Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចៅវ៉ៃក្បាលយាយ២ដំបងដែក ខឹងដេញចេញពីផ្ទះ

ចៅវ៉ៃក្បាលយាយ២ដំបងដែក ខឹងដេញចេញពីផ្ទះ

បាត់ដំបង ៖ បុរសម្នាក់ បានដើរទៅដេកនៅខាងមុខផ្ទះជីដូនរបស់ខ្លួន ស្រាប់តែជីដូនបាន ស្តីបណ្តេញ មិនឱ្យចៅប្រុសដេកមុខផ្ទះរបស់គាត់ ជាហេតុធ្វើឱ្យចៅប្រុសផ្ទុះកំហឹង ស្ទុះទាញដែកបំពង់ទីប វាយជី ដូនរបស់ខ្លួន ចំនួន២បំពង់ទីប ចំក្បាល បណ្តាលឱ្យរយះក្បាល រងរបួសយ៉ាងដំណំ និងត្រូវបានដឹក បញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកជនដៃដល់ជាចៅប្រុស ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ចៅប្រុសវាយជីដូនបង្កើតខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពី វែលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៤ ភូមិអូរញរ ឃុំបឹងព្រីង ស្រុក ថ្មគោល។

ជនសង្ស័យដែលវាយជីដូនបង្កើតឱ្យរងរបួស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឌៀប វុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ត្រូវជាចៅ រស់នៅផ្ទះជិតគ្នា) ស្ថិតនៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល។ ចំណែកស្ត្រីរងគ្រោះជាជីដូន មានឈ្មោះកែ ស្រីង៉ាំ ភេទស្រី អាយុ៧៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ជាចៅប្រុសបង្កើត បានដើរទៅដេកនៅ ខាងមុខផ្ទះរបស់ស្ត្រីចំណាស់រងគ្រោះ ជាជីដូន លុះបន្តិចក្រោយមក ស្ត្រីចំណាស់ជាជីដូន បានដេញជនសង្ស័យ មិនឲ្យដេកនៅមុខផ្ទះរបស់គាត់នោះទេ ស្រាប់តែជនសង្ស័យខឹងសម្បា ក៏ធ្វើសកម្មភាពយកដំបងដែកទីបជ្រុង វាយលើជនរងគ្រោះ ជាជីដូន ចំនួន២ដំបង បណ្តាលឱ្យរងរបួសរយះក្បាលផ្នែកខាងលើ ហូរឈាមស្រោចខ្លួន និងត្រូវបានក្រុមគ្រួសារនាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីកើតមានករណីខាងលើភ្លាម ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់ អធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរ និងដកហូតបានដែកទីបជ្រុង ជាវត្ថុតាងផង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជីដូនបង្កើតខ្លួនឯង ចំនួន២ដំបង ទីប ប្រាកដមែន មូលហេតុដោយសារតែខឹងជីដូនដេញមិនឱ្យដេកនៅខាងមុខផ្ទះ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីនៅព្រឹកថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ ២០២៣៕

RELATED ARTICLES