កំពង់ស្ពឺ ៖ បុរសម្នាក់ ដែលទើបតែរើសបានទារិកាម្នាក់ ទើបកើតត្រូវម្តាយច្រកថង់ បោះចោលក្បែរមាត់ស្រះ ចិញ្ចឹមត្រីនោះ បានឲ្យដឹងថា ទារិកាអភ័ព្វនេះ ហាក់មាននិស្ស័យជាមួយរូបលោក ដែលអភ័ព្វដូចគ្នា កើតមកភ្លាម ត្រូវម៉ែឪបោះបង់ចោល លុះពេលនេះ ស្រាប់តែលោករើសបានកូនដែលគេបោះចោល ទើបលោកសម្រេច យក មកចិញ្ចឹម ទុកដូចកូនបង្កើត។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ទារិកាអភ័ព្វម្នាក់ គ្រាន់តែកើត មកភ្លាម ត្រូវម្ដាយច្រកថង់ យកទៅបោះចោលនៅជិតស្រះទឹកមួយកន្លែង ក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ប៉ុន្តែសំណាងល្អ ត្រូវបានគ្រួសារមួយ ដែលជាម្ចាស់ស្រះចិញ្ចឹមត្រីនោះ រើសយកទៅចីញ្ចឹម ។
ករណីប្រទះឃើញទារិកាដែលម្តាយបោះចោលនេះ បានបង្កឲ្យការភ្ញាក់ផ្អើលឡើង នៅចំណុចជិតគុម្ពឫស្សី ក្បែរមាត់ស្រះ ខាងក្រោយផ្ទះរបស់គ្រួសារមួយ នៅភូមិផ្គរ សង្កាត់វាលពង់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលមានប្ដីឈ្មោះផុន ពៅ អាយុ២៣ឆ្នាំ ជាកម្មកររោងចក្រ និងប្រពន្ធឈ្មោះវ៉ាត ស្រីតូ អាយុ២៥ឆ្នាំ ជាកម្មការិនី រោងចក្រ ។ បច្ចុប្បន្នក្រុមគ្រួសារជាកម្មកររោងចក្រ ទាំងពីរនាក់នេះមានកូនប្រុសម្នាក់ ឈ្មោះពៅ ពិសិដ្ឋ អាយុ១ ខួបកន្លះ ។ ចំណែកទារិកាដែលគ្រួសារនេះរើសយកទៅចិញ្ចឹម បានដាក់ឈ្មោះថា នៅ បញ្ញាលាភ ។
លោកផុន ពៅ ដែលជាអ្នករើសទារិកាខាងលើ យកមកចិញ្ចឹម បានប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៣ ថា កាលពីវេលាម៉ោងនិងថ្ងៃកើតហេតុខាងលើ ខណៈដែលលោកនិងភរិយា ព្រមទាំងកូន កំពុងគេងនៅលើផ្ទះ ស្រាប់តែមានពូម្នាក់ នៅជិតផ្ទះរបស់លោក បានឡើងមកប្រាប់ថា គាត់ទៅងូតទឹកនៅស្រះ ទឹក ខាងក្រោយផ្ទះរបស់លោក បានឮសំឡេងក្មេងយំ សង្ស័យថា មានអ្នកណាយកមកបោះប្លុងចោល ទើប លោកប្រញាប់យកពិលទៅបញ្ចាំងមើល នៅកន្លែងដែលមានប្រភពសំឡេងក្មេងយំនោះ ហើយក៏បានប្រទះ ទារិកាអភ័ព្វម្នាក់ នៅក្នុងថង់ពណ៌ខៀវ មានសារុងមួយ គ្របពីលើ ហើយខ្លួនប្រាណនៅមានប្រលាក់ឈាម និងទងផ្ចិត មិនទាន់កាត់នៅឡើយ បញ្ជាក់ថា ទារកនេះភេទស្រី ទើបតែកើត ហើយម្ដាយយកមកបោះ ចោល តែម្ដង។ ទារកនេះ ទ្រលុកទ្រលន់ល្អណាស់ គឺពេលយកទៅថ្លឹង មានទម្ងន់ ៣គីឡូក្រាម មិនគួរណាម្ដាយ មានចិត្តឃោរឃៅ គ្មានមេត្តាករុណា យកមកបោះចោលយ៉ាងនេះសោះ ។
លោកផុន ពៅ បានរៀបរាប់បន្តថា លោកបានយកទារិកាអភ័ព្វនេះមកចិញ្ចឹម និងដាក់ឈ្មោះត្រឹមត្រូវ ដោយ យកត្រកូលរបស់លោកជាឪពុក លោកក៏បានរាយការណ៍ទៅប្រាប់ប្រធានភូមិ និងខាងសង្កាត់ផងដែរ ហើយ ខាងអាជ្ញាធរភូមិ មិនត្រឹមត្រូវតែយល់ព្រមឲ្យក្រុមគ្រួសារលោកយកក្មេងនេះទៅចិញ្ចឹម ថែរក្សាទេ ថែមទាំងជួយ សម្រួលក្នុងការចុះបញ្ជីអត្រាកូលដ្ឋាន ដូចជាសំបុត្របញ្ជាក់កំណើត ទៀតផង។
លោកផុន ពៅ បានបញ្ជាក់ថា មកដល់ពេលនេះ ខណៈដែលបានក្លាយជាឪពុកទារិកាអភ័ព្វដែលម្ដាយយក មកប្លុងចោលនេះ បាន៤ថ្ងៃ ក្រៅពីមានក្ដីរំភើបផង អរផងនេះ លោកពិតជាមានក្ដីអាណិតចំពោះ កូនស្រីនេះ ធំធេងណាស់ ហើយមូលហេតុដែលនាំឲ្យមានក្ដីអាណិតដ៏ធំធេងនេះ ដោយសារតែដំណើរជីវិតរបស់គេជួប រឿងអភ័ព្វតាំងពីកើតមក ដូចជារូបលោកដែរ គឺមានវាសនាដូចគ្នា ព្រោះលោកក៏មានអតីតកាល ឬប្រវត្តិជាក្មេង ដែលត្រូវឪពុកម្ដាយបង់បោះចោល តាំងពីកើតមកភ្លាមដែរ គឺលោកត្រូវបានម្ដាយយកទៅបោះចោលនៅ ក្នុង ភូមិសាមគ្គីភាព សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ហើយត្រូវឪពុកសព្វថ្ងៃ (ឪពុកចិញ្ចឹម) ប្រទះឃើញ រើសបាន ។ ប៉ុន្តែលោកមិនបានខឹងនឹងអ្នកមានគុណ ដែលមិនបានចិញ្ចឹម និងបានបោះបង់លោកចោលនោះទេ ផ្ទុយទៅវិញ មកដល់ពេលនេះ ខណៈដែលលោកមានវ័យ ២៣ឆ្នាំ និងមានប្រពន្ធ មានកូនហើយនេះ លោកក៏ព្រមទទួល ស្គាល់ពួកគាត់ជាឪពុកម្ដាយ តាមការណែនាំបង្ហាញប្រាប់ពីឪពុកម្ដាយចិញ្ចឹមរបស់លោក ដែលរើសលោក មកចិញ្ចឹម តាំងពីនៅក្រហមរងាលនោះ ។
លោកផុន ពៅ បានបញ្ជាក់បន្ថែមថា លោកប្ដេជ្ញាចិត្តចិញ្ចឹមបីបាច់ថែរក្សាកូនរើសបាននេះ ឲ្យបានល្អ រហូត ដល់ធំ ។ ជាមួយនេះ លោកក៏សូមផ្ដាំទៅស្រ្តីជាម្តាយទារិកាខាងលើ ក៏ដូចជាក្នុងន័យផ្ញើសារទៅស្រ្តីទូទៅដែរថា បើបង្កើតកូនហើយ អត់មានលទ្ធភាពចិញ្ចឹមទេ សូមប្រគល់ទៅឲ្យគេដែលមានលទ្ធភាពចិញ្ចឹមទៅ ឬអាចយកទៅ ដាក់នៅមណ្ឌលកុមារកំពា្រ កុំយកទៅបោះចោលតាមផ្លូវអ៊ីចឹង វាពិតជាគួរឲ្យសង្វេគសម្រាប់ជីវិតក្មេងណាស់ ព្រោះបើគ្នាមានបុណ្យខ្ពស់ បានជួបអ្នកមានចិត្តធម៌ យកទៅចិញ្ចឹមទៅ វាមិនអីទេ ចាត់ទុកជាសំណាងរបស់ ក្មេង ហើយ ប៉ុន្តែបើអត់មានអ្នកជួប ហើយបែរជាស្លាប់ដោយប្រការណាមួយនោះ វាពិតជាគួរឲ្យរន្ធត់តក់ស្លុតខ្លាំង ណាស់ ហើយក៏ជារឿងអាស្រូវពេញមួយជីវិតដែរ ដែលបង្កើតកូនហើយ បោះបង់ចោល ៕ កុលបុត្រ