Wednesday, May 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្មករលាងឡាន បើកឡានបុកស្រីជូតឡាន

កម្មករលាងឡាន បើកឡានបុកស្រីជូតឡាន

សៀមរាប ៖ យុវជនជាកម្មករលាងរថយន្ត ១កន្លែង ទើបនឹងចេះបើករថយន្តថ្មោងថ្មី ក៏ឡើងទៅសាកបើករថយន្ត ១គ្រឿង ដែលភ្ញៀវយកមកលាង បំណងឱ្យគេជូតសម្អាត ស្រាប់តែច្រឡំជាន់ហ្គារស្មានថាហ្វ្រាំង ធ្វើឱ្យជ្រុលទៅ បុកស្ត្រីជាកម្មករជូតរថយន្តម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ រួចជ្រុលបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរង ការខូចខាត ថែមទៀត។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ ចំណុចទីតាំងលាងរថយន្ត ១កន្លែង យីហោ «កក្រាញ់លាងឡាន និងម៉ូតូ» ស្ថិតនៅជាប់ផ្លូវលេខ៦៣ ក្នុងភូមិក ក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។

លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ខេត្តសៀមរាប បានបញ្ជាក់ប្រាបថាករណី គ្រោះថ្នាក់រថយន្តបុកមនុស្ស និងរបងផ្ទះនេះ គឺបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-3990 បើកបរដោយឈ្មោះនេន និត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ លាងរថយន្ត ស្នាក់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។

ប្រភពដដែល បន្តថា មុនកើតហេតុ ឈ្មោះនេន និត បានឡើងបើករថយន្ត បំណងឱ្យកម្មករផ្នែកជូតសម្អាតជូត ក្នុងទិសដៅពីត្បូង ទៅជើង ស្រាប់តែជ្រុលទៅបុកអ្នកឈរម្នាក់ ឈ្មោះសូរ រស្មី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ កម្មករជូតរថយន្ត មានលំនៅ ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប បណ្តាលឱ្យរងរបួសធ្ងន់ រួចបន្តទៅ បុករបងផ្ទះប្រជាពលរដ្ឋឈ្មោះណៃ ហួយ ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។

ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញ បានចុះធ្វើការវាស់វែង ត្រួតពិនិត្យកន្លែងកើតហេតុ រួចយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធី។បច្ចុប្បន្ន ជនបង្ក ហេតុនិងជនរងគ្រោះ ព្រមទាំងម្ចាស់រថយន្ត ត្រូវបានដោះស្រាយគ្នាបញ្ចប់សំណងនៅកន្លែងលាងរថយន្ត រួចរាល់ហើយ៕

RELATED ARTICLES