Tuesday, September 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចៅអធិការវត្ត ទុកបណ្តាំលា ចងក

ចៅអធិការវត្ត ទុកបណ្តាំលា ចងក

កំពង់ចាម ៖ ព្រះចៅអធិការវត្តវ័យចំណាស់មួយអង្គ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ ព្យាបាលមិនជា ដាច់ព្រះទ័យ ចងកបញ្ចប់ជីវិតនៅក្នុងកុដិ ដោយបន្សល់ទុកសំបុត្រ ១ច្បាប់ ផ្តាំលាញាតិញោមថា ព្រះអង្គមិនអាចទ្រាំទ្រ នឹងអាការជំងឺក្នុងព្រះកាយ បន្តទៀតបានឡើយ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងវត្តបទុមគិរីសារវន្ត ក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

ព្រះចៅអធិការដែលធ្វើអត្តឃាត មានព្រះនាម ឯម សំអឿន ព្រះជន្ម៨១ព្រះវស្សា ជាព្រះចៅអធិការវត្តបុទុមគិរី សារវន្ត ហៅវត្តបិតធ្នូ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ព្រះតេជគុណ ឯម សំអឿន ព្រះចៅអធិការវត្តបទុមគិរី សារវន្ត ហៅវត្តបិតធ្នូ បានសិងនៅក្នុងកុដិរបស់ព្រះអង្គ តាមធម្មតា រហូតមកដល់វេលារសៀល ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៣ គណៈកម្មការវត្ត ដែលនៅលើកុដិឈើនោះ បានគោះទ្វារហៅព្រះអង្គ តែមិនឮសំឡេងតប ទើបនឹកឆ្ងល់ ក៏នាំគ្នារុញទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញព្រះចៅអធិការ បានចងកធ្វើអត្តឃាតសុគត បាត់ទៅហើយ ដោយប្រើខ្សែស្បង់ចីវរ ចងក ជើងផុតពីរនាប ប្រហែលជិតមួយម៉ែត្រ។

ភ្លាមៗនោះ គណៈកម្មការ និងតាអាចារ្យ បាននាំគ្នាស្រាយចំណង ដាក់ព្រះអង្គចុះក្រោម ដើម្បីសង្គ្រោះ តែយឺត ពេលទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញ ចុះមកពិនិត្យ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ក្រុមជំនាញបច្ចេកទេស សហការជាមួយមណ្ឌលសុខភាពអូរម្លូ បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសពព្រះចៅអធិការវត្តបិទធ្នូ រួចបញ្ជាក់ថា មិនមានជាប់ពាក់ព័ន្ធ ទៅនឹងអំពើឃាតកម្មនោះទេ ពោលគឺពិតជាករណីអត្តឃាតប្រាកដ មែន។

ដោយឡែក នៅក្នុងកុដិព្រះចៅអធិការ សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំ ១ច្បាប់ ដែលមានខ្លឹមសារថា “អាត្មាភាព សូមលាបងប្អូន កូនចៅទាំងអស់ ធ្វើបុណ្យឱ្យអាត្មាភាពផង បានជាអាត្មាគិតខ្លី គឺរោគអាត្មា ច្រើនណាស់ ឫសដូងទុំហើយ ទឹកនោមផ្អែម លើសឈាម ក្រពះពោះវៀន រោគនៅច្រើនទៀត ទ្រាំមិនបាន រស់ក៏ពិបាក សូមឱ្យក្មួយសុក ជា ប្អូនទ្រី អូនសុង និងយាយតាទាំងអស់ កុំអាក់អន់ចិត្តអី សូមលាហើយ លាទាំងអាល័យ…”។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មូលហេតុដែលព្រះចៅអធិការវត្ត សម្រេចព្រះទ័យធ្វើអត្តឃាតបែបនេះ ក៏ដោយសារតែជំងឹប្រចាំកាយ លើសឈាម ក្រពះ ពោះវៀន ឡើងជាតិស្ករ និងឫសដូងបាត ដែលចេះតែធ្វើ ទុក្ខព្រះអង្គ រហូតដល់ទ្រាំទ្រលែងបាន។

ប្រភពដដែល បានបន្ថែមថា កន្លងទៅព្រះចៅអធិការ ធ្លាប់បានប៉ងធ្វើអត្តឃាតម្តងដែរ ដោយប្រុងឆាន់ថ្នាំ ជាច្រើនគ្រាប់ តែត្រូវបានគណៈកម្មការវត្តឃើញទាន់ និយាយលួង ធ្វើឱ្យព្រះអង្គរសាយព្រះទ័យវិញ។ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ គេសង្កេតឃើញព្រះអង្គសិងមិនបាន ពិបាកក្នុងព្រះកាយ រហូតដល់ សម្រេចព្រះទ័យគិតខ្លីបែបនេះតែម្តង។

ក្រោយពិនិត្យរួចរាល់ ក្រុមគណៈកម្មការចម្រុះ បានប្រគល់សពឱ្យខាងគណៈកម្មការវត្ត រៀបចំធ្វើបុណ្យតាម ប្រពៃណីព្រះពុទ្ធសាសនា៕

RELATED ARTICLES