានពីភាគីខាងតារាសម្តែងជើងចាស់ លោកយុត្ថារ៉ា ឆានី បានឱ្យដឹងថានៅមុនពេលកើត ហេតុ លោកបានបើកបររថយន្តម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-6316 ធ្វើដំណើរតាមបណ្តោ យមហាវិថីព្រះនរោត្តម ទិសដៅពីជើង ទៅត្បូង លុះពេលមកឈប់ត្រង់ចំណុចស្តុបចម្ការមន ក្នុងគោលបំណង បត់ស្តាំ ដោយស៊ីញ៉ូរង់ចាំស្តុបលោតមកភ្លើងខៀវ។

លោកយុត្ថារ៉ា ឆានី បន្តថា លុះបន្តិចក្រោយមក ស្រាប់តែមានរថយន្តសេរីទំនើប មួយគ្រឿងម៉ាក Ford Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX-6878 បើកបរក្នុងទិសដៅស្របទិសគ្នា ហើយក៏បានធ្វើសកម្មភាព បត់ទៅស្តាំដំណាលគ្នា បណ្តាលឱ្យប៉ះជាមួយរថយន្តរបស់លោក នៅក្បែរស្តុប ធ្វើឱ្យមានស្នាមខូចខាតតែម្តង។បន្ទាប់មក ភាគីទាំងសងខាងបានចុះពីលើរថយន្ត ហើយក៏ប្រកែកគ្នាយកខុសត្រូវរៀងៗខ្លួន ដោយភាគីខាង តារាសម្តែង ថាខ្លួនបានបត់មុន និងបានស៊ីញ៉ូត្រឹមត្រូវ តែត្រូវរថយន្តមួយគ្រឿងទៀត បើកមកប៉ះ។ ចំណែក ភាគីម្ខាងទៀត បានប្រកែកថា “ខ្លួនបើកបរត្រឹមត្រូវ”។

ក្រោយពេលកើតហេតុ ដោយមិនចង់វែងឆ្ងាយ ភាគីទាំងសងខាង បានសម្រេចបញ្ចប់រឿងដោយចែកផ្លូវគ្នា រួចយករថយន្តទៅជួសជុលរៀងៗខ្លួនតែម្តង៕
