ភ្នំពេញ ៖ កំពូលតារាចម្រៀងល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកនាងម៉េង កែវ ពេជ្ជតា ដែលទើបនឹង បង្ហាញវត្តមានជាមួយកូនស្រី ក្នុងឱកាសពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី២៣ នៅពហុកីឡ ដ្ឋានជាតិ មរតតេជោ កាលពីពេលថ្មីៗនេះ បានបញ្ចេញប្រតិកម្ម ឆ្លើយតបទៅនឹងការលើកឡើងបែបវាយប្រ ហាររបស់បុគ្គលមួយចំនួន ដែលចោទប្រកាន់ថា អ្នកនាងជាតារាដែលមានចរិតតួឯក ។ តារាចម្រៀងរូបនេះ បានអង្វរមេឃ ឱ្យជួយផ្តល់យុត្តិធម៌ដល់ខ្លួនផង ចំពោះការវាយប្រហារបែបជាន់ពន្លិចនេះ។

ក្រោយបង្ហាញខ្លួនក្នុងពិធីបិទព្រឹត្តការណ៍ស៊ីហ្គេម កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ រួចមក គេឃើញមាន ការចែករំលែកតៗគ្នាពេញក្នុងបណ្តាញសង្គម ហ្វេសប៊ុក នូវរូបថត និងវីដេអូឃ្លីប នៃការសម្តែងនិងច្រៀង របស់អ្នកនាងម៉េង កែវពេជ្ជតា និងកូនស្រី ដោយមានការលើកសរសើរពីទឹកដមសំនៀងរបស់អ្នកនាងម៉េង កែវពេជ្ជតា និងកូនស្រី ថាផ្អែមពីរោះមិនចាញ់គ្នាប៉ុន្មានឡើយ។ ប៉ុន្តែជាមួយគ្នានេះ ក៏មានការរិះគន់ផងដែរថា អ្នកនាងម៉េង កែវពេជ្ជតា ជាតារាមានចរិតតួឯក និងថាបើមិនព្រមព្យាបាលជំងឺតួឯកទេ នឹងធ្លាក់ទឹក ទាំងម្តាយ និងកូន…។

អ្នកនាងម៉េង កែវពេជ្ជតា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា “មួយរយៈនេះ ដូចឮល្ហៀងៗមកថា មានជនអត់ការងារធ្វើមួយក្រុម បានពង្រាយគ្នាដើរលាប ពណ៌ ខ្ញុំ ក្នុងបំណងបំពុលចិត្តមនុស្សល្អៗដែលស្រលាញ់ខ្ញុំឱ្យគេយល់ច្រលំ និងខឹងខ្ញុំ។ ពួកគេបានប្រើពាក្យចោទខ្ញុំជាច្រើន និងដូចៗគ្នាថា “ខ្ញុំជាតារាចរិតតួឯក” ហ៊ឺ!! ប្លែករហូតម៉ង គិតទៅ ទោះបីស្លឹក ឈើខ្ជិលបក់ ក៏ខ្យល់ចង្រៃនេះ វាអត់ខ្ជិលបោកដែរ វាបោកអត់ហត់ អត់ស្គាល់បាបបុណ្យ អត់ស្គាល់នរកកម្មអ្វី សោះតែម្តង អីក៏ងងឹតងងុលយ៉ាងនេះ! ហេតុអីក៏យកកម្មជាមួយខ្ញុំគ្រួសារខ្ញុំម៉្លេះ? ម៉េចចង់បំបាត់ពូជខ្ញុំតែម្តងមែន ទេ? ឬក៏មកពីខ្ញុំនៅតែល្បី នៅតែខ្លាំង រហូតធ្វើឱ្យពួកគេច្រណែនពេក ឡើងឆ្កួត? សូមអធ្យាស្រ័យផងបងប្អូន អើយ! មិនចង់ឆ្លើយតបឡើយ ហត់ណាស់ តែពួកគេពិតជាមានចេតនាជាន់ពន្លិចគ្រួសារខ្ញុំមែន បើទោះជាខ្ញុំខំ គេច រក្សាភាពស្ងាត់ស្ងៀមយ៉ាងលំបាកយ៉ាងណា ក៏ពួកគេមិនព្រមបញ្ឈប់ដែរ ដូច្នេះមានតែអ៊ីចឹងទៅ ឱ្យអ្នក ទាំងអស់គ្នាដឹង ព្រោះខ្ញុំមិនចង់សុខៗបាត់មុខ ឈឹង ហើយទុកឱ្យពួកគេដើរចោទថា ខ្ញុំខុស ស្រេចតែចិត្តនោះទេ! មេឃអើយ! សូមផ្តល់យុត្តិធម៌ដល់មនុស្សល្អផង…”។

សូមបញ្ជាក់ថា ប្រតិកម្មឆ្លើយតបរបស់តារាចម្រៀងល្បី ម៉េង កែវពេជ្ជតា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី មាន គណនីហ្វេសប៊ុកមួយ បានចោទថា អ្នកនាងជាតារាមានចរិតតួឯក។
អ្នកនាងពេជ្ជតា បានបង្ហាញការបញ្ចេញយោបល់ (Comment) របស់ម្ចាស់គណនីហ្វេសប៊ុក មួយ ឈ្មោះ «Susan Oeur» ដែលសរសេរថា “កូនស្រីមានទេពកោសល្យ តែបើម្តាយមិនព្រមព្យាបាលជំងឺតួឯកទេ ធ្លាក់ទឹកទាំងម្តាយ ទាំងកូន…”។

សំណេររបស់គណនីហ្វេសប៊ុក ខាងលើនេះ ធ្វើឲ្យអ្នកនាងម៉េង កែវពេជ្ជតា ក្តៅស្លឹកត្រចៀក បានឆ្លើយតបក្នុង Comment ថា “Susan Oeur ពុទ្ធោ! អីដល់ម៉្លឹងផង?? លើសហើយ លើសហើយ! ត្រង់ណាដែលហៅថា ជំងឺតួឯក? Susan Oeur យកអីមកគិត? ស្គាល់ខ្ញុំពីកាលណា ទើបមកវាយតម្លៃខ្ញុំបែបនេះ? ចុះបើមាននរណាម្នាក់ហៅ Susan Oeur ឯងទៅណែនាំថា “បើ Susan Oeur ឯងមិនចង់ជាប់គុក រលាយរលត់អស់ទ្រព្យនិងកេរ្តិ៍ឈ្មោះ លំបាកដល់ គ្រួសារ កូនចៅមួយពូជ Susan Oeur ឯងទេ សូម Susan Oeur ឯងឈប់ធ្វើចោរទៅ ឈប់ជួញដូរផ្លូវភេទទៅ ឈប់ជួញដូរគ្រឿងញៀនទៅ… តើ Susan Oeur ឯង ទទួលយកទេ បើគេចោទអ៊ីចឹង?? បើ Susan Oeur ឯង ទទួលយកបាន នោះមកពី Susan Oeur ឯង ជាចោរ ជាអ្នកជួញដូរ ស្រីពេស្យា ជាជនជួញដូរគ្រឿងញៀនមែន អ៊ីចឹង Susan Oeur ឯង សមមុខទួលយកហើយ។ មើលទៅ អ្នកឯងអត់យល់ន័យនៃពាក្យថា «ជំងឺតួឯក» នេះទេ ។ ខ្ញុំជឿថា ការដែលអ្នកឯងសរសេរមកនេះ បើមិនដោយសារជាការយល់ច្រលំ ឬចេះតែហៃអើតាមគ្នាទេ គឺវា ចេញពីការច្រណែន ឈ្នានីស ដែលមានក្នុងចិត្តអ្នកឯងហ្នឹងហើយ។ ឥឡូវដើម្បីច្បាស់ សុំសួរទៅ Susan Oeur វិញ ដូចម្តេចដែលហៅថា ជំងឺតួឯក? ស្គាល់ចរិតតួឯកអត់? ចរិតតួឯក គេធ្វើម៉េចខ្លះ? បើស្គាល់ សូមពន្យល់ ឱ្យបានច្បាស់ៗ ហើយរកភ័ស្តុតាងមកផង បើត្រូវ ខ្ញុំមិនខ្លាចនឹងទទួលទេ ប៉ុន្តែបើមិនត្រូវទេ បានន័យថា អ្នក ឯងចេះតែចោទតាមគ្នា ក្នុងបំណងអាក្រក់ ក្នុងគំនិតថោកទាប បង្កការញុះញង់ឱ្យមានភាពរើសអើងមកលើខ្ញុំ ដែលនេះគឺជារឿងបំពានសិទ្ធិ បំពានកិត្តិយសខ្ញុំហើយ អ្នកឯងត្រូវទទួលខុសត្រូវ!!! …“៕ ដារិទ្ធ
