បាត់ដំបង ៖ គូស្នេហ៍វ័យក្មេង ១គូ បានទាក់ទងស្នេហាគ្នាយ៉ាងស៊ីជម្រៅ អស់រយៈពេល ៥ខែមកហើយ ដោយ ធ្លាប់ដឹកដៃគ្នាឡើងផ្ទះសំណាក់ រួមរ័កមេត្រី ជាច្រើនលើកច្រើនសា ហើយអំឡុងពេលនោះ ខាងប្រុសតែងលួច ថតរូបអាក្រាតសង្សាររបស់ខ្លួនទុក លុះក្រោយមក ស្នេហាដល់ទីបញ្ចប់ ខាងស្រីសុំបែកចែកផ្លូវ ធ្វើឱ្យខាងប្រុស ខឹង ក៏យករូបអាក្រាតកាយរបស់នារីជាសង្សារ បង្ហោះចែកចាយពេញបណ្តាញសង្គម ទីបំផុតត្រូវសមត្ថកិច្ចចាប់ វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនយុវជនបង្ហោះរូបអាក្រាតអតីតសង្សារនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។យុវជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខៃ យីងយុង អាយុ១៩ឆ្នាំ មានលំនៅ ភូមិគីឡូ១៣ ឃុំ សន្តិភាព ស្រុកសំពៅលូន។ ចំណែកយុវតីរងគ្រោះជាសង្សារ មានអាយុ១៩ឆ្នាំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងបន្ទាប់ពីយុវតីជាអតីតសង្សារ ដែលមានអាយុ១៩ឆ្នាំ បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចថា ជនសង្ស័យជាអតីតសង្សារ បានយករូបអា ក្រាតរបស់នាង ទៅបង្ហោះជាសាធារណៈ នៅក្នុងបណ្តាញសង្គម និងថែមទាំងផ្ញើចែកចាយទៅកាន់មនុស្ស ដទៃទៀត ដែលជាមិត្តភក្តិរបស់នាងទៀតផង។ លុះទទួលបានពាក្យបណ្តឹងពីយុវតីរងគ្រោះ កម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើ ដល់ផ្ទះតែម្តង កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
ប្រភពដដែល បន្តថា យុវតីរងគ្រោះ បានដាក់ពាក្យបណ្តឹង ប្តឹងអតីតសង្សាររបស់នាង ឈ្មោះខៃ យីងយុង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោយពេលឃើញរូបអាក្រាតរបស់នាង ត្រូវបានអតីតសង្សាររូបនេះ យកទៅបង្ហោះតាមបណ្តាញសង្គម ដែលមានគណនីឈ្មោះ Vann Ying Yung ហើយថែមទាំងបាន ផ្ញើរូប អាក្រាតនោះ ចែករំលែកទៅកាន់មិត្តភក្តិរបស់នាង ចំនួន២នាក់ទៀតផង។ នៅពេលឃើញបែបនេះ យុវតីរង គ្រោះ ប្រញាប់ប្រញាល់ទៅដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
យោងតាមចម្លើយសារភាពបឋមរបស់ជនសង្ស័យ ឈ្មោះខៃ យីងយុង បានរៀបរាប់ថា រូបគេពិតជាបានយករូប អាក្រាតកាយរបស់យុវតីរងគ្រោះ ដែលជាអតីតសង្សារ ទៅបង្ហោះក្នុងបណ្តាញសង្គមមែន ហើយថែមទាំងបាន ផ្ញើរូបអាក្រាតនោះ ទៅកាន់មិត្តភក្តិរបស់នាង ២នាក់ទៀត ឱ្យបានឃើញទៀតផង។
ជនសង្ស័យខាងលើ បានសារភាពទៀតថា រវាងរូបគេ និងយុវតីរងគ្រោះ ធ្លាប់បានទំនាក់ទំនងស្នេហាជាមួយគ្នា ចាប់តាំងពីខែមករា ឆ្នាំ២០២៣ រហូតមក និងឈានដល់ការណាត់គ្នារួមមេត្រី បានសម្រេចប្រហែល ៥ទៅ៦ដង ផងដែរ។ ប៉ុន្តែក្រោយមក រូបគេនិងយុវតីជាសង្សារ ចេះតែឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់ រហូតចុងក្រោយនេះ នាងទទូចសុំបែកគ្នាតែម្តង។ មិនត្រឹមតែសុំបែកផ្លូវគ្នាទេ ប៉ុន្មានថ្ងៃចុងក្រោយនេះ យុវតីរងគ្រោះ បានប្លុកហ្វេស ប៊ុក របស់គេចោលទៀត ទើបធ្វើឱ្យរូបគេខឹងសម្បាខ្លាំងពេក ក៏សម្រេចចិត្តបង្ហោះរូបអាក្រាតរបស់នាង បែបនេះ តែម្តង។
ជនសង្ស័យ បានបញ្ជាក់ថា រូបភាពអាក្រាតកាយរបស់អតីតសង្សារ ដែលខ្លួនយកទៅបង្ហោះក្នុង បណ្តាញសង្គម នោះ ជារូបដែលខ្លួនគេបានថតនៅពេលរួមរ័កជាមួយគ្នា ហើយមុនពេលខ្លួនបង្ហោះរូបអាក្រាតនោះ ខ្លួនបានផ្ញើ តាម (ឆាត) ទៅកាន់មិត្តភក្តិស្រីរបស់នាង ចំនួន២នាក់ឱ្យបានឃើញដែរ បន្ទាប់មកក៏ត្រូវនាងប្តឹងតែម្តង។
យុវជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញអធិការស្រុកសំពៅលូន ឃាត់ខ្លួន រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕