រតនគិរី ៖ យុវជន ២នាក់ ជាមិត្តភក្តិរស់នៅក្នុងភូមិជាមួយគ្នា បានបបួលគ្នាចេញទៅបរបាញ់សត្វព្រៃ ទាំង កណ្តាលយប់ ដោយប្រើប្រាស់កាំភ្លើងវែង ប្រភេទ AK47 ១ដើម លុះចូលដល់ក្នុងព្រៃឃើញសត្វ ក៏បែកគ្នា ប្រដេញតាម ស្រាប់តែរំពេចនោះ ភាគីអ្នកកាន់កាំភ្លើង ឆួលពិលឃើញភ្នែកមិត្តភក្តិ ស្មានថាភ្នែកសត្វ ក៏បាញ់ ចំជនរងគ្រោះ រងរបួសធ្ងន់ និងបានស្លាប់ ក្រោយពីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។
ករណីមនុស្សឃាតដោយអចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ ចំណុចក្នុងព្រៃក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតក្នុងឃុំភ្នំកុក ស្រុកវើនសៃ។
ជនសង្ស័យដែលបាញ់សត្វ ត្រូវមនុស្សស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះពក់ ធឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិភាគតិចគ្រឹង មុខរបរកសិករ មានលំនៅ ភូមិធួយអម្ពិល ឃុំចាអ៊ុង ស្រុកអូរជុំ។ រីឯវត្ថុតាងដកហូត អាវុធវែង ប្រភេទ AK47 ចំនួន១ដើម។ ចំណែកជនរងគ្រោះ មានឈ្មោះទិន កិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិភាគតិចគ្រឹង មុខរបរកសិករ មានលំនៅភូមិធួយអម្ពិល ឃុំចាអ៊ុង ស្រុកអូរជុំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញទទួលបានព័ត៌មានពីមេប៉ុស្តិ៍ឃុំចាអ៊ុង រាយការណ៍ថា មានករណី ផ្ទុះអាវុធ បណ្តាលឱ្យស្លាប់ជនរងគ្រោះម្នាក់ បន្ទាប់ពីដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានបបួលជនសង្ស័យទៅរកបាញ់សត្វ នៅចំណុចព្រៃ ក្បែរក្រុមហ៊ុនម៉ាងយ៉ាង ក្នុងឃុំភ្នំកុក ស្រុកវើនសៃ។ ពេលទៅដល់ទីតាំងកើតហេតុ ជនសង្ស័យបានឱ្យជនរងគ្រោះនៅអង្គុយចាំម៉ូតូ ហើយជនសង្ស័យ បានចុះតាមអូរទៅរកបាញ់សត្វ។ ក្រោយមក ជនសង្ស័យឆ្លុះភ្លើងកូប (ពិលពាក់លើក្បាល) គ្រវីចុះឡើង ក៏ឃើញភ្នែកជនរងគ្រោះ ស្មានតែភ្នែកសត្វ ក៏បានលើកកាំភ្លើងបាញ់តែម្តង។ ភ្លាមនោះ ក៏ឮសំ ឡេងស្រែកអូយ! ជនសង្ស័យក៏ស្ទុះរត់ទៅមើល ឃើញជនរងគ្រោះត្រូវរបួសស្មាខាងឆ្វេង ហើយជនសង្ស័យ ក៏ប្រញាប់ដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីព្យាបាលភ្លាមៗ។ លុះពេលទៅដល់ គ្រូពេទ្យបានលាងរបួស និងដេរចំនួន៣ថ្នេរ រួចក៏បានរុំរបួសនោះ កុំឱ្យចេញឈាម ហើយពេលលាងរបួសឃើញ មានឈាមហូរចេញពីក្នុងពណ៌ខ្មៅ មិនដឹងថាត្រូវរបួសដោយសារអ្វី។ មួយសន្ទុះក្រោយមក ជនរង គ្រោះបាន ដាច់ខ្យល់ស្លាប់តែម្តង។
យោងតាមការពិនិត្យកន្លែងកើតហេតុ និងចម្លើយសារភាពរបស់ជនសង្ស័យ គឺពីកន្លែងឈរបាញ់ មកកន្លែង ជនរងគ្រោះ មានសភាពដីជម្រាលអូរ បាញ់ពីក្រោមរាងបញ្ឆិតឡើងលើ។
សមត្ថកិច្ចជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានពិនិត្យ និងធ្វើកោស ល្យវិច័យសព បានបញ្ជាក់ថា សពមានសភាពរឹង ស្លៀកខោផ្កាឆ្នូត ជើងវែង រឹបចង្កេះ អាវដៃវែង ពណ៌ខ្មៅឆ្នូតស មានស្លាកស្នាមនៅត្រង់ចុងស្មាដៃខាងឆ្វេង មានស្នាមរបួសរយះសាច់ ទំហំ៤សង់ទីម៉ែត្រ គុណនឹង ២,៥សង់ ទីម៉ែត្រ ជម្រៅដល់ឆ្អឺង (បែកឆ្អឹងដើមដៃ) ដេរ៣ថ្នេរ មុខរបួស និងសាច់ក្នុងឡើង ពណ៌ខ្មៅ ក្រៅពីនេះពុំ ស្លាក ស្នាមអ្វីទៀតឡើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារការបង្កឡើងដោយគ្រាប់កាំភ្លើង ត្រូវរយះសាច់និងបែកឆ្អឹង ហូរឈាមច្រើន បណ្តាលឱ្យស្លាប់ប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រូសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រ ពៃណី។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ កាលពី ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕