Wednesday, October 30, 2024
Homeសន្ដិសុខសង្គមអ្នកដឹកទំនិញផ្ទុះការតវ៉ា គយដំឡើងថ្លៃពន្ធក្បាលឡាន

អ្នកដឹកទំនិញផ្ទុះការតវ៉ា គយដំឡើងថ្លៃពន្ធក្បាលឡាន

ឧត្តរមានជ័យ ៖ ក្រុមអាជីវករ រកស៊ីដឹកទំនិញគ្រឿងចាប់ហួយគ្រប់ប្រភេទ ពីប្រទេសថៃដឹកតាមច្រកអន្តរជាតិ ជាំសាង៉ាំ ប្រមាណ ៥០នាក់ បានលើកគ្នាមកតវ៉ារឿងប្រធានទីស្នាក់គយនិងរដ្ឋាករ ច្រកជាំសាង៉ាំ ឡើងថ្លៃលើការ បង់ពន្ធក្បាលឡាន ដែលការតវ៉ានេះ បានកើត ឡើងកាលពីអំឡុងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច មាត់ច្រកព្រំដែនអន្តរជាតិជាំសាង៉ាំ ភូមិជាំ ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង។

លោករ៉ែម ផលឡាវី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ជាំសាង៉ាំ បានប្រាប់ឱ្យដឹងកាល ពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ថាចំពោះករណីបងប្អូនអាជីវកររកស៊ីដឹកទំនិញ នាំគ្នាមកតវ៉ានៅច្រក ជាំសាង៉ាំ គឺពិតជាមានពិតប្រាកដមែន ហើយការតវ៉ារវាង គយ និងបងប្អូនអាជីវកដឹកទំនិញនេះ បានកើត ឡើងតាំងពីអំឡុងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ ខាងគយបានហៅក្រុមអាជីវករទាំងអស់នោះ ជួបគ្នាម្តងដែរ ចំណែកការតវ៉ាលើកទី២នេះ គឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ម្តងទៀត។ ដោយឡែករឿង ដំឡើងថ្លៃពន្ធបង់ក្បាលឡាននោះ លោកពុំអាចបញ្ជាក់ឱ្យដឹងបានទេ បើចង់ដឹងច្បាស់ សួរទៅខាងប្រធាន ទីស្នាក់ការគយនិងរដ្ឋាករ ប្រចាំនៅច្រកជាំសាង៉ាំ តែម្តងទៅ ក្នុងនាមលោកជាប្រធានច្រកបានត្រឹមតែ សម្រប សម្រួល និងធ្វើរបាយការណ៍ជូនទៅលោកអភិបាលខេត្ត តែប៉ុណ្ណោះ។

ដោយឡែក តាមប្រភពពីអាជីវកររកស៊ីដឹកទំនិញម្នាក់ ក្នុងចំណោម ៤០ ទៅ៥០នាក់ ដោយសុំមិនបញ្ចេញអត្ត សញ្ញាណ បានឱ្យដឹង កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ថា ការដែលគាត់រកស៊ីដឹកទំនិញ ចេញ ចូល តាមច្រកជាំសាង៉ាំនេះ ដឹកតាមឡានសាំងយ៉ុង ឡាននីសាន់ ឡានច្នៃ គឺមានរយៈពេល៥ទៅ៦ឆ្នាំមកហើយ មិនដែលខាងគយណាមកដំឡើងថ្លៃពន្ធបង់ក្បាលឡានដូចនេះទេ ទើបតែឆ្នាំ២០២៣ នេះ ខាងគយបានមកដំ ឡើងថ្លៃប្រាក់ពន្ធឡើងខ្ពស់ពេក ធ្វើឱ្យពួកគាត់ក្នុងចំណោមអ្នករកស៊ីដឹកទំនិញប្រហែលជា៤០ ទៅ៥០ឡាន មានការតវ៉ា មិនយល់ព្រមតាមការឡើងថ្លៃរបស់មេគយ ប្រចាំការនៅច្រកអន្តរជាតិ ជាំស្រង៉ាំ នេះ។

អាជីវករដដែល បានអះអាងថា ចំពោះការបង់ថ្លៃក្បាលឡាន ដែលពួកគាត់ដឹកទំនិញចេញពីស្រុកថៃ មកខ្មែរ តាមច្រកជាសាង៉ាំនេះ កាលពីមុនមកបង់ពន្ធថ្លៃក្បាលឡាន ឱ្យទៅខាងគយ ដែលគេតម្រូវឱ្យបង់ ១ជើង ត្រឹម ២៥ម៉ឺនរៀល ហើយយើងដឹក បង់រហូតដល់បាន៧ជើង ស្មើ ទៅនឹង ១លាន ៧៥ម៉ឺនរៀល ទើបខាងគយគេចេញ វិក្កយបត្រឱ្យ ១សន្លឹក ដាក់តាមឡាន។ ដោយឡែកកាលពីមានការផ្ទុះការតវ៉ាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅថ្មីនេះ គឺខាងគយច្រកជាំសាង៉ាំ គេបានហៅពួកគាត់មកប្រជុំគ្នាម្តងទៀត ហើយគយបាន បញ្ជាក់ថា ខាងថ្នាក់លើតម្រូវឱ្យពួកគាត់ដឹកជញ្ជូនទំនិញគ្រឿងចាប់ហួយចម្រុះនេះ គឺតម្រូវឱ្យបង់ ២លាន ២៥ម៉ឺនរៀល រួចចេញវិក្កយបត្រពន្ធឱ្យ លើសពីមុនច្រើនពេក ដូចនេះពួកគាត់សុំធ្វើការតវ៉ាស្នើសុំឱ្យអាជ្ញា ធរពាក់ព័ន្ធ ជួយសម្រួលឱ្យខាងគយនៅច្រកជាំសាង៉ាំ កុំយកពន្ធឡើងថ្លៃហួសហេតុពេក ហើយមួយទៀត ការដឹកជញ្ជូនចេញពីលើច្រកជាំសាង៉ាំ នេះ ពួកគាត់ត្រូវបង់គយចល័តខេត្ត និងគយចល័តក្រសួង ចំនួន២ កន្លែងផ្សេងទៀត។ ហេតុនេះពួកគាត់ជាអាជីវករ ក្នុងចំណោមអាជីវករទាំង៥០នាក់ សំណូមពរដល់ថ្នាក់លើ សូមឱ្យខាងគយ យកតម្លៃដូចដើមកាលពីមុន ក្នុង ១ក្បាលឡាន ១ជើង គឺ២៥ម៉ឺនរៀល ហើយក្នុង ៧ជើង ១លាន៧៥ម៉ឺនដដែលទៅបានហើយ។

ទាក់ទិនទៅនឹងការតវ៉ារបស់អាជីវកររកស៊ីដឹកទំនិញនេះដែរ អ្នកព័ត៌មានបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅ លោក ឆរ ណាក់ ប្រធានស្នាក់ការគយនិងរដ្ឋាករ ច្រកជាំសាង៉ាំ  ដើម្បីបកស្រាយដែរ តែលោកបានប្រាប់ថា “ជាប់រវល់” ហើយក៏បិទទូរស័ព្ទទៅ៕

RELATED ARTICLES