ភ្នំពេញ ៖ ស្ត្រីរូបស្រស់ជាបុគ្គលិកក្រុមហ៊ុនលក់ផ្ទះល្វែងម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ និង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីស៊ីដាច់លុយរបស់ក្រុមហ៊ុនលក់ផ្ទះល្វែង រាប់ម៉ឺន ដុល្លារ ក្រោមរូបភាពដាក់បន្លំ QR Code របស់ខ្លួន ពីលើ QR Code ទម្រង់ដើមរបស់ក្រុមហ៊ុន។បន្ទាប់ពីឃាត់ស្ត្រីឈ្មោះឌឿន ពេជ្ររ៉ា អាយុ៣១ឆ្នាំ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ កែវ សុម៉ាលី ហើយនោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីអំឡុងខែតុលា ឆ្នាំ២០២១ ជនសង្ស័យបាន ចូលបម្រើការជាបុគ្គលិកផ្នែកលក់ នៅក្នុងក្រុមហ៊ុន បុរីដាយមិនហូម។ ដោយមានការជឿទុកចិត្ត ជនរងគ្រោះ បានប្រគល់ការងារលក់ផ្ទះ ចំនួន២ទីតាំង មានប្រមាណ ជាជាង៧០០ផ្ទះ ក្នុងតម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ ទៅ ដល់ជាង ១០ម៉ឺនដុល្លារ ឱ្យទៅជនសង្ស័យជាអ្នកគ្រប់គ្រង និងលក់ផ្ទាល់ជាមួយអតិថិជន។ក្រោយពីលក់ផ្ទះអស់ជាច្រើន ជនសង្ស័យឈ្មោះឌឿន ពេជ្ររ៉ា បែរជាប្រមូលលុយពីអតិថិជនអស់ ដោយមិន បានប្រគល់ប្រាក់ជូនជនរងគ្រោះឡើយ ថែមទាំងអនុញ្ញាតឱ្យម្ចាស់ផ្ទះ ៥គ្រួសារ ចូលនៅក្នុងបុរី ដោយពុំមាន ការដឹងឮពីម្ចាស់បុរីទៀតផង។
ក្រោមរូបភាពនៃការប្រមូលលុយពីអតិថិជនដែលបានបង់លុយចូលមកក្រុមហ៊ុន ដោយស្ត្រីរូបនេះ បានធ្វើវិក្កយ បត្រឯកសារក្លែង និងដាក់ QR Code របស់ខ្លួន លើទម្រង់ឯកសារដើមរបស់ក្រមហ៊ុន លើឯកសារក្លែង ទើបបន្លំ លួចលុយក្រុមហ៊ុន អស់រាប់សិបម៉ឺនដុល្លារបាន។ ដោយសារតែទង្វើរបស់ជនសង្ស័យនេះ បានធ្វើឱ្យខូចប្រយោ ជន៍របស់ជនរងគ្រោះធ្ងន់ធ្ងរ ទើបជនរងគ្រោះ សម្រេចដាក់ពាក្យប្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និង ឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យខាងលើតែម្តង៕