ភ្នំពេញ ៖ ស្ត្រីម្នាក់ ព្រោះតែខ្វះលទ្ធភាព បង់ថ្លៃសាលារៀនឱ្យកូនប្រុសដល់ទៅ២នាក់ ក៏បែកគំនិតលបចូលទៅលួចទឹកអប់ចំនួន២ដប នៅក្នុងហាងលក់ទឹកអប់មួយកន្លែង ក្នុងផ្សារ ទំនើបអ៊ីអន តែត្រូវបុគ្គលិកតាមទាន់ ក៏ចាប់ ប្រគល់ទៅឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្សារទំនើបអ៊ីអនជាន់ទី១ តាមបណ្តោយ ផ្លូវសុធារស ក្រុម៤៤ ស្ថិតក្នុងភូមិ៨ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។
ស្ត្រីសង្ស័យ ដែលធ្វើសកម្មភាពលួចទឹក អប់ក្នុងផ្សារទំនើប ឈ្មោះគន់ រក្សា អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន និងមានស្រុកកំណើត នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
តាមសម្តីស្ត្រីឈ្មោះជុំ សុភារី អាយុ៣៥ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនតាំង ហុង លក់ ទឹកអប់ក្នុងផ្សារទំនើបអ៊ីអនជាន់ទី១ ស្នាក់នៅ បន្ទប់ជួលក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន និងមានស្រុកកំណើតនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលា ម៉ោង៣និង១០នាទីរសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ គេឃើញស្ត្រីសង្ស័យខាងលើ បាន ស្ពាយកាបូបដើរចូលមកកន្លែងតាំងលក់ទឹកអប់ លុះក្រោយពីដើរចូលមួយភ្លែត ស្ត្រីសង្ស័យក៏ ចាកចេញទៅវិញយ៉ាងប្រញាប់ ដោយមិនបាន ទិញទឹកអប់នោះទេ។ លុះស្ត្រីសង្ស័យឡើង ដល់ជាន់ទី២ ទើបនាងមានការសង្ស័យ ក៏ហៅ សន្តិសុខទៅឃាត់ស្ត្រីខាងលើសាកសួរ ដោយ សុំទោសជាមុន រួចសុំឆែកក្នុងកាបូប ស្រាប់តែ ប្រទះឃើញមានទឹកអប់ចំនួន២ដប មួយដប ម៉ាក ឌុនហិលល ពណ៌ទឹកប្រាក់ មានតម្លៃ១១២ ដុល្លារអាមេរិក ចំណែកមួយដបទៀត ពណ៌ទឹក មាសមានតម្លៃ១៣២ដុល្លារ សរុបទាំង២ដប មានតម្លៃ២៤៤ដុល្លារអាមេរិក។
តាមសម្តីស្ត្រីជាបុគ្គលិកហាងលក់ទឹកអប់ បានបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ហាងនាងបានបាត់ទឹកអប់អស់ជា ច្រើនដប ហើយនាងជាបុគ្គលិកត្រូវសងទៅ ក្រុមហ៊ុនចំនួន១៧៩,២៧ដុល្លារ ក្នុងចំណោម បុគ្គលិក៦នាក់ ត្រូវកាត់ប្រាក់ខែសងក្រុមហ៊ុន ជារៀងរាល់ខែរហូតដល់គ្រប់ចំនួន។ ទីបំផុត ពួកនាងក៏ប្រទះឃើញជនសង្ស័យលួចទឹកអប់ ទើបឃាត់ខ្លួនយកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ ទន្លេបាសាក់ នាំយកទៅសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យឈ្មោះ គន់ រក្សា បានសារភាពថា នាងទើបតែលួច ទឹកអប់ចំនួន២ដបនេះ ជាលើកទី១ប៉ុណ្ណោះ ចំណែកមូលហេតុដែលនាងដាច់ចិត្តលួចនេះ ក៏ ព្រោះតែនាងគ្មានលុយបង់ថ្លៃសាលារៀនឯកជន ឱ្យកូនប្រុស២នាក់ ដោយក្នុងនោះកូនច្បង អាយុ ៧ឆ្នាំ ចំណែកកូនប្អូនអាយុ៥ឆ្នាំ ត្រូវបង់តម្លៃ ៣៤ដុល្លារ។
ស្ត្រីសង្ស័យបន្តសារភាពថា នៅថ្ងៃកើតហេតុ ប្តីរបស់នាងដែលជាអ្នកបើករថយន្តឱ្យ គេបានឱ្យទូរស័ព្ទម៉ាកសាំសុង ស៊េរីចាស់យក ទៅបញ្ចាំ ដើម្បីយកប្រាក់បង់ថ្លៃសាលាកូនដែរ តែដោយនាងអាណិតប្តីពេក ព្រោះទូរស័ព្ទនោះ នាងបានទិញឱ្យប្តីតាំងពីនាងនៅធ្វើការម៉្លេះ ហេតុនេះ មិនដាច់ចិត្តលក់ ក៏សម្រេចចិត្តចូល ផ្សារទំនើបអ៊ីអន លួចយកទឹកអប់ចំនួន២ដប តែម្តង។ លុះក្រោយពីលួចបានសម្រេច ដើរចេញ មកក្រៅ ក៏ត្រូវបុគ្គលិកហាងទឹកអប់ និងសន្តិសុខ ឃាត់ខ្លួនសាកសួរ រួចឆែកឃើញតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា បើទោះជាស្ត្រីសង្ស័យ បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនយ៉ាងណាក្តី ប៉ុន្តែទង្វើដែលស្ត្រីរូបនោះបានប្រព្រឹត្ត គឺជាទង្វើ ផ្ទុយនឹងច្បាប់ ដែលតម្រូវឱ្យជាប់ទោសទណ្ឌ ហេតុនេះ សមត្ថកិច្ចបានសម្រេចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់អធិ- ការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការ តាមនីតិវិធីតែម្តង៕គួន ចំរើន