Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធវះកាត់កែសម្រស់ស្លាប់ ប្តីស្តាយស្រណោះ ដេកយំឱបសព

ប្រពន្ធវះកាត់កែសម្រស់ស្លាប់ ប្តីស្តាយស្រណោះ ដេកយំឱបសព

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានចូលទៅទទួលសេវាកម្មវះកាតកែសម្រស់ នៅគ្លីនិក ១កន្លែង មានទីតាំងស្ថិតនៅតំបន់កោះពេជ្រ លុះក្រោយមក បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយក្រុមគ្រូពេទ្យអះអាងថា បណ្តាលមកពីនារីរងគ្រោះ ខ្សោយ ហើយឈាមមិនគ្រប់ ជាហេតុធ្វើឱ្យបុរស ជាប្តីស្តាយស្រណោះអាឡោះអាល័យប្រពន្ធជាខ្លាំង បានដេកយំឱបសពមិនឈប់។ ចំណែកក្រុមគ្រួសារនារី រងគ្រោះ បានកើតទុក្ខមិនសុខចិត្ត ទទូចសុំឱ្យថ្នាក់ដឹកនាំ ពិសេសក្រសួងសុខាភិបាល ចុះពិនិត្យករណីមួយនេះ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។

ករណីកែសម្រស់ បណ្តាលបាត់បង់ជីវិតនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៣ ក្រោយពីនារីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។

នារីរងគ្រោះ មានឈ្មោះ ស៊ីនួន រិទ្ធីយ៉ា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ។ ចំណែកគ្លីនិកឯកជន ដែលរងការចោទប្រកាន់ថាបានវះកាត់កែសម្រស់អតិថិជន បណ្តាលឱ្យបាត់បង់ជីវិតនោះ មានយីហោ «មជ្ឈ មណ្ឌលកែសម្ផស្ស បូរិន្ទកោះពេជ្រ» មានទីតាំងផ្ទះលេខ១៩ ផ្លូវអេលីតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចម្ការមន។

ស្ត្រីឈ្មោះពិសី ត្រូវជាបងស្រីរបស់នារីរងគ្រោះខាងលើ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ថា “ខ្ញុំនៅតែមិនអស់ចិត្ត អាណិតប្អូនខ្ញុំណាស់ មន្ទីរពេទ្យកែសម្ផស្ស គ្លីនិកបូរិន្ទ នៅកោះពេជ្រ បានធ្វើការវះកាត់កែសម្ផស្សប្អូនខ្ញុំ ធ្វើឱ្យស្លាប់។ សូមក្រសួងសុខាភិបាល មេត្តាពិនិត្យលើរឿង នេះផង គាត់បាននិយាយថា គាត់ខ្សោយ ហើយឈាមមិនគ្រប់ ហេតុអ្វីគាត់នៅតែធ្វើការវះកាត់ ឬគាត់ចង់ បានលុយ? ផេករបស់គាត់ បាន Block ឆែកមិនឃើញ ក្រោយកើតហេតុ។ សូមបងប្អូនដែលស្រលាញ់គាត់ ជួយស៊ែរផង…”។

ជាមួយនេះ ស្ត្រីជាបងស្រីជនរងគ្រោះ បានបង្ហោះនូវលិខិតមរណភាពរបស់នារីរងគ្រោះ ដែលបញ្ជាក់ថា នារីរង គ្រោះ ក្រោយពីធ្វើការកែសម្ផស្ស មានបញ្ហាធ្ងន់ធ្ងរ រួចហើយក៏ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់មក ក្រោយពីក្រុមគ្រូពេទ្យជំនាញនៃមន្ទី រពេទ្យកាល់ម៉ែត ព្យាយាមសង្គ្រោះអស់ពីលទ្ធភាពរួចមក នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នារីរងគ្រោះ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មតែម្តង។

ករណីនេះ បន្ទាប់ពីសពនារីរងគ្រោះត្រូវបានដឹកមកដល់ផ្ទះ បុរសជាប្តី បានបង្ហាញការស្តាយស្រណោះអាឡោះ អាល័យស្ត្រីជាប្រពន្ធយ៉ាងខ្លាំង និងបានដេកយំឱបសពប្រពន្ធមិនឈប់ មើលទៅគួរឲ្យសង្វេគជាពន់ពេក។

យោងតាមលិខិតមរណភាពដែលចេញដោយមន្ទីរពេទ្យកាល់ម៉ែត ខាងលើ បានបញ្ជាក់ថា “អ្នកជំងឺបានចូល សម្រាកពេទ្យ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៧និង៣០នាទីយប់ រោគវិនិច្ឆ័យនៅពេលចូលសម្រាក ពេទ្យ អ្នកជំងឺមានសភាពធ្ងន់ធ្ងរ និងសន្លឹម រួចក៏បានទទួលមរណភាព នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលា ម៉ោង ៧និង៣០នាទីយប់ ដោយមូលហេតុបាត់បង់ឈាមច្រើន ដោយសារវះកាត់ស្រទាប់ខ្លាញ់ក្រោមស្បែកពោះ បន្ទាប់មក មានសញ្ញាបេះដូងឈប់ដើរ…”។

យោងតាមវិក្កយបត្រ ១សន្លឹក ចេញដោយមជ្ឈមណ្ឌលកែសម្ផស្ស បូរិន្ទកោះពេជ្រ ដែលត្រូវបានបង្ហោះចែក ចាយដោយបងស្រីរបសជនរងគ្រោះ បានបញ្ជាក់ថា អ្នកជំងឺ (នារីរងគ្រោះ) បានទទួលសេវាកម្មនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយរួមមាន កាត់ស្បែកខ្លាញ់ និង Free ចាក់បំពេញខ្លាញ់ត្របកភ្នែកក្រោម និងថ្ពាល់។ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ អ្នកជំងឺទទួលសេវាកម្ម កាត់ស្បែកខ្លាញ់ក្បាលពោះ កាត់ត្របកភ្នែកលើ ថ្ងាសត្របកភ្នែកក្រោម ថ្ពាល់សងខាង និងដេរទងត្រចៀក។ ចំពោះតម្លៃសេវាកម្ម ទាំងអស់ សរុបចំនួន ៤៩៥០ដុល្លារ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីតំណាងមជ្ឈមណ្ឌលកែសម្ផស្ស បូរិន្ទកោះពេជ្រ បានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយ បំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES