ក្រចេះ ៖ ភ្លៀងមួយមេធំ លាយឡំទៅដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះផងនោះ បានធ្លាក់គ្របដណ្តប់ ទៅលើ ស្រុកចំនួន២ នៃខេត្តក្រចេះ គឺស្រុកចិត្របុរី និងស្រុកអូរគ្រៀងសែនជ័យ ជាមួយនេះ ក៏កើតមានបាតុភូត រន្ទះបាញ់ បណ្តាលឱ្យមនុស្សម្នាក់ បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែក៦នាក់ផ្សេងទៀត បានរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល។

បាតុភូតគ្រោះធម្មជាតិ រន្ទះបាញ់មនុស្ស បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួស៦នាក់ ខាងលើនេះ បានកើតឡើង ក្នុងថ្ងៃតែមួយ កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិសាស្ត្រស្រុកចិត្របុរី និងស្រុកអូរ គ្រៀងសែនជ័យ ខេត្តក្រចេះ។
តាមប្រភពពីសមត្ថកិច្ចស្រុកចិត្របុរី បានឱ្យដឹងថា ករណីឧបទ្ទវហេតុ រន្ទះបាញ់បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ បានកើតឡើង នៅចំណុច ច្រប់ ភូមិវាលសំបូរ ឃុំថ្មី ស្រុកចិត្របុរី។
ជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ខាងលើ មានឈ្មោះអង់ ខ្លេះទិត្យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី តែបច្ចុប្បន្នមកស្នាក់នៅ និងធ្វើចម្ការ នៅចំណុចច្រប់ ភូមិវាល សំបូរ ឃុំថ្មី ស្រុកចិត្របុរី។

ប្រភពពីសមត្ថកិច្ច បានបន្តថា នៅមុនពេលកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងនៅក្នុងចម្ការរបស់ខ្លួន ស្រាប់តែមានភ្លៀងមួយមេធំ លាយឡំដោយផ្គររន្ទះទៀតផង លុះបន្តិចក្រោយមក ក៏កើតមានបាតុភូតគ្រោះ ធម្មជាតិរន្ទះបាញ់ ចំជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង យ៉ាងអាណោចអាធ័មតែម្តង។
ដោយឡែក យោងតាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន ស្រុកចិត្របុរី និងស្រុកអូរគ្រៀងសែនជ័យ ក៏បាន បញ្ផាក់ឱ្យដឹងផងដែរថា នៅក្នុងថ្ងៃជាមួយគ្នានេះ ក៏មានករណីរន្ទះបាញ់ បណ្តាលឱ្យមនុស្សចំនួន៦នាក់ ផ្សេងទៀតរងរបួសផងដែរ ប៉ុន្តែមិនបានប៉ះពាល់ដល់អាយុជីវិត នោះទេ ដោយសារបានក្រុមគ្រួសារ ដឹក បញ្ជូនទៅកាន់មន្ទីរ ពេទ្យសង្គ្រោះទាន់ពេល។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕