ស្វាយរៀង ៖ យុវជនជាសិស្សសាលាម្នាក់ ទើបនឹងចេញពីរៀន ជិះម៉ូតូ ១គ្រឿង សំដៅទៅផ្ទះវិញ ស្រាប់តែ នៅតាមផ្លូវ ត្រូវជនសង្ស័យបានស្ទាក់ឱ្យឈប់ រួចនិយាយលួងលោម និងដាក់ថ្នាំសណ្តំយកម៉ូតូទៅបាត់ដោយ សុវត្ថិភាព បន្សល់ទុកយុវជនជាសិស្សសាលា មានសភាពរវើរវាយ លែងនិយាយស្តី។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១១និង០៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចខាងក្រោយ មន្ទីរពេទ្យខេត្តស្វាយរៀង ស្ថិតក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា ក្មេងសិស្សសាលារងគ្រោះដែលជន សង្ស័យ ដាក់ថ្នាំយកម៉ូតូ មានឈ្មោះអេង កំណាន់ អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់ក្នុងភូមិចេក សង្កាត់ចេក ក្រុងស្វាយ រៀង។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យយកទៅបាត់ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ស្វាយរៀង 1T-7700 ជាកម្មសិទ្ធិរបស់ឈ្មោះភោគ គឹមសាន្ត រស់ក្នុងភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង។
ប្រភពដដែល បានឱ្យដឹងថា មុនកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ចេញពីវិទ្យា ល័យស្វាយរៀង ដូចសព្វដង ខណៈជិះដល់ចំណុចខាងក្រោយមន្ទីរពេទ្យខេត្តស្វាយរៀង ស្ថិតក្នុងភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ស្រាប់តែមានជនសង្ស័យ បានមកស្ទាក់ផ្លូវឱ្យឈប់ ហើយក៏បាននិយាយ ឆបោក និងដាក់ថ្នាំធ្វើឱ្យក្មេងរងគ្រោះ វង្វេងវង្វាន់ លែងនិយាយស្តី ទើបជនសង្ស័យបានទាញយកម៉ូតូជិះគេច ខ្លួនបាត់ទៅ។
ករណីនេះ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដើម្បីតាមចាប់ខ្លួនយកមកចាត់ ការតាមច្បាប់ ឱ្យខាងតែបាន៕