ភ្នំពេញ៖ខណៈដែលរឿងរ៉ាវតារាចម្រៀងលោកកែ សុណ្ណារ៉េត ហៅហ្សូណូ និងចាន់ សុផានី កំពុងតែក្ដៅដូចបាយពុះ ព្រោះតារាហង្សមាសស្វែងរកមេធាវីទប់ទល់ និងបង្ហាញភស្ដុតាងការផ្ទេរលុយទៅសុផានី រយៈពេល២ឆ្នាំចុងក្រោយទប់ទល់ទៅនិងការដែលអតីតពិធីការិនីរូបនេះថាលោកមិនដែលផ្ដល់លុយឲ្យប្រពន្ធកូន គ្មានទំនួលខុសត្រូវជាប្ដីនិងឪពុកគេនោះ ពេលនេះលោកគួច ខេវិន ដែលជាអតីតអគ្គនាយករងទូរទស្សន៍CTN,SEA TV និងE TV នោះបានលើកជាចម្ងល់ផង និងផ្ដល់ជាគំនិតដល់អតីតប្ដីប្រពន្ធតារា១គូនេះផងទាក់ទងរឿងម្នាក់ៗយកត្រូវរៀងខ្លួននាំឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងដោយសារតែពួកគេមិនយល់”ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ”។
លោកគួច ខេវិន ដែលធ្លាប់រាប់អាននិងផ្ដល់ការងារសិល្បៈដល់លោកហ្សូណូ និងសុផានី នាពេលកន្លងមកនោះបានចេញសារថា”មានអារម្មណ៍ចង់ប្រាប់ចង់និយាយចង់ថាមាន៣!
១/ហេតុ+ចប្ច័យ+ផល
២/ហ្សូណូ+ចាន់ សុផានី+កូន
៣/ហ្សូណូសុផានីកូន+ម្តាយឪពុក+សង្គម។
១៖ហេតុ=>ហេតុអីបានជាអ្នកទាំងពីរក្លាយជាប្តីប្រពន្ធនឹងគ្នា បង្កើតបានជាកូន?
២៖បច្ច័យ=>បែកបាក់គ្នាដោយសារប្តី?ដោយសារប្រពន្ធ?ឬដោយសារកូន?ឬដោយសារនរណា?
៣៖ផល=>ក្រោយលែងលះ បាក់បែក ចែកផ្លូវគ្នា ផលដែលបានមកវិញតើនរណាជាអ្នកទទួល=ប្តី ប្រពន្ធ ឬកូន?
ខ្ញុំស្គាល់ហ្សូណូ ចាន់សុផានីតាំងតែពីនៅក្មេងៗមិនទាន់ល្បី រហូតលែងល្បីតាំងពីមិនទាន់ស្រឡាញ់គ្នារហូតស្រឡាញ់គ្នារហូតបែកបាក់គ្នា តែមិនទាន់បានស្គាល់ច្បាស់កូនក្មេងម្នាក់ដែលជាកូនរបស់ពួកគេ ជាដំណក់ឈាមរបស់គេទាំងពីរ តែអាចនឹងត្រូវវេទនាដោយសារអ្នកទាំងពីរ?
_តើមានហេតុ បច្ច័យអ្វីដែលអ្នកទាំងពីរលែងលះគ្នានាំឲ្យមានផលឲ្យកូនវេទនា? ។
_ហ្សូណូ លែងចាន់ សុផានីឬឬចាន់ សុផានីលែងលះហ្សូណូ តើអ្នកណាវេទនា នោះជាផលដែល បានមកវិញ!
ក្រៅពីរស្រឡាញ់រាប់អាន ខ្ញុំនៅមានចិត្តអាណិតចំពោះប្អូនទាំងពីរ ជាពិសេសគឺក្មួយស្រីដែលជាកូនរបស់ប្អូនទាំងពីរ ។ មិនថាប្អូនក្លាយជាប្តីប្រពន្ធដោយមង្គលការកម្លោះក្រមុំ ដោយសារម្តាយឪពុករៀបចំ ដោយសារសេចក្តីស្រឡាញ់ស្មោះស្មគ្រ័ ឬដោយចៃដន្យយ៉ាងណានោះឡើយ តែប្អូនបានឲ្យកំណើតក្មេងម្នាក់ ដែលត្រូវការអ្នកទាំងពីរជាចាំបាច់ តាំងតែពីចាប់កំណើតរហូត រលត់ជីវិតទៅវិញ។
បើបានជាបង្កើតកូនមកហើយត្រូវតែទទួលខុសត្រូវសព្វបែបយ៉ាង កុំទម្លាក់ឲ្យនរណាម្នាក់រ៉ាប់រងតែឯកឯង?
បើជារឿងរបស់យើងកុំទម្លាយឲ្យអ្នកដ៏ទៃមកជួយហែក(ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ)បើយកសព្វរឿងមកប្រដូចនឹងខ្លួនឯងនោះយើងនឹងត្រូវឆ្កួត ។
ចូរប្អូនរៀនតាម”ស្វា៣” ស្វាបិតភ្នែកស្វាបិតត្រចៀកស្វាបិតមាត់។
ចង់និយាយតែ៣ហ្នឹង ជូនចំពោះប្អូនហ្សូណូ ចាន់ សុផានី និងក្មួយស្រី តែ៣នាក់ហ្នឹង!!!។ប្រសិនបើនរណាចង់ស្តាប់ចង់យល់ក៏អាចផ្តល់យោបល់បានដិយសុភវិនិច្ឆ័យ”។
ក្រោយមានការលើកឡើងរបស់លោកគួច ខេវិន បែបនេះមានFan លោកមួយចំនួនខមិនគាំទ្រ និងខ្លះទៀតថាហ្សូណូ និងអតីតប្រពន្ធកំពុងតែព្យាយាមហែកហួរគ្នាទៅវិញទៅមកដើម្បីយកត្រូវរៀងៗខ្លួន។ប៉ុន្ដែមួយចំនួនឆ្ងល់ថាពេលនេះកូនស្រីហ្សូណូ អាយុជាង១០ឆ្នាំទៅហើយ តែលោកបង្ហាញភស្ដុងតាងផ្ដល់លុយតាមធនាគារឲ្យតែរយៈពេល២ឆ្នាំចុងក្រោយនេះទេ ចុះជិត១០ឆ្នាំទៀតអ្នកនាងសុផានី ចិញ្ចឹមកូនម្នាក់ឯងឬ?
គូរបញ្ជាក់ថារឿងស្នេហាតារាចម្រៀងហង្សមាសលោកហ្សូណូ និងអ្នកនាងចាន់ សុផានី បានចែកផ្លូវគ្នាតាំងពីកូនស្រីរបស់ពួកគេមានអាយុជិត៥ឆ្នាំម្លេះ ហើយថ្មីៗនេះអ្នកនាងសុផានី បាននិយាយថានាងបច្ចុប្បន្ននាងកំពុងរស់នៅជីវភាពលំបាក អត់លុយបង់ថ្លៃផ្ទះជួល ហេតុនេះស្នើរសុំឲ្យហ្សូណូ អន្ដរាគមន៍ជួយចិញ្ចឹមនិងទំនុកបម្រុងកូនឲ្យបានរៀនសូត្រទៅមុខទៀតផងព្រោះនាងគ្មានលទ្ធភាពទេ។សុផានី ថែមទាំងថាហ្សូណូ អត់ដែលផ្ដល់លុយកាក់ឲ្យនាងនិងកូនស្រីឡើយ តែបើឲ្យគឺទាល់តែកូនសុំ ទើបធ្វើឲ្យនាងមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ ។
ប៉ុន្ដែលោកហ្សូណូ បានពឹងមេធាវីរបស់លោកឲ្យធ្វើការរឿងនេះដោយលោកបានបញ្ចេញភស្ដុតាងធ្លាប់បាញ់លុយទៅកុងសុផានី ជាច្រើនពាន់ដុល្លារក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ហ្សូណូ ថែមទាំងថានឹងធ្វើរឿងនេះតែម្ដងឲ្យចប់គឺសង្រ្គប់យកតែម្ដង ហើយលោកបានឲ្យមេធាវី ចាត់ការមែន ខណៈដែលសុផានី ថានាងសប្បាយចិត្តណាស់បើហ្សូណូ ប្ដឹងនាង ព្រោះនោះជាឱកាសមួយដែលរូបនាងបានតទល់ជាមួយអតីតប្ដីដោយផ្ទាល់ ដោយសារតែចាប់តាំងពីចែកផ្លូវគ្នាមកនាងមិនដែលបានជួបជជែកអ្វីច្រើនដែលខ្លួនចង់និយាយទៅឪពុកកូនស្រីរបស់នាងម្នាក់នេះឡើយ។អតីតពិធីការិនីប៉ុស្ដិ៍លេខ៥ រូបនេះនិយាយទាំងឈឺចាប់រហូតដល់យំបង្ហូរទឹកភ្នែកថាហ្សូណូ ធ្លាប់សន្យាថាមិនបោះបង់រូបនាងនិងកូនស្រីទេ តែពេលនេះគេរស់នៅយ៉ាងហាយសូតែម្នាក់ឯងទៅវិញ។សម្រាប់សារលោកគួច ខេវិន ដែលផ្ដាំទៅហ្សូណូ -សុផានី ថា”បើជារឿងរបស់យើងកុំទម្លាយឲ្យអ្នកដ៍ទៃ មកជួយហែក!” នោះគេអាចសន្និដ្ឋានបានថាលោកចង់ឲ្យអតីតគូស្នេហ៍តារា១គូនេះមានទំនួលខុសត្រូវលើកូនស្រីរបស់ពួកគេរៀងៗខ្លួន មិនត្រូវហែកហួរ ឬទម្លាក់កមហុសឲ្យគ្នាទៅវិញទៅមកឡើយ៕