បន្ទាយមានជ័យ ៖ បុរសជាជនជាតិឥណ្ឌូនេស៊ីម្នាក់ បានធ្វើសកម្មភាពលួចផ្ទេរប្រាក់របស់ក្រុមហ៊ុន ម្តងបន្តិចៗ អស់រយៈពេលប្រមាណជិត២ខែ បានប្រាក់សរុបប្រមាណជាង ៤០ម៉ឺនបាត (ប្រាក់ថៃ) ទីបំផុតបែកការ ថៅកែដាក់ ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។
ករណីឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូប៉ោយប៉ែត ផាលេសផ្លាស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ KELVIN HARDIANES ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី មុខរបរបុគ្គលិកកាស៊ីណូប៉ោយប៉ែតផាលេសផ្លាស បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុន ស្ថិតក្នុងភូមិ សាម គ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ចំណែកតំណាងដើមបណ្តឹង មានឈ្មោះ SAHPUTRA ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា យោងតាមពាក្យបណ្តឹង បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ KELVIN HARDIANES បានលួចផ្ទេរប្រាក់ពីគណនីរបស់ក្រុមហ៊ុន ម្តងបន្តិចៗ ទៅគណនីម្តាយរបស់ខ្លួន ជាបន្តបន្ទាប់ ក្រោយមកខាងក្រុមហ៊ុនបានត្រួតពិនិត្យដឹង ហើយបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងឈានដល់ការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានធ្វើសកម្មភាពលួចផ្ទេរប្រាក់របស់ក្រុមហ៊ុន តាំងពីអំឡុងខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ សរុបបានចំនួន ៤០៩ ០៩០បាត។ ជាក់ស្តែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ រូបគេបានលួចផ្ទេរប្រាក់ចេញពីក្រុមហ៊ុន ចំនួន ៦៨ ០០០បាតទៀត។
ក្រោយឃើញពិរុទ្ធភាពនៃបទល្មើស កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំ រឿងបញ្ជូនជនសង្ស័យ ទៅកាន់កងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូង ខេត្ត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្ត៕