Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធពោះធំ ប្តីឡានកិនស្លាប់

ប្រពន្ធពោះធំ ប្តីឡានកិនស្លាប់

ភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រ កំពុងមានផ្ទៃពោះម្នាក់ ដល់ម៉ោងចេញពីធ្វើការ បានធ្វើដំណើរផ្ទះជួលមុន រៀបចំបាយទឹក រង់ចាំប្តីមកហូបជុំគ្នា លុះបុរសជាប្តី ជិះម៉ូតូត្រឡប់មកផ្ទះវិញ តាមផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគ្នាដួលលើទ្រូងផ្លូវ និងត្រូវរថយន្តដឹកទំនិញ ១គ្រឿង ជ្រុលមកបុកនិងកិនអូសប្រមាណ៥០ម៉ែត្រ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យស្ត្រីជាប្រពន្ធរន្ធត់ចិត្តយ៉ាងខ្លាំង ពេលទៅដល់កន្លែងកើតហេតុ ឃើញប្តីដេកស្លាប់ក្រោមកង់រថយន្ត បានស្រែកទួញយំបោកខ្លួនគួរឱ្យសង្វេគ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីសែនមនោរម្យ ភូមិអូរដឹម សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ចោលប្រពន្ធមានផ្ទៃពោះនោះ មានឈ្មោះប៉ែន ពិសិដ្ឋ អាយុ២៨ឆ្នាំ មុខបររកម្មកររោងចក្រស្បែកជើង “យីងដុង” ស្នាក់នៅផ្ទះជួលក្រោយសាលាបឋមសិក្សាអូដឹម ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងមានប្រពន្ធកំពុង មានផ្ទៃពោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានជិះ ម៉ូតូ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JZ-8580 ចេញពីរោងចក្រ បំណងទៅ ហូបបាយថ្ងៃត្រង់ ជុំប្រពន្ធនៅផ្ទះជួល។ ខណៈនោះ ពេលជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីត្បូង ទៅជើង ចេញពីផ្លូវបេតុងបុរីសែនមនោរម្យ ហើយឆ្លងផ្លូវជាតិលេខ៤ ដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបានបុក គ្នាជាមួយម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដាស្កុបពី ដូចគ្នា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JW-6902 បើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិច ទៅកើត បណ្តាលឱ្យដួលទាំងអស់គ្នាតែម្តង។

ប្រភពដដែល បន្តថា ខណៈនោះ បុរសរងគ្រោះដែលជិះម៉ូតូស្កុបពី ពណ៌ខ្មៅ បានខ្ទាតទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្តដឹកទំនិញ ១គ្រឿងម៉ាក FUSO ក្បាលពណ៌ស កន្ទុយរ៉ឺម៉កពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេពេញ 3B-4090 របស់ក្រុមហ៊ុនដឹកជញ្ជូន LMH  បើកបរក្នុងទិសដៅពីកើត ទៅលិច មកដល់ល្មម រួចក៏ជ្រុល កិនអូសជនរងគ្រោះប្រមាណជាង៥០ម៉ែត្រ បណ្តាលឱ្យបែកធ្លាយពោះ ស្លាប់ជាប់ក្រោមកង់ក្រោយរថយន្ត យ៉ាងរន្ធត់។ ចំណែកបុរសម្នាក់ទៀតដែលជិះម៉ូតូស្កុបពី ពណ៌ស បានរងរបួសធ្ងន់ និងត្រូវបានដឹកយកទៅ សង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធជនរងគ្រោះដែលកំពុងមានផ្ទៃពោះ បានស្រូតដំណើរមកដល់ទីតាំងកើតហេតុ ភ្លាមៗ និងបានស្រែកទ្រហោយំស្ទើរសន្លប់បាត់ស្មារតី ព្រោះតែទទួលយកមិនបាន នៅពេលឃើញសភាព ប្តីដេកស្លាប់ជាប់ក្រោមកង់រថយន្តបែបនេះ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា នាងនិងប្តី ធ្វើការនៅរោងចក្រជាមួយគ្នា ហើយមុន ពេលកើតហេតុ ដោយសារតែនាងមានផ្ទៃពោះ ទើបខាងរោងចក្រអនុញ្ញាតឱ្យចេញមុនកន្លះម៉ោង ហើយនាង បានទៅចាំប្តីនៅផ្ទះជួលមុន ដោយរៀបចំបាយម្ហូបរួចជាស្រេចរង់ចាំហូបបាយជុំប្តី តាមទម្លាប់។ លុះកំពុងអង្គុយចាំផ្លូវប្តី ស្រាប់តែលាន់ឮសំឡេងទូរស័ព្ទរោទ៍ នឹកស្មានថាប្តី ដឹងអីមានអ្នកស្គាល់គ្នាប្រាប់ថា ប្តីរបស់នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់ទៅហើយ ធ្វើឱ្យនាងស្ទើរមិនចង់ជឿ ក៏ប្រញាប់ស្រូតដំ ណើរមកដល់កន្លែងកើតហេតុ ក៏ប្រទះឃើញប្តីដេកស្លាប់យ៉ាងរន្ធត់បែបនេះតែម្តង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ ចោមចៅទី៣ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅសម្រួលចរាចរណ៍មិនឱ្យកកស្ទះ។ រួចទាក់ទងទៅកាន់នគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង និងអូសយករថយន្ត និងម៉ូតូ ទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយតាមច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើ បុណ្យតាមប្រពៃណី៕

RELATED ARTICLES