ភ្នំពេញ៖តារាចម្រៀងលោកសាន ផានិត ត្រូវបានគេផ្ដល់រហ្ស័សនាមថាជា”ឧកញ៉ាក្បាលគីប” ព្រោះតែលោកមានជំនាញលក់ស្បែកជើងក្បាលគីប ដែលពេលនេះមានហាងដល់ទៅ២ទីតាំងផ្សេងគ្នា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ប៉ុន្ដែនៅពេលសួរថាតើលោកផានិត ចង់ធ្វើជាឧកញ៉ាដែលមានគោរម្យងារពិតប្រាកដដូចលោកឧកញ៉ាព្រាប សុវត្ថិ និងខែម ប៊ុនថៃ ជាដើមដែរឬអត់នោះម្ចាស់បទ”ទូរស័ព្ទប្រាប់ផង”រូបនេះឆ្លើយយ៉ាងខ្លីថា”អត់”។យ៉ាងណាសាន ផានិត មិនប្រាប់ពីហេតុផលនៃការមិនប៉ងធ្វើជាឧកញ៉ាមែនទែននោះទេ តែលោកថាបើដូចឧកញ៉ាល្បីៗជំនាន់មុនមានឧកញ៉ាទេព ផន ជាដើមត្រូវបានគេដាក់ជាប់ឈ្មោះផ្លូវរហូតមកដល់ពេលបច្ចុប្បន្ននេះលោក”ចង់”។តែលោកថាបើដូចឧកញ៉ាមួយចំនួនសព្វថ្ងៃនេះលោកអត់ប្រាថ្នាចង់បានងារមួយនេះឡើយ ម្យាងលោកក៍គ្មានលទ្ធភាពលុយ(ដែរ)។
គូរបញ្ជាក់ថាគិតមកដល់ឆ្នាំ២០២៣ នេះតារាដល់ទៅ៤ដួងមកហើយដែលបានឡើងជាឧកញ៉ានោះគឺមានលោកទុំ សារុត ហៅឧកញ៉ាឃ្លោគ ,លាន អាហ្វ្រីលគីនីន ,ព្រាប សុវត្ថិ និងខែម ប៊ុនថៃ (ខេមរៈ សិរីមន្ដ)។ដើម្បីទទួលបានងារជា”ឧកញ៉ា”គឺបុគ្គលទាំងឡាយត្រូវមានទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារឧបត្ថម្ភជូនទៅរដ្ឋ ហេតុនេះបើលោកសាន ផានិត ចង់ធ្វើឧកញ៉ាមែនទែនគឺត្រូវត្រៀមទឹកប្រាក់ដល់ទៅកន្លះលានដុល្លារឯណ្ណោះ ដែលពេលនោះគេនឹងលែងហៅឈ្មោះខ្យល់ទៅលោកថាជា”ឧកញ៉ាក្បាលគីប”តែនឹងហៅថា”ឧកញ៉ាសាន ផានិត”វិញម្ដង។ ប៉ុន្ដែយ៉ាងណាលោកសាន ផានិត ថាសុខចិត្តឲ្យគេហៅថា”ឧកញ៉ាក្បាលគីប”ជាជាងបានងារជាឧកញ៉ាមែនទែនដូចឧកញ៉ាខ្លះនាពេលសព្វថ្ងៃដែលលោកយល់ថាមិនសាកសមនិងគោរមងារមួយនេះ។
លោកសាន ផានិត រំលឹកដែរថាកាលពីចុងខែកក្កដា ឆ្នាំ២០២២ នៅពេលដែលរូបលោកមានជំងឺត្រូវវះកាត់គ្រលៀននៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី)នោះលោកក៍ធ្លាប់ឭតាមឧកញ៉ាហេង ឡុង ថាឧកញ៉ាព្រាប សុវត្ថិ ចង់ជួយឧបត្ថម្ភលោកនូវទឹកប្រាក់ចំនួន២លានរៀល(៥០០ដុល្លារ) តែពេលនោះលោកមិនទទួលទេ ព្រោះគិតថាខ្លួនឯងនៅមានលទ្ធភាពដែរ។លោកផានិត ថាមូលហេតុដែលលោកពិបាកទទួលជំនួយពីគេព្រោះតែលោកមិនទាន់រៀបចំខ្លួនសរសេរសារអរគុណដល់សប្បុរសជន គឺអត់ដែលមានទម្លាប់បែបនេះពីមុនឡើយ។ប៉ុន្ដែលោកថានៅពេលដែលលោកបានដាក់ចិត្តកាយថានឹងទទួលអំណោយហើយនោះនឹងរៀបចំពាក្យពេជ្រន៍ទាំងឡាយដើម្បីសរសេរថ្លែងអំណរគុណសប្បុរសជននៅលើហ្វេសបុកដូចគេដែរជាមិនខាន។
គូរបញ្ជាក់ថាលោកសាន ផានិត មិនទាន់មានផលិតកម្មថ្មីឈជើងនោះទេនារយៈពេលចុងក្រោយនេះ ស្របពេលដែលលោកច្រៀងនៅហាងច្រើនតែលើកយកបទចម្រៀង២បទគឺ”ទូរស័ព្ទប្រាប់ផង”និង”ជាប់រវល់”ទៅច្រៀងជាប្រចាំ។លោកថាក្រោយវះកាត់គ្រលៀនរួចជិត១ឆ្នាំនេះសុខភាពលោកបានល្អប្រសើរដូចមុនឡើងវិញ ប្រើសម្លេងបានធម្មតា តែពេទ្យហាមផឹកស្រា។ គេកត់សម្គាល់ថាថ្វីត្បិតតែលោកសាន ផានិត មិនចង់បានងារជាឧកញ៉ាមែនទែន ហើយមិនប្រាប់ពីមូលហេតុឲ្យពិតប្រាកដក្ដី ប៉ុន្ដែមុននេះគេឃើញឧកញ៉ាខ្លះត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់គុកជាបន្ដបន្ទាប់និងខ្លះកំពុងរត់ការក្នុងរឿងវិវាទរំលោភសេចក្ដីទុកចិត្តដល់ពលរដ្ឋតាមរយៈការទិញលក់ដីធ្លីនិងរូបភាពផ្សេងៗទាក់ទងវិស័យអចលនវត្ថុក្នុងនោះមានឧកញ៉ាជា សារ៉ន ,នួន អក ជាដើម ខណៈដែលលោកឧកញ៉ាដេវីដ ឆាយណាវ៉ា មានព័តមានថាលោកជួយដោះស្រាយរឿងជម្លោះដីធ្លីពលរដ្ឋនៅខេត្តព្រះសីហនុក៍ត្រូវអាជ្ញាធរចាប់ដាក់គុកដែរ។ដោយឡែកសម្រាប់សិល្បករ៤រូបដែលបានក្លាយទៅជាឧកញ៉ានោះមិនទាន់មានរឿងអាស្រូវណាមួយទេ តែលោកផានិត បានទម្លាយមុននេះថាសិស្សប្អូនខេមរៈ សិរីមន្ដ មានការប្រែប្រួលច្រើនចំពោះរូបលោកដែលធ្លាប់ច្រៀងនៅU2 ជាមួយគ្នាតាំងពីលោកប៊ុន ថៃ ឡើងជាឧកញ៉ាមក។
ចំណែកអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដែលជាថៅកែGalaxy នោះក៍ធ្លាប់ត្រូវបានពលរដ្ឋរិះគន់ស្ទើទូទាំងនគរតែម្ដងក្រោយលោកយកគ្រឿងចក្រទៅឈូសឆាយ ដីព្រៃឈើនៅភ្នំតម៉ៅជាង៥០០ហិកតា ឲ្យរាបស្មើដល់ដីកាលពីខែសីហា ឆ្នាំ២០២២ ។ប្រភពបានឲ្យដឹងថាដោយសារតែមានឧកញ៉ាខ្លះសាងកេរ្តិ៍ឈ្មោះមិនល្អ ធ្វើឲ្យពលរដ្ឋរងទឹកភ្នែក និងត្រូវប្រជាជនដាក់បណ្ដារសារបែបនោះហើយ ទើបធ្វើលោកសាន ផានិត មិនស្រម៉ៃចង់បានងារជាឧកញ៉ានាពេលនេះ តែខ្លះថាការទទួលបានងារពិសេសមួយនេះលោកផានិត ត្រូវចំណាយដល់ទៅ៥០ម៉ឺនដុល្លារនោះហើយទើបជាឧបស័ក្កធំសម្រាប់លោក ស្របពេលមានព័តមានថាមានតារា២ដួងទៀតក៍កំពុងត្រៀមខ្លួនឡើងជាឧកញ៉ាដែរនោះគឺនាយពែកម៉ី និងនាយចឺម ៕