ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាល ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានចាប់ខ្លួននិងបញ្ជូនជនជាតិវៀតណាម ប្រុសស្រី ចំនួន៦នាក់ ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចាប់បង្ខាំងធ្វើទារុណកម្ម និងជម្រិតទារប្រាក់ ពីជនរងគ្រោះ ដែលជាជនជាតិវៀតណាមដូចគ្នា។
ជនសង្ស័យទាំង៦នាក់ រួមមាន ទី១-ឈ្មោះ LE MING HAU ភេទប្រុស អាយុ២៦ឆ្នាំ។ ទី២-ឈ្មោះ TRAN VAN CONG ភេទប្រុស អាយុ៤១ឆ្នាំ។ ទី៣-ឈ្មោះ NGUYEN VAN SANG ភេទប្រុស អាយុ៤៣ឆ្នាំ។ ទី៤-ឈ្មោះ DO LUONG TRUNG ភេទប្រុស អាយុ២៥ឆ្នាំ។ ទី៥-ឈ្មោះ NGUYEN VAN DUNG ភេទប្រុស អាយុ៤០ឆ្នាំ និង ទី៦-ឈ្មោះ THANH THUY ភេទស្រី អាយុ៤១ឆ្នាំ។ ជនសង្ស័យទាំង៦នាក់ សុទ្ធសឹងជាជនជាតិវៀតណាម។
តាមប្រភពពីសមត្ថកិច្ច បានបង្ហើបឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យជាក្រុមចាប់ជំរិតខាងលើ គឺធ្វើឡើងតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ TRUONG VANCAN ភេទប្រុស ជាជនជាតិវៀតណាម បានប្តឹងចោទប្រ កាន់ជនសង្ស័យទាំង៦នាក់ ពីបទបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរ បាលព្រហ្មទណ្ឌ បានបញ្ជាទៅលោកវរសេនីយ៍ឯក ឡេង ហួរ ប្រធានការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិត ស្រាល ដឹកនាំកម្លាំងបើកការស៊ើបអង្កេត និងស្រាវ ជ្រាវ រយៈពេល២ថ្ងៃក្រោយមក ទើបឈាន ដល់ការចាប់ ខ្លួនជនសង្ស័យទាំង៦នាក់នោះ។ បន្ទាប់ពីចាប់ខ្លួន យោងតាមពាក្យបណ្តឹង និងចម្លើយជនសង្ស័យ ទាំងអស់ គឺស៊ីសង្វាក់ពាក់ព័ន្ធទៅនឹងបទល្មើស បន្ទាប់មក សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង អស់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕