ភ្នំពេញ ៖ យុវជនម្នាក់ មានសតិមិនប្រក្រតី នៅសុខៗបានដើរបាត់ពីផ្ទះ អស់១ល្ងាច ធ្វើឱ្យក្រុមគ្រួសារ នាំគ្នា ដើរស្វែងរក ស្រាប់តែប្រទះឃើញសម្លៀកបំពាក់នៅមាត់ច្រាំងទន្លេ តែបាត់មនុស្ស មិនដឹងទៅណា ជាហេតុ ធ្វើឱ្យកើតមានការផ្អើលឆោឡោ សង្ស័យថាយុវជននោះលង់ ទឹក ក៏នាំគ្នាចុះរាវរក ប៉ុន្តែមិនឃើញ ទើបស្ត្រី ជាម្តាយ បានអុជធូបបន់ថា “បើរស់ ឃើញមនុស្ស ស្លាប់ឃើញសព”។
ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា។
យុវជនដែលបាត់ខ្លួន និងសង្ស័យលង់ទឹក មានឈ្មោះអឿន វល័ក្ខ ភេទប្រុស អាយុ១៧ឆ្នាំ មានបញ្ហាសុខភាព ខួរក្បាល មិនសូវប្រក្រតី និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាម្តាយរបស់យុវជនដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា ជារៀងរាល់ពេល កូនប្រុសរបស់គាត់ តែងតែលួចទៅលេងមាត់ទឹកទន្លេ ហើយចុះងូតទឹករហូត ជួនកាលត្រូវអ្នកភូមិបង់សំណាញ់ប្រទះឃើញក៏បាន ដេញឡើងគោកវិញជារឿយៗដែរ។ លុះមកដល់រសៀលថ្ងៃ កើតហេតុ កូនរបស់គាត់បានចេញពីផ្ទះ តាំងពីម៉ោង ៣រសៀល រួចឆ្លងថ្នល់ ទៅលេងទឹកនៅកន្លែងដដែល ស្រាប់តែបាត់មិនឃើញកូនត្រឡប់មកវិញនោះទេ ក៏នាំគ្នា ទៅមើលនៅកន្លែងកូនរបស់គាត់ធ្លាប់លេងកន្លងមក ស្រាប់តែប្រទះឃើញសម្លៀកបំពាក់ និងស្បែកជើង។ ភ្លាមៗនោះ គាត់ចាប់ផ្តើមសង្ស័យថា កូនប្រុសគាត់អាចលង់ទឹកទន្លេ ទើបនាំគ្នាចុះរាវរក អស់ពេលជា ច្រើនម៉ោង ដែរ តែមិនឃើញសោះ។ក្រោយពីអស់លទ្ធភាពក្នុងការស្វែងរក ទើបនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃដដែល អ្នកភូមិ ពិសេសស្ត្រីជា ម្តាយ បានយកសំណែនផ្លែឈើ ទៅសែនព្រេន និងយកធូបទៀន ទៅអុជបន់ស្រន់តាមជំ នឿថា “បើរស់ សូមឱ្យ ឃើញមនុស្ស បើស្លាប់ សូមឱ្យឃើញសពកូនខ្ញុំផងចុះ”៕