ប៉ៃលិន ៖ ស្ត្រីម្នាក់ បានពឹងពាក់គ្រូទាយស្រីម្នាក់ ឱ្យទស្សន៍ទាយពីជោគជាតារាសីកូនប្រុសរបស់ខ្លួន ស្រាប់ តែគ្រូទាយជើងល្អ ប្រើល្បិចបំភ័យថា កូនប្រុសនឹងជួបគ្រោះធំ ត្រូវឡានបុក ចាំបាច់ត្រូវចម្លងគ្រោះ រំដោះព្រ លឹងមកវិញ ដោយបានទារប្រាក់ជាបន្តបន្ទាប់ សរុបជាង ១០លានរៀល ចំណែកស្ត្រីរងគ្រោះ ហេតុតែភ័យ ខ្លាចកូនស្រីជួបគ្រោះ ខ្វះការគិតពិចារណាផង ក៏ចេះតែប្រគល់ប្រាក់ឱ្យគ្រូជើងល្អរូបនោះ ជាបន្តបន្ទាប់លុះ ក្រោយពេលភ្ញាក់ខ្លួន ដឹងថាចាញ់បោកគ្រូស្រីនោះ ក៏ប្តឹសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនគ្រូស្រី មកសាកសួរ និងចាត់ការតាមច្បាប់។
ករណីឆបោកនេះ បានកើតឡើង តាំងពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ផ្ទះស្ត្រីរង គ្រោះ ស្ថិតក្នុងភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ រហូតមកដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួនស្ត្រីសង្ស័យជាគ្រូទាយនោះ នាំយកមកសាកសួរ។
ស្ត្រីរងគ្រោះដែលចាញ់បោកល្បិចគ្រូទាយស្រី អស់ប្រាក់ជាង ១០លានរៀលនោះ មានឈ្មោះលីម គឹមលាភ អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ចំណែកស្ត្រីសង្ស័យ ជាគ្រូបោក មានឈ្មោះខែម ភា ភេទស្រី អាយុ៥០ឆ្នាំ មុខរបរ គ្រូទាយ មានលំនៅ ភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ឪពុកម្តាយស្ត្រីរងគ្រោះ បានស្គាល់គ្រូទាយ ស្រីឈ្មោះ ខែម ភា តាមរយៈមិត្តភក្តិរបស់ពួកគាត់ នៅឯស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ លុះមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះឈ្មោះលីម គឹមលាភ និងឪពុកម្តាយ បានទូរស័ព្ទទៅស្ត្រីជនសង្ស័យជាគ្រូ ទាយខាងលើ ឱ្យមកមើលជោគជតារាសីក្នុងផ្ទះរបស់ខ្លួន។
លុះមកដល់វេលាម៉ោង ១រសៀល ថ្ងៃដដែល ស្ត្រីគ្រូទាយខាងលើ មកដល់តាមការណាត់ជួប រួចរៀបចំពីធី ទស្សន៍ទាយជោគជតារាសី។ ក្រោយពិធីចប់ ឪពុកម្តាយស្ត្រីរងគ្រោះ បានជូនប្រាក់ទ្រនឹប ៦២ម៉ឺនរៀលទៅ ឱ្យស្ត្រីសង្ស័យ ជាទ្រនឹបថ្លៃការទាយមើលរាសី។ តែក្រោយមក ស្ត្រីរងគ្រោះ បានឱ្យស្ត្រីសង្ស័យបន្តគន់គូរ មើលរាសី និងរំដោះគ្រោះចង្រៃកូននាងម្នាក់ទៀតដែលមានឈ្មោះម៉ៅ ទិត្យសុវណ្ណ ស្រាប់តែស្ត្រីគ្រូទាយ ជាជនសង្ស័យ ទារប្រាក់ទ្រនឹប ចំនួន២លាន ២៧ម៉ឺនរៀល។ គ្រាន់តែទទួលលុយរួច ស្ត្រីគ្រូទាយ បានទាយថា កូនស្ត្រីរងគ្រោះ នឹងជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវឡានបុក គឺជាគ្រោះធំទៀតផង។
ប្រភពដដែល បន្តថា បន្ទាប់មក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ស្ត្រីសង្ស័យជាគ្រូទាយ បានជិះម៉ូតូមកផ្ទះជន រងគ្រោះម្តងទៀត។ ពេលមកដល់ ជនសង្ស័យប្រាប់ថា “កូននាងនឹងត្រូវអស់ជីវិត ដូច្នេះលុយប៉ុណ្ណឹង រំដោះ គ្រោះមិនគ្រប់ទេ ត្រូវថែម ៤លាន ៩០ម៉ឺនរៀលទៀត ទើបអាចរំដោះគ្រោះចង្រៃចេញបាន”។ ភ្លាមៗនោះស្ត្រីរង គ្រោះក៏ដឹកស្ត្រីគ្រូទាយ ជាជនសង្ស័យទៅប្តូរលុយនៅក្នុងផ្សារប៉ាហ៊ី ដោយប្តូរពីលុយដុល្លារ ទៅជាលុយខ្មែរ ឱ្យជនសង្ស័យ ហើយប្រគល់លុយនៅក្នុងផ្សារតែម្តង។
រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ជនសង្ស័យជាគ្រូទាយនេះ បានទូរស័ព្ទទៅនាងម្តងទៀតដោយនិយាយ ថា “ប្អូនឯងត្រូវជួយចម្លងព្រលឹងកូនរបស់ខ្លួន ឱ្យមកផ្ទះវិញ”។ ហើយជនសង្ស័យបានទារប្រាក់ ៦លាន ១០ម៉ឺន រៀលទៀត ទើបចម្លងកូនផុតពីស្ពានមរណៈបាន។ បន្ទាប់មក ជនរងគ្រោះបានវេរប្រាក់តាមវីងឱ្យស្ត្រីសង្ស័យ ទៀត។
ប្រភពដដែល បញ្ជាក់ថា លុះដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ស្ត្រីសង្ស័យ បានទូរស័ព្ទទៅស្ត្រីជនរងគ្រោះម្តង ទៀត រួចនិយាយថា “វិញ្ញាណកូនប្រុសនាង នឹងមានគ្រោះវង្វេងផ្ទះហើយ រកផ្លូវមកផ្ទះមិនឃើញទេ” ដោយស្ត្រី សង្ស័យ ឱ្យជនរងគ្រោះវេរប្រាក់ឱ្យបន្តទៀត តែជនរងគ្រោះមិនបានវេរឱ្យនោះទេ ព្រោះគិតឃើញថា ស្ត្រីខាង លើបោកប្រាស់ខ្លួនហើយ។
ប្រភពដដែល បញ្ជាក់ទៀតថា គ្រាន់តែភ្ញាក់ដឹងខ្លួនភ្លាម កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះសាង សុខា ត្រូវជាប្អូនថ្លៃស្ត្រីរងគ្រោះ បានទូរស័ព្ទហៅជនសង្ស័យ មកមើលរាសីឱ្យខ្លួនម្តង ដោយណាត់ជួបគ្នានៅម៉ោង ១រសៀល។ នៅពេលស្ត្រីជនសង្ស័យមកដល់ផ្ទះស្ត្រីរង គ្រោះភ្លាម ដោយគិតថា ជាគ្រូទាយបោកប្រាស់ ទើបស្ត្រី រងគ្រោះ បានទារប្រាក់មកវិញ តែជនសង្ស័យឆ្លើយថា “គាត់មិនមានប្រាក់ឱ្យទេ យកទៅចាយអស់រលីងហើយ”។
ទោះបីជាយ៉ាងណា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ សំណូមពរឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីដោយ ឃាត់ខ្លួនស្ត្រីជនសង្ស័យខាងលើ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធី៕