Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញថ្នាំញៀន ៧៤០០ដុល្លារ ទុកលក់បន្ត ប៉ូលិស ចាប់ជាប់

ទិញថ្នាំញៀន ៧៤០០ដុល្លារ ទុកលក់បន្ត ប៉ូលិស ចាប់ជាប់

កណ្តាល ៖ ជនសង្ស័យជាមុខសញ្ញាចែកចាយថ្នាំញៀន យ៉ាងសកម្មភាព ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ ឃាត់ខ្លួន ដកហូតបានវត្ថុតាងមួយចំនួនធំ ដោយជនសង្ស័យ បានប្រាប់ថា ខ្លួនទិញថ្នាំញៀន ម្តង១គីឡូក្រាម ក្នុងតម្លៃ ៧៤០០ដុល្លារ យកមកទុកលក់បន្ត លុះអស់លក្ខណ៍ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់។

ការចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុង វ៉េងសេង អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដមាន ស្រុកកំណើតនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល សព្វថ្ងៃជួលផ្ទះស្នាក់នៅ ក្នុងមូលដ្ឋានខាង លើ។

ចំណែកវត្ថុតាងដកហូត រួមមាន ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ២០កញ្ចប់ (មធ្យម ១៣កញ្ចប់ ធំ ៧កញ្ចប់)។ ២-ទួរស័ព្ទដៃ ម៉ាកសាំសុង ចំនួន១គ្រឿង និង៣-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក និង កម្លាំងនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ បានទទួលទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿង ញៀន។ ពេលនោះកម្លាំងបានចុះដល់កន្លែងកើតហេតុ ក៏ឃើញជនសង្ស័យ ហើយឃាត់ខ្លួន និងឆែករកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន២០កញ្ចប់ ក្នុងនោះ កញ្ចប់ធំ ៧កញ្ចប់ និងកញ្ចប់មធ្យម ចំនួន១៣កញ្ចប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ថ្នាំញៀននេះ ពិតជារបស់ខ្លួនមែនដោយខ្លួន បានទិញពីជនមិនស្គាល់ឈ្មោះ នៅភ្នំពេញ ម្តង ១គីឡូ ក្នុងតម្លៃ ៧៤០០ដុល្លារ ដើម្បីយកមកចែកចាយបន្ត។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរ បាលស្រុកមុខកំពូល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES