បាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពចូលទៅបន្លំលួចយកកាបូបលុយពីអ្នកលក់ដូរម្នាក់ នៅក្នុងផ្សារ លុះលួចយកកាបូបបានសម្រេច បែរជាត្រូវអ្នកលក់ដូរក្បែរគ្នាប្រទះឃើញ នាំគ្នាចាប់ក្របួចជាប់ម្នាក់ ចងជាប់គ្រែលក់ដូរ ព្រមទាំងបញ្ចេញកំហឹង ម្នាក់១ដៃ១ជើង ខណៈដែលបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។
ករណីបន្លំលួចយកកាបូបលុយពីអ្នកលក់ដូរក្នុងផ្សារនេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០៣ នៅក្នុងផ្សារបវេល ស្ថិតក្នុងឃុំបវេល ស្រុកបវេល។
ជនសង្ស័យដែលត្រូវក្រុមអាជីវករចាប់ឃាត់ខ្លួនភ្លាមៗ មានឈ្មោះពេជ្រ វ៉ាន់ឌី ហៅលុច អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួន មានឈ្មោះណាក់ នី ហៅណោក អាយុ៣៧ឆ្នាំ មានលំនៅក្នុង ស្រុកថ្មគោល ខេត្តបាត់ដំបង។ រីឯជនរងគ្រោះ មានឈ្មោះដួង សាវរីយ៍ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរអាជីវករ ក្នុងផ្សារបវេល និងមានលំនៅ ភូមិព្រៃទទឹង ឃុំបូវិល ស្រុកបវេល។
លោកសុខ សារិន អធិការស្រុកបវេល បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់បាន ចូលក្នុងផ្សារបវេល រួចបន្លំលួចយកកាបូបលុយស្ត្រីជាអាជីករម្នាក់ ឈ្មោះដួង សាវរីយ៍ ប៉ុន្តែពេលធ្វើសកម្មភាព ត្រូវប្រជាពលរដ្ឋ និងអ្នកលក់ដូរក្បែរនោះឃើញ ក៏ស្រែកឆោឡោ ព័ទ្ធចាប់ខ្លួនបានម្នាក់ភ្លាមៗ រួចចងដៃជាប់ គ្រែក្នុងផ្សារ ដើម្បីប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។
តាមប្រភពពីស្ត្រីរងគ្រោះ បានឱ្យដឹងថា លុយនៅក្នុងកាបូបដែលត្រូវជនដៃដល់ខាងលើលួចនោះ មានប្រាក់ ៧០ម៉ឺនរៀល និង ៤០០០បាត ហើយមុនកើតហេតុ ខណៈដែលគាត់កំពុងលក់ដូរ ស្រាប់តែជនដៃដល់បានបន្លំ លួចយកកបូបលុយនោះ តែត្រូវគាត់និងអ្នកក្បែរនោះឃើញ ក៏ស្រែកចោរ!ៗ រហូតមនុស្សជាច្រើនក្របួចបាន ភ្លាមៗ ចងទុកនៅលើគ្រែ ដើម្បីរង់ចាំកម្លាំងសមត្ថកិច្ចមកទទូលយក។
លោកសុខ សារិន អធិការស្រុកបវេល បានបញ្ជាក់ថា ក្រោយចាប់បានជនម្នាក់ភ្លាមៗ កម្លាំងរបស់លោកបាន តាមរកបក្ខពួកជននេះម្នាក់ទៀត តែជននោះបានរត់គេចខ្លួនបាត់ភ្លាមៗដែរ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ខាងលើបាន សមត្ថកិច្ចបានដកហូតកាបូបលុយនោះមកវិញ រួមទាំងប្រាក់ផង ហើយក៏បានប្រគល់ជូនម្ចាស់ កាបូបវិញរួចរាល់ហើយ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕