Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចំជាពួកអាក្រពើមែន! សាហាវណាស់ ម្ចាស់ធ្លាក់ ចូលអាង ក្រពើខាំហែកស៊ី

ចំជាពួកអាក្រពើមែន! សាហាវណាស់ ម្ចាស់ធ្លាក់ ចូលអាង ក្រពើខាំហែកស៊ី

សៀមរាប ៖ បុរសម្នាក់ ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ធំ១កន្លែង នៅខេត្តសៀមរាប និងជាប្រធានសមាគមអ្នក ចិញ្ចឹមក្រពើ ផងនោះ បានជួបគ្រោះអកុសល អំឡុងពេលកំពុងដាក់ចំណីឱ្យសត្វក្រពើស៊ី រអិលជើងធ្លាក់ចូល អាងក្រពើ ត្រូវបានហ្វូងសត្វក្រពើធំៗ ខាំហែកស៊ី បណ្តាលឱ្យដាច់ដៃដាច់ជើង រយះរយាយខ្លួនប្រាណ ស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៥ទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចអាងចិញ្ចឹមក្រពើ របស់ជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

បុរសរងគ្រោះដែលត្រូវសត្វក្រពើខាំហែកស៊ី រហូតដល់ស្លាប់យ៉ាងអាណោចអាធ័មនោះ មានឈ្មោះលួន ណាំ អាយុ៧២ឆ្នាំ មុខរបរម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ និងជាប្រធានសមាគមអ្នកចិញ្ចឹមក្រពើ មានលំនៅក្នុងភូមិពោធិ៍ បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល ៥ទៀបភ្លឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បុរសរងគ្រោះ ក្រោយពេលត្រឡប់មកពីដើរហាត់ប្រាណវិញ បានទៅដាក់ចំណីឱ្យ សត្វក្រពើ ដែលគាត់ចិញ្ចឹម តាមទម្លាប់។ ស្រាប់តែអកុសល ខណៈដែលកំពុងដាក់ចំណីឲ្យក្រពើនោះ គាត់ រអិលជើង ធ្លាក់ចូលទៅក្នុងអាងក្រពើ ក៏ត្រូវសត្វក្រពើធំៗ ១ហ្វូង បានព្រួតខាំត្របាក់ជនរងគ្រោះ បណ្តាល ឱ្យដាច់ដៃជើង រយះរយាយសាច់សុសខ្លួន រហូតដល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ក្នុងអាងក្រពើ នៅបរិវេណផ្ទះរបស់គាត់តែម្តង ហើយសួម្បីស្បែកជើងរបស់ជនរងគ្រោះ ក៏ត្រូវក្រពើខាំស៊ីផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានសាកសួរ ស្រាវជ្រាវរកមូល ហេតុពិតប្រាកដ ជុំវិញករណីខាងលើនេះ។ករណីនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញក្រុងសៀមរាប ខេត្តសៀមរាប ព្រោះ តែជនរងគ្រោះ ជាអ្នកមានមុខមាត់ម្នាក់ នៅក្រុងសៀមរាប ដែលតែងបរិច្ចាគទាន ជាបន្តបន្ទាប់ ក្នុងការចូលរួមកសាងវិស័យ ពុទ្ធចក្រ និងអាណាចក្រ មិនគួរណាមករងគ្រោះ ដោយសារតែ សត្វក្រពើដែលខ្លួនចិញ្ចឹម ឲ្យចំណីស៊ីរាល់ ថ្ងៃបែបនេះសោះ ។ ករណីនេះ ធ្វើឲ្យមនស្សទូទៅ មានការតក់ ស្លុតរន្ធត់ចិត្ត អាណិតអាសូរដល់ជន រងគ្រោះ ជាពន់ពេក និងលាន់មាត់គ្រប់គ្នាថា «ចំជាពួកអាក្រពើមែន! អត់ស្គាល់ អត់ដឹងគុណម្ចាស់ខ្លួនឯងសោះ ម្ចាស់ ធ្លាក់ចូលអាង ពួកអាក្រពើ វាព្រួតគ្នា ខាំហែកសាច់ម្ចាស់វាស៊ី យ៉ាងសាហាវបំផុត»។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់ជនរងគ្រោះ ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប៕

RELATED ARTICLES