ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះរូបភាព និងវីដេអូ និងមានការចែករំលែក (ស៊ែរ) ពេញបណ្តាញសង្គម ហ្វេស ប៊ុក និងយូធូប ស្តីពីបុរសទំនើងម្នាក់ បើកឡានកៀរអ្នកជិះម៉ូតូ ហើយថែមទាំងចុះពីលើឡាន មកវ៉ៃជនរងគ្រោះ ថែមទៀតនោះមក លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ក្មួយប្រុសបង្កើតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងចំអកឲ្យបុរសទំនើងម្នាក់នោះថា «ពូជចឹងៗ បើបាន១ក្បាលទុក ឲ្យយាមចម្ការ ល្អណាស់»។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា បានបង្ហោះរូបភាពនៅពេលដែលបុរសបង្កហេតុ ដែលបើករថយន្តកៀរអ្នកជិះ ម៉ូតូ ២នាក់ រួចបានឈប់ឡានកណ្តាលផ្លូវ ចុះមកវាយទៅលើជនរងគ្រោះដែលជិះម៉ូតូនោះ នៅក្នុងគណនីបណ្តា ញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ជាមួយសំណេរថា «ពូជចឹងៗ បើបាន ១ក្បាល ទុកឲ្យយាមចម្ការ ល្អណាស់»។
សំណេររបស់លោកផ្កាយ៣ ហ៊ុន ជា ខាងលើនេះ ទោះបីខ្លី តែមានន័យជ្រៅ និងចំៗ ធ្វើឲ្យអ្នកប្រើបណ្តាញសង្គម លើកឡើងថា បើបុរសជាអ្នកបើករថយន្តបង្កហេតុបានឃើញ ប្រាកដជាឆ្អែតបាយ ៣ថ្ងៃមិនខាន ចំពោះអត្ថន័យ នៃសំណេររបស់លោកហ៊ុន ជា ក៏ដូចជាទង្វើបំពានលើអ្នកដទៃរបស់ខ្លួន ដែលធ្វើឲ្យក្មួយសម្តេចនាយករដ្ឋមន្ត្រី ទើសភ្នែកចំពោះជនទំនើងដែលបំពានលើជនស្លូតត្រង់ម្នាក់នេះយ៉ាងខ្លាំង ហើយលោកបង្ហាញការឈឹឆ្អាលចំ ពោះភាពអយុត្តិធម៌ក្នុងសង្គម ដែលបុរសជាអ្នកបើករថយន្តដ៏ទំនើងម្នាក់នោះ ខ្លួនឯងប្រព្រឹត្តកំហុសលើគេ ហើយ បែរជាបង្កហិង្សលើជនរងគ្រោះថែមទៀត ដែលសមត្ថកិច្ចពាក់ព័ន្ធ គួរតែស្រាវជា្រវ នាំខ្លួនបុគ្គលល្មើស ម្នាក់នោះ យកមកអប់រំ ឬចាត់ការតាមផ្លូវច្បាប់ ដើម្បីជាកាព្រមានកុំឲ្យបុគ្គលដទៃទៀត អាងអំណាច ប្រព្រឹត្តអំពើ ខុសឆ្គងដែលសង្គមស្អប់ខ្ពើមបែបនេះទៀត។
សូមបញ្ជាក់ថា ការបង្ហោះរូបភាព និងសំណេរចាក់ដោតរបស់លោកហ៊ុន ជា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីក្នុង បណ្តាញសង្គម ហ្វេសប៊ុក មានការបង្ហោះ ចែករំលែក (ផុស និងស៊ែរ) ព្រោងព្រាត នាប៉ុន្មានថ្ងៃចុងក្រោយនេះ នូវវីដេអូ និងរូបភាពស្តីពីបុរសម្នាក់ វ័យប្រមាណ៣០-៤០ឆ្នាំ បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ហាយឡែនដឺរ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-5420 បានងាកចង្កូតមកខាងស្តាំ គេចរថយន្ត១គ្រឿង ដែលឆ្លងផ្លូវ នៅខាងមុខ បណ្តាលឲ្យកៀរ និងកិនជើងអ្នកជិះម៉ូតូ ១គ្រឿង ជិះគ្នា ២នាក់ ហើយភ្លាមៗនោះ បុរសជាអ្នកបើក បររថយន្ត មិនត្រឹមតែមិនបានសុំទោសជនរងគ្រោះ ថែមទាំងឈប់ឡានកណ្តាលផ្លូវ បើកទ្វារចុះមកវាយទៅ លើអ្នកជិះម៉ូតូថែមទៀត ធ្វើឲ្យមហាជនដែលបានឃើញរូបភាពបែបនេះ មានការហួសចិត្ត និងខឹងសម្បា ចំ ពោះបុរសជាអ្នកបើកបររថយន្តម្នាក់នោះជាខ្លាំង រហូតលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា យករូបភាពបុរសម្នាក់ នោះ មកបង្ហោះ និងសរសេរពាក្យដ៏ចុកៗ ដូចខាងលើ។
ដោយឡែក ពាក់ព័ន្ធករណីខាងលើនេះដែរ លោកផែង វណ្ណ: អ្នកសារព័ត៌មាន និងជាសប្បុរសជន ដែល ចូលចិត្តឈឺឆ្អាលរឿងសង្គម ជួយរកយុត្តិធម៌ជូនជនស្លូតត្រង់ ក៏បានសម្តែងការហួសចិត្តចំ ពោះទង្វើរបស់ បុរសជាអ្នកបើកបររថយន្តបង្កហេតុម្នាក់នោះ ដោយលោកបានយករូបភាពរថយន្តបង្កហេតុ មកបង្ហោះក្នុង គណនី និងទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ជាមួយសំណេរបែបលេងសើច បន្លំមែន ប្រកាសបបួលបុគ្គលហិង្សាម្នាក់នោះ បើខ្លាំងអ៊ីចឹង មកវ៉ៃ ១ស្មើ ជាមួយលោកវិញ ឆាប់ល្បីជាង កុំដើរវ៉ៃប្រជាជនស្លូតត្រង់ បែបនេះ។
លោកផែង វណ្ណ: បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកថា «បងប្អូនណាស្គាល់ម្ចាស់រថយន្តហាយឡែនដឺរ ពាក់ស្លាកលេខ 2AD-5420 ភ្នំពេញ អាចជម្រាបគាត់មកវ៉ៃ ១ស្មើជាមួយខ្ញុំបាន ចង់ឡើងសង្វៀនមួយណាក៏បាន ។ ក្បាច់គុនដែលត្រូវវ៉ៃ គឺតេក្វាន់ដូ និងការ៉ាតេដូ ។ បើម្ចាស់រថយន្តហាយឡែនដឺរ បានឃើញ សូមទាក់ទង មក ខ្ញុំលេខ 012 933 883 សូមកុំដើរវ៉ៃប្រជាជនស្លូតត្រង់ មកវ៉ៃជាមួយខ្ញុំ បានឆាប់ល្បី»។
ជុំវិញករណីខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីបុរសជាអ្នកបើក បររថយន្តបង្កហេតុ ខាងលើ បានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីភាគី ពាក់ព័ន្ធទាំង អស់៕ ខៀវទុំ