ភ្នំពេញ៖លី ម៉ារីណា បានបង្ហាញគូស្នេហ៍ថ្មីជាចំហនោះគឺជាលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ម៉ារីណា និងលោកទៀង ច័ន្ទសារ បានអោបថើបគ្នាទៅ ទៅមកនៅថ្ងៃខួបកំណើតគម្រប់វ័យ៤២ឆ្នាំ របស់អ្នកមេម៉ាយកូន១ រូបនេះដែលធ្វើនៅហាង Lotus Lounge & Restaurant កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ហើយនាងបានសរសើរគូស្នេហ៍ថ្មីពេញបេះដូងថា”អរគុណបងដែលផ្តល់ក្តីស្រលាញ់ឲ្យអូនយ៉ាងធំធេង បងបានរៀបចំចាត់ចែងកម្មវិធីថ្ងៃកំណើតជូនអូនយ៉ាងពិសេសអូនពិតជារំភើបចិត្តឥតគណនា កាដូដែលអូនទទួលបានពីបងគឺក្តីស្រឡាញ់នឹងការយកចិត្តទុក្ខដាក់មើលថែគ្រប់ពេលវេលាកាដូទាំងនេះមានតំលៃបំផុតសំរាប់អូនអរគុណបងគ្រប់យ៉ាង”។
តារាសិល្បៈរួមអាជីពជាច្រើនបានខមិនជូនពរលី ម៉ារីណា ជាបន្ដបន្ទាប់ពេលឃើញនាងបង្ហាញម្ចាស់ជីវិតថ្មីនាពេលនេះដោយពួកគេបានលើកឡើងថាបើសិនជាម៉ារីណា និងលោកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រូបនេះមិនទាន់មានភាពច្បាស់លាស់ជាមួយគ្នាទេ ម្លេះពួកគេនឹងមិនបញ្ចេញរូបភាពអោបថើបគ្នាដោយក្ដីស្រលាញ់ជាសាធារណៈបែបនេះឡើយ។តារាខ្លះសម្ដែងការសាទរថាពេលនេះម៉ារីណា ជិតក្លាយទៅជាជំទាវហើយ…។
អ្នកយកព័តមានយើងបានផ្ញើរសារឆាតសួរអ្នកនាងលី ម៉ារីណា តាមហ្វេសបុកកាលពីថ្ងៃទី២៧ ឧសភា ដើម្បីឲ្យនាងនិយាយពីកំណើតស្នេហ៍ថ្មី និងគម្រោងភ្ជាប់ពាក្យ ឬរៀបការនៅពេលពេលណានោះ តែម៉ារីណា និយាយយ៉ាងខ្លីថានាងកំពុងបើកឡាន មិនទាន់អាចនិយាយនៅពេលនេះបានឡើយ ហើយគិតមកដល់រសៀលថ្ងៃទី២ ខែមិថុនា នាងនៅតែមិនទាន់ផ្ដល់ចម្លើយទេ ។
ប្រភពពីបុគ្គលិកម្នាក់បម្រើរការនៅ Lotus Lounge & Restaurant (សុំលាក់ឈ្មោះ)ជាទីតាំងដែលម៉ារីណា ជ្រើសយកធ្វើខួបកំណើតនោះបានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថានៅថ្ងៃខួបម៉ារីណា នោះលោកក៍មកធ្វើការដែរ ។លោកថាបុរសដែលបង្ហាញខ្លួននិងបញ្ចេញក្ដីស្រលាញ់ចំពោះម៉ារីណា នៅថ្ងៃខួបនាងនោះគឺពិតជាលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ ពិតប្រាកដមែន មិនមែនដូចសារព័តមានខ្លះចុះថាជាលោកឧកញ៉ាលឹម លាង នោះទេ។យ៉ាងណាលោកថាមិនដឹងថាម៉ារីណា និងគូស្នេហ៍ថ្មីរៀបការនៅពេលណាឡើយ ហើយបើចង់ដឹងច្បាស់ទាល់តែអ្នកសារព័តមានទៅសួរនាំម៉ារីណា ខ្លួនឯងទើបដឹងរឿងទាំងនេះ។
អ្នកយកព័តមានយើងក៍មិនទាន់អាចទាក់ទងទៅលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ពាក់ព័ន្ធលោកបង្ហាញខ្លួននៅថ្ងៃខួបកំណើតរបស់លី ម៉ារីណា និងអោបថើបនាងដូចប្ដីប្រពន្ធនោះដែរ ព្រោះអត់លេខទូរស័ព្ទ។យ៉ាងណា”នគរធំ” រងចាំការបកស្រាយពីលោកវីរនេនីយ៍ឯកជានិច្ច។
គូររំកលឹកថាលី ម៉ារីណា បានរៀបការ២លើកមកហើយគឺទី១ជាមួយលោកទឹត ថាវរិទ្ធ និងទី២ជាមួយលោកសាត ចាន់ថន អាណិកជនខ្មែរមកពីអាមេរិក តែបានប្រេះឆាស្នេហ៍ទាំងពីរលើកដោយបន្សល់ចំណងដៃកូនប្រុស១អាយុជិត១០ឆ្នាំជាមួយស្វាមីទី២។ក្រោយចែកផ្លូវជាមួយលោកចាន់ថន ទាំងចម្រូងចម្រាសម៉ារីណា ដែលចោទថាឪពុកកូនប្រុសនាងបានលួចគ្រឿងអង្ការនាងអស់ពីខ្លួននោះនាងទុកជីវិតជាស្រ្ដីមេម៉ាយរយៈពេលជាង១ឆ្នាំ ទើបបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈនៅឆ្នាំ២០២៣ តែម្ដង។គេចាំបានថាមុនម៉ារីណា និងគូស្នេហ៍អោបថើបគ្នាជាចំហ នេះកាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២៣ ពោលគឺក្នុងព្រឹត្តិការណ៍សង្រ្កាន្ដវត្តភ្នំ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ២០២៣ នោះម៉ារីណា ក៍បានដើរកម្សាន្ដនៅវត្តភ្នំជាមួយលោកវរសេនីយ៍ឯកទៀង ច័ន្ទសារ ដោយមានយុវវ័យប៉ាតម្សៅអ្នកទាំងពីរសឹងតែរើរខ្លួនមិនរួចទៀតផង។ប៉ុន្ដែពេលនេះម៉ារីណា មានចេតនាចង់ឲ្យតារារួមអាជីព និងទស្សនិកជនដែលគាំទ្រនាងបានឃើញច្បាស់ថាបេះដូងនាងលែងឯកោទៀតហើយ ព្រោះមានលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ ចូលមកស្អំរបួសបេះដូងនាង។ប្រភពបានឲ្យដឹងថាម៉ារីណា គ្រោងនឹងដឹកដៃគូស្នេហ៍ថ្មីចូលរោងការនាពេលខាងមុខនេះហើយ ព្រោះរយៈពេលដែលអ្នកទាំងពីរស្វែងយល់ចិត្តគ្នាអស់ជាច្រើនខែមកនេះពួកគេចុះសម្រុងគ្នាល្អ ខណៈដែលក្រុមគ្រួសារម៉ារីណា និងគូស្នេហ៍ក៍បានគាំទ្រចំណងស្នេហា១នេះយ៉ាងពេញទំហ៊ឹងផងដែរ។
មហាជនលើកឡើងថាមិនយូទេលី ម៉ារីណា នឹងក្លាយទៅជាជំទាវដូចអ្នកនាងចន ច័ន្ទ,នៅ សុនិតា ,ផាន់ ម៉ូនីកា ,អ៊ឹម សុគន្ធា និងស៊ឹម សូលិកា ជាដើមជាមិនខាន៕