Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរឆក់ ប៉ូលិសចាប់បាន សុំទោសប្រពន្ធ “បងខុស ហើយអូន”

ចោរឆក់ ប៉ូលិសចាប់បាន សុំទោសប្រពន្ធ “បងខុស ហើយអូន”

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ខ្សែក ១ខ្សែ ពីស្ត្រីម្នាក់ បានសម្រេច រួចរត់គេចខ្លួនបាន៧ថ្ងៃ ត្រូវសមត្ថកិច្ចជំនាញតាមចាប់ខ្លួនបាន ស្រាប់តែដឹងខ្លួនខុស ផ្តាំសុំទោសប្រពន្ធថា “ឱ្យបងសុំទោស បងដើរផ្លូវ ខុសហើយអូន”។

ករណីឆក់ខ្សែកខាងលើនេះ បានកើតឡើង តាំងពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅជិតបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ រហូតមកដល់វេលាម៉ោង ៦និង ៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះតេង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដា ស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JX-8157 លេខតួ និងលេខម៉ាស៊ីន 8342320។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះទូច ស៊ីណេ ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ បាត់បង់ខ្សែកប្លាទីន ១ខ្សែ ទម្ងន់៤ជី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរចេញពីបន្ទប់ជួល ដែលមាន ចម្ងាយប្រមាណ២០០ម៉ែត្រ ដើម្បីទៅទិញបាយហូប លុះពេលទិញបាយរួច ដើរត្រឡប់ទៅកាន់បន្ទប់ជួលវិញ ជិតដល់ទៅហើយ ស្រាប់តែជនសង្ស័យខាងលើ ជិះម៉ូតូទៅជិត រួចឆក់ខ្សែក បានសម្រេច រួចជិះម៉ូតូគេចខ្លួន បាត់ស្រមោល។

បន្ទាប់មកស្ត្រីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ឱ្យជួយអន្តរាគមន៍ ហើយកម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ រយៈពេល៧ថ្ងៃ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបាន នៅថៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពប្រាប់ថា កាលពី៧ថ្ងៃមុន ខ្លួនពិតជាបានធ្វើ សកម្មភាពឆក់ខ្សែកពីស្ត្រីរងគ្រោះប្រាកដមែន។ ជាមួយនេះ ជនសង្ស័យ បានផ្តាំទៅសុំទោសប្រពន្ធរបស់ខ្លួនថា “ឱ្យបងសុំទោស បងដើរផ្លូវខុសហើយអូន”។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES