ភ្នំពេញ៖ បុរសម្នាក់ជាមនុស្សញៀនថ្នាំ តូចចិត្តប្រពន្ធមិនព្រមរស់នៅជាមួយ បានដាច់ចិត្តចងកសម្លាប់ខ្លួន បង្កអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅផ្ទះគឹមលាងលក់វាំងនន នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
បុរសចងកសម្លាប់ខ្លួន មានឈ្មោះ នឿន ប៉េងហ៊ត់ អាយុ៣៤ឆ្នាំ មុខរបរដេរវាំងនន ស្នាក់នៅផ្ទះលេខ១៤៧ ក្រុម៣ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានប្រពន្ធឈ្មោះ សុខ ជា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ មានកូនប្រុសម្នាក់ អាយុ៧ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បើតាមសម្តីម្តាយរបស់បុរសចងកសម្លាប់ខ្លួន បាននិយាយថា កូនប្រុសរបស់គាត់ជាមនុស្សញៀនថ្នាំ ហើយប្រមាណជា៧ខែកន្លងមកនេះ ដោយសារតែរស់នៅជាមួយប្រពន្ធមិនចុះសម្រុងនឹងគ្នា បានឈ្លោះទាស់ទែងគ្នា ហើយកូនប្រុសក៏បានរត់មករស់នៅជាមួយគាត់ ហើយបានទៅសុំរួមរស់ជាមួយប្រពន្ធវិញ តែប្រពន្ធមិនព្រម ព្រោះអីកូនប្រុសឧស្សាហ៍រករឿងវាយប្រពន្ធ និងជាមនុស្សញៀនថ្នាំ បានបំផ្លាញរបស់ទ្រព្យក្នុងផ្ទះជាច្រើនលើច្រើនសារមកហើយ សូម្បីទូរស័ព្ទ ទូរទស្សន៍របស់ប្រពន្ធ ក៏កូនប្រុសរបស់គាត់លួចយកទៅលក់អស់ដែរ។ មិនតែប៉ុណ្ណោះកូនប្រុសរបស់គាត់ដោយសារតែខឹងប្រពន្ធមិនព្រមរស់នៅជាមួយវិញបាន លេបថ្នាំសម្លាប់ខ្លួនម្តងមកហើយ តែបងប្អូនដឹងទាន់បានបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា។
ប្រភពដដែលបន្តទៀតថា មុនថ្ងៃកើតហេតុពីរបីថ្ងៃមុន កូនប្រុសរបស់គាត់តែងតែនិយាយថារូបគេបើមិនបានរួមរស់នៅជាមួយប្រពន្ធទេ គេនឹងសម្លាប់ខ្លួនហើយ លុះដល់ម៉ោងកើតហេតុខាងលើ រូបគាត់បានឡើងទៅលើដំបូលផ្ទះដើម្បីសារខោអាវទុក តែពេលឡើងទៅដល់រូបគាត់បានឃើញកូនរបស់គាត់យកខ្សែនីឡុងចងកជាប់នឹងចំរឹងដែក ដែលបណ្តុះទុក សង់ផ្ទះមួយល្វែងទៀត ពេលនោះរូបគាត់បានរត់ទៅឱបកូនប្រុស ហើយស្ទាបខ្លួនឃើញថាសាច់នៅក្តៅ ក្រែងមិនទាន់ស្លាប់ រូបគាត់បានស្រែកអោយកូនប្រសាប្រុសរបស់គាត់ អោយមកជួយកាត់ចំណងទម្លាក់មកក្រោម តែអកុសល កូនប្រុសរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលក៏បានផ្តល់ដំណឹងទៅអោយសមត្ថកិច្ចមូលដ្ឋានអោយចុះមកមើល លុះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចបានទំនាក់ទំនងទៅខាងជំនាញកោសល្យវិច័យអោយមកពិនិត្យរួចហើយ បានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម ៕