រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានស្ត្រីជាបុគ្គលិកកាស៊ីណូណាហ្គា រត់មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ឲ្យធ្វើការឃាត់ខ្លួន ខណៈពេលដែលនាងនិងមិត្តភក្តិស្រីម្នាក់ទៀតចេញពីធ្វើការនាំគ្នាជិះម៉ូតូទៅផ្ទះតាមផ្លូវ ហើយត្រូវបុរសម្នាក់ខាងលើជិះម៉ូតូតាមលេបខាយពាក្យសម្ដីដាក់នាង ហើយនាងមិនព្រមក៏មានការឈ្លោះប្រកែកតឹងមាត់ដាក់គ្នា និងឈានទៅដល់ការប្រតាយប្រតប់គ្នាបង្កជារបួសស្នាមផងដែរ ហើយនាងក៏រត់ទៅដាក់ពាក្យបណ្តឹងឲ្យធ្វើការឃាត់ខ្លួន និងទាប្រាក់សំណងចំនួន២៥០ដុល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ នៅចំណុចក្បែររបងស្ថានទូតរុស្សី ផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសជាប់ចោទមានឈ្មោះ គង់ វុធ អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំចាក់អង្រែលើ ខណ្ឌមានជ័យ មានស្រុកំណើតនៅភូមិត្រោក ឃុំតាលួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ស្ត្រីរងគ្រោះមានឈ្មោះ សោម ស្រីឡេង អាយុ៣៥ឆ្នាំ បុគ្គលិកកាស៊ីណូណាហ្គា មានទីលំនៅផ្ទះលេខ១៩៩ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងមិត្តភក្តិស្រីម្នាក់ទៀតជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ប.មានជ័យ ១K-៣៥៩៨ មួយគ្រឿងចេញពីធ្វើការទៅផ្ទះ ហើយក៏ត្រូវបុរសអ្នករត់ម៉តូឌុបម្នាក់ខាងលើ ជិះម៉ូតូតាមលេបខាយនាងដោយបាននិយាយថា “ចង់ខ្ជីលុយបងចាយទេ បើចង់ ជិះម៉ូតូតាមបងមក” ដោយជិះណ្តើរនិយាយបណ្តើរនោះ ស្ត្រីរងគ្រោះមិនព្រម និងស្អប់ខ្ពើមនូវពាក្យសម្ដីលេបខាយខាងលើ ក៏បន្តដំណើរដោយជិះម៉ូតូរហូតទៅដល់កន្លែង
កើតហេតុខាងលើ ហើយនាងនៅតែមិនព្រមតាមខ្លួននោះ បុរសរូបនោះក៏ធាក់ម៉ូតូរបស់នាងដួល ហើយក៏ធ្វើការប្រតាយប្រតប់គ្នាបង្កឲ្យនាងរងរបួស ហើយនាងក៏រត់ទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ឲ្យជួយរកយុត្តិធ៌ម តែម្តង។
ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់នារីរងគ្រោះរួចហើយ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ក៏ធ្វើការឃាត់ខ្លួនបុរសអ្នករត់ម៉ូតូឌុបបង្ករបួសស្នាមម្នាក់នោះ មកធ្វើការសម្របសម្រួលគ្នា ដោយរូបគេយលព្រមសងថ្លៃទារជំងឺចិត្តចំនួន២៥០ដុល្លារ ទៅឱ្យភាគីខាងនារីរងគ្រោះជាការបញ្ចប់រឿងផងដែរ៕