Monday, December 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេង៣នាក់ ទម្លាយរឿងគេចាប់ពង្រាត់ ផ្អើលប្រមាត់ ប្រមង់ចាប់ក្មេង វះយកគ្រឿងក្នុង

ក្មេង៣នាក់ ទម្លាយរឿងគេចាប់ពង្រាត់ ផ្អើលប្រមាត់ ប្រមង់ចាប់ក្មេង វះយកគ្រឿងក្នុង

បាត់ដំបង ៖ ក្មេងប្រុសស្រីតូចៗ ចំនួន២នាក់ បានអះអាងថា ត្រូវបានស្ត្រីមិនស្គាល់មុខម្នាក់បានលួងលោម នាំពួកគេចេញពីភូមិ ដោយដឹកតាមម៉ូតូ ចេញពីខេត្តបាត់ដំបង រហូតដល់ទឹកដីខេត្តពោធិ៍សាត់ ទើបពួកគេ បានស្រែកហៅគេឯងឱ្យជួយ ធ្វើឱ្យស្ត្រីសង្ស័យនោះភ័យ ក៏ទម្លាក់ពួកគេចោល រួចជិះម៉ូតូរត់គេចបាត់។ ករណីនេះ នាំឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជាឪពុកម្តាយ អាណាព្យាបាល មានការបារម្ភពី សុវត្ថិភាព កូនតូចៗរបស់ពួកគាត់ ព្រោះកន្លងទៅ ធ្លាប់លេចឮព័ត៌មានចចាមអារ៉ាមថា មានប្រមាត់ប្រមង់ ចាប់ក្មេងយក ទៅលក់ ឬវះយកគ្រឿងក្នុង ឬសរីរាង្គ លក់ក្នុងទីផ្សារងងឹត។

គួរបញ្ជាក់ថា មន្ត្រីរដ្ឋបាលស្រុកមោងប្ញស្សី រួមទាំងមន្ត្រីមូលដ្ឋានផង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានចុះទៅសួរនាំ និងសួរសុខទុក្ខក្មេងប្រុសម្នាក់ និងក្មេងស្រី ចំនួន២នាក់ នៅភូមិរុណ ឃុំគារ ស្រុកមោងប្ញស្សី ដែលត្រូវស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ចាប់ពង្រាត់ចេញពីភូមិ ដោយដឹកតាមម៉ូតូ ដែលអ្នកស្រុក សង្ស័យ ជាប្រមាត់ប្រមង់។

លោកបឿន សុវណ្ណ អភិបាលរងស្រុកមោងប្ញស្សី បានឱ្យដឹងថា តាមពិត រឿងរ៉ាវស្ត្រីម្នាក់ ចាប់ពង្រាត់កុមារ ទាំង៣នាក់ខាងលើនេះ បានកើតឡើងតាំងពីសប្តាហ៍មុន តែអាជ្ញាធរស្រុក ទើបទទួលបានរបាយការណ៍ នេះពីមូលដ្ឋាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ទើបលោក អភិបាលស្រុក បញ្ជាឱ្យសហការីចុះទៅសាក សួរអំពីរឿងរ៉ាវនេះ ដល់លំនៅឋានកុមាររងគ្រោះតែម្តង។

លោកអភិបាលរង បានបញ្ជាក់ថា កុមាររងគ្រោះដែលមានអាយុត្រឹម ១០ឆ្នាំ ទាំង៣នាក់នោះ ត្រូវបានស្ត្រីមិន ស្គាល់អត្តសញ្ញាណម្នាក់ ចាប់ពង្រាត់ចេញពីក្នុងមូលដ្ឋាន ដឹកតាមម៉ូតូ រហូតដល់ស្រុកបាកាន ខេត្តពោធិ៍សាត់ ទើបស្ត្រីនោះទម្លាក់ក្មេងរងគ្រោះទាំង៣នាក់ចោល ដោយសារតែក្មេងៗទាំងនោះ ស្រែកនៅលើម៉ូតូ ឱ្យអ្នកភូមិ ជួយអន្តរាគមន៍ ហើយស្ត្រីនោះ បានជិះម៉ូតូគេចខ្លួនបាត់ ។

យោងតាមរបាយការណ៍មន្ត្រីមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចវាលស្រែមួយកន្លែង ក្នុងភូមិព្រៃតាពៅ ឃុំគារ ស្រុកមោងប្ញស្សី បង្កឡើង ដោយស្ត្រីម្នាក់ មិនស្គាល់ភិនភាគ ឬអត្តសញ្ញាណ។

នៅមុនពេលកើតហេតុ ស្ត្រីសង្ស័យរូបនោះ បានជិះម៉ូតូទៅឈប់ លួងលោមពួកក្មេងៗមួយក្រុម ដែលកំពុងអង្គុ យជុំគ្នា។ ប៉ុន្តែល្បូងបានប្រុសម្នាក់ និងក្មេងស្រី២នាក់ ឱ្យឡើងជិះម៉ូតូទៅជាមួយខ្លួន។ បន្ទាប់មក ស្ត្រីនោះបាន ដឹកពួកគេចេញពីមូលដ្ឋាន ឆ្ពោះទៅទិសខាងកើត ឆ្លងព្រំប្រទល់ខេត្តបាត់ដំបង រហូតដល់ទឹកដីឃុំបឹងខ្នារស្រុក បាកាន ខេត្តពោធិ៍សាត់ ដោយឃើញសភាពមិនស្រួល ដោយសារក្មេងរងគ្រោះទាំង៣នាក់ ចេះតែស្រែកយំ ពេលជិះនៅលើម៉ូតូ ឱ្យអ្នកភូមិជួយ ទើបស្ត្រីម្នាក់នោះជាភ័យខ្លួន ក៏ឈប់ម៉ូតូ ទម្លាក់ក្មេងៗទាំង៣នាក់នោះចោល ហើយជិះគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ក្មេងប្រុសស្រីរងគ្រោះទាំង៣នាក់ រួមមាន ទី១-ឈ្មោះរ៉េន លៀងអេង ភេទស្រី អាយុ៨ឆ្នាំ។ ទី២-ឈ្មោះឌឿន សុផាន់ណា ភេទស្រី អាយុ៩ឆ្នាំ និង៣-ឈ្មោះសំ សុភីន ភេទប្រុស អាយុ១០ឆ្នាំ។ ក្មេងៗទាំង៣នាក់ មានលំនៅ ភូមិរុណ ឃុំគារ ស្រុកមោងឫស្សី ជាមួយគ្នា។

ក្មេងប្រុសស្រីទាំង៣នាក់ បានរៀបរាប់ប្រាប់ថា ពួកគេមិនធ្លាប់ស្គាល់ស្ត្រីប្រមាត់ប្រមង់ម្នាក់នោះទេ ហើយដំបូង ពួកគេមានគ្នា៥នាក់ នៅអង្គុយលេងជុំគ្នា ក៏ឃើញស្ត្រីម្នាក់នោះ ជិះម៉ូតូមកដល់ សួរនាំនិងពឹងពាក់ សុំឱ្យពួកខ្លួន ជូនទៅបេះស្តៅ ព្រោះគាត់ប្រាប់ថា គាត់មិនស្គាល់ដើមស្តៅទេ។ ក្រោយសួរនាំចប់ ស្ត្រីរូបនោះក៏ឱ្យពួក គេឡើង ជិះម៉ូតូ ដើម្បីនាំទៅរកដើមស្តៅ តែដោយសារម៉ូតូជិះបានត្រឹម៣នាក់ ទើបដឹកពួកខ្លួន ៣នាក់ចេញទៅ តែស្ត្រីប្រ មាត់ប្រមង់នោះ គិតតែជិះរហូត មិនព្រមឈប់ បើទោះជាពួកគេប្រាប់ឱ្យឈប់ក្តី។ ប៉ុន្តែក្រោយពីជិះចេញឆ្ងាយ ពីភូមិ ស្ត្រីនោះបានឈប់ រួចសុំដោះកងដៃ និងក្រវិល ពីពួកគេ តែដោះកងដៃបានម្នាក់ដែរ ហើយក៏ឡើងជិះម៉ូតូ បន្តទៅទៀត។ រហូតដល់ទឹកដីខេត្តពោធិ៍សាត់ ពួកគេគិតថា ដូចជាមិនសូវស្រួល ក៏ស្រែកហៅឱ្យអ្នកភូមិជួយ រហូតដល់ចំណុចទឹកដីឃុំបឹងខ្នារ ស្រុកបាកាន ដោយឃើញពួកគេស្រែកខ្លាំងពេក ទើបស្ត្រីនោះឈប់ម៉ូតូ ទម្លាក់ ពួកគេទាំង៣នាក់ចោលតែម្តង រួចជិះម៉ូតូគេចបាត់។

ក្មេងៗរងគ្រោះ បានបញ្ជាក់ថា ពេលត្រូវស្ត្រីនោះ ទម្លាក់ចោលតាមផ្លូវ ពួកគេនាំគ្នាដើរតាមផ្លូវរថភ្លើង ក្នុងគោល បំណងត្រឡប់មករកផ្ទះ នៅស្រុកមោងប្ញស្សី ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ។ លុះពេលដើរជួបអ្នកភូមិ ពួកគេក៏បានរៀបរាប់ប្រាប់ពីដំណើររឿង ប្រាប់ថា មានគេចាប់ពួកគេ ដឹកតាមម៉ូតូ ទើបអ្នកភូមិទូរស័ព្ទទំនាក់ទំនង តាមលេខដែលពួកគេប្រាប់ ហៅជីតា ទៅទទូលយក នៅចំណុចខាងលើ។

ជុំវិញរឿងរ៉ាវខាងលើនេះ មិនមានប្រភពណាមួយ អាចបញ្ជាក់ច្បាស់នៅឡើយថា តើស្ត្រីម្នាក់នោះ ចាប់ពង្រាត់ ក្មេងទាំង ៣នាក់ ក្នុងគោលបំណងអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែករណីនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្នុង មូលដ្ឋានខាង លើ ក៏ដូចជាទូទាំងប្រទេស មានការភ្ញាក់ផ្អើល និងព្រួយបារម្ភពីសុវត្ថិភាពរបស់ក្មេងតូចៗ ដែលជាកូនចៅ របស់ ពួកគាត់ ព្រោះសង្ស័យថា ស្ត្រីម្នាក់នោះ អាចជាប្រមាត់ប្រមង់ ចាប់ក្មេង យកទៅលក់ ឬវះយកគ្រឿងក្នុងលក់ ដូចដែលពួកគាត់ធ្លាប់ឮពាក្យចចាមអារ៉ាមកន្លងទៅ៕

RELATED ARTICLES