ព្រៃវែង ៖ បុរសម្នាក់ ទើបបានទៅចូលរួមពិធីមង្គលការមួយ ដោយបានផឹកស្រាស្រវឹងជោក លុះចេញមកវិញ បើករថយន្ត ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលបុកពីក្រោយរថយន្ត ១គ្រឿង ធ្វើឱ្យបុកទម្លុះចូលរោងការ មួយកន្លែង ដែលសាងសង់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យមនុស្សចំនួន៧នាក់ បានរងរបួស ចំណែកភ្ញៀវរត់ គេចទាំងព្រលឹងចុងសក់ រីឯរថយន្តបង្កហេតុ បានជ្រុលបុករះរថយន្តភ្ញៀវ បណ្តាលឱ្យខូចខាត ៦គ្រឿងទៀត។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិស្គរដាច សង្កាត់តាកោ ក្រុងព្រៃវែង។
រថយន្តបង្កហេតុ ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-7787 ចំណែកម្ចាស់រថយន្ត មិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយ។
លោកនុត ប៊ុនឌឿន អធិការនគរបាលក្រុងព្រៃវែង បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ម្ចាស់រថយន្តបង្ក ហេតុ បានទៅចូលរួមក្នុងពិធីមង្គលការកូនរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ហើយពេលចេញ មកវិញ បានបើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត ទំនងជាស្រវឹងខ្លាំង ពេលមកដល់ចំណុច កើតហេតុ រថយន្តខាងលើ បានបុកគូទរថយន្តកាមរីបាឡែន ១គ្រឿង ដែលកំពុងបើកបរនៅពីមុខ ក្នុងទិសដៅ ស្របគ្នា បណ្តាលឱ្យរថយន្តបាឡែន រេកន្ទុយបោកចូលទៅក្នុងរោងការ ដែលនៅខាងឆ្វេងដៃ លើចិញ្ចើមថ្នល់ បុកបាក់រោងការ និងប៉ះត្រូវភ្ញៀវដែលកំពុងអង្គុយហូបការ របួសធ្ងន់-ស្រាល ចំនួន៧នាក់។ ដោយឡែករថយន្ត បង្កហេតុ ម៉ាក Ford Ranger ក្រោយពីបុកគូទរថយន្តបាឡែនហើយ បានបន្តទៅបុករះរថយន្ត ៦គ្រឿងទៀត ដែលម្ចាស់គេចតនៅចិញ្ចើមថ្នល់ខាងឆ្វេងដៃ (រថយន្តភ្ញៀវមកហូបការ) ទើបកល់ជាប់ ទៅមុខលែងរួច។
ចំណែកប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា ក្រោយពីបើកបុករះរថយន្តជាច្រើនគ្រឿងរួចម្ចាស់ រថយន្តបង្កហេតុ ត្រូវបានភ្ញៀវក្នុងរោងការ និងពលរដ្ឋដែលផ្អើលចេញមកមើល ស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទើបកម្លាំងសមត្ថកិច្ចមកដល់ ជួយអន្តរាគមន៍ នាំយកជនរងគ្រោះទៅមន្ទីរពេទ្យ និងជួយសម្រួលចរាចរណ៍កុំឲ្យកកស្ទះ។
លោកអធិការក្រុងព្រៃវែង បានបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះទាំង៧នាក់ខាងលើ កំពុងសមម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្ត។ ដោយឡែកជនបង្កហេតុ ត្រូវបានគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។ រីឯរថ យន្តដែលរងការខូចខាតទាំង ៨គ្រឿង សមត្ថកិច្ចបានអូសយកទៅរក្សាទុក ចំនួន៥គ្រឿង ចំណែក៣គ្រឿងទៀត ដែលខូចខាតស្រាល ត្រូវបានម្ចាស់សុំយកទៅជួសជុលខ្លួនឯង ដោយមិនទាមទារសំណងនោះទេ៕