ភ្នំពេញ៖ខណៈដែលព្រាប សុវត្ថិ តូចចិត្តរឿងមានគេចូលទៅជេរ ក្រោយលោកបង្ហាញភក្ដីភាពចំពោះថៅកែ ហើយខេមរៈ សិរីមន្ដ យំខ្សឹបខ្សួលហូទឹកនេត្រាដោយសារតែអាណិតម្ចាស់ផលិតកម្មធ្វើឲ្យមានការឌឺដងជាបន្ដបន្ទាប់ពីអ្នកលេងបណ្ដាញសង្គមនោះ ពេលនេះស្រីស្រស់តន់ ច័ន្ទសីម៉ា ក៍មិននៅស្ងៀមដែរហើយនាងថែមទាំងបានឈាន១ជំហានមុនព្រាប សុវត្ថិ & ខេមរៈ សិរីមន្ដ នោះគឺនាងចេញបទ”ទឹកចិត្តមេខ្ញុំ”ដែលរៀបរាប់ពីទឹកចិត្តដ៍ល្អប្រពៃរបស់ថៅកែ ហើយត្រូវបានគេព្យាយាមតាមធ្វើបាប។បទចម្រៀងរបស់សីម៉ា មួយបទនេះគេជឿរថាថៅកែរបស់នាងពេញចិត្តស្ដូកតែម្ដង រហូតមានការលើកឡើងថាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ អាចនឹងចេញបទប្រភេទនេះដែរជាមិនខាននាពេលបន្ទាប់ដែរដើម្បីផ្គាប់ចិត្តថៅកែ។ប៉ុន្ដែFan ខ្លះរបស់ច័ន្ទសីម៉ា ក៍មានការដៀមដាមឲ្យនាងច្រើនចំពោះបទចម្រៀងនាង១បទនេះ តែនាងត្រូវតែច្រៀងមិនអាចឈអោបដៃមើលថៅកែខ្លួនកំពុងតែមានទុក្ខធំប៉ុនភ្នំតែម្នាក់ឯងបានឡើយ។
សូមបញ្ជាក់ថាតន់ ច័ន្ទសីម៉ា នៅតែជាតារាស្នូលរបស់Galaxy ព្រោះគិតត្រឹមឆ្នាំ២០២៣ នេះមិនទាន់មានតារាស្រីជើងខ្លាំងណាផ្សេងទៀតដែលផលិតកម្មនេះទិញយកមកប្រជែងនាងឡើយ ទើបធ្វើឲ្យតារាប្រុសល្បីៗរបស់ក្រុមហ៊ុននេះគ្មានជម្រើសណាផ្សេងក្រៅពីបន្ដចាប់ដៃជាមួយនាងឡើយ ក្នុងនោះលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ឆ្លាស់គ្នាច្រៀងដៃគូជាមួយនាងទើបធ្វើឲ្យស្រីស្រស់វ័យ២៥ឆ្នាំ ឈានដល់ចំណុចកំពូលហើយតារានៅផលិតកម្មផ្សេងៗដែលមានគីឡូប្រហាក់ប្រហែលនាងកាន់តែពិបាកទប់ទល់ជាមួយសីម៉ា ។ចំពោះការចេញច្រៀងការពារមេ របស់ច័ន្ទសីម៉ា នាពេលនេះគេជឿរថានាងបានត្រៀមខ្លួនរួចជាស្រេចទៅហើយប្រសិនបើមានការរិះគន់លើនាងដូចលោកឧកញ៉ាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលចេញការពារថៅកែព្រមគ្នាមុននេះ ហើយសីម៉ា គ្មានវិប្បដិសារីទេ ក្នុងករណីដែលនាងគេចមិនរួចពីអ្នកចូលទៅជេរដូចតារាប្រុសខាងលើដែរ ព្រោះការឈជើងនៅGalaxy នេះហើយធ្វើឲ្យនាងប្រែប្រួលកេរ្ដិ៍ឈ្មោះ និងជីវភាពដូចមេឃនិងដី បើប្រៀបធៀបពីមុន និងបច្ចុប្បន្ន។សីម៉ា ដែលធ្លាប់រស់នៅបន្ទប់ជួលតម្លៃ៦០ដុល្លារ នៅម្ដុំស្ដុបDN និងច្រៀងនៅហាងមួយពេលរាត្រីបាន១យប់តែត្រឹមជាង១០ដុល្លារនោះពេលនេះ នាងមានផ្ទះយ៉ាងប្រណិត ជិះរថយន្ដទំនើប និងច្រៀងពី៥ទៅ៦បទ ស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារឯណ្ណោះ។អ្វីដែលគូរឲ្យកត់សម្គាល់នោះនៅឆ្នាំ២០២៣ នេះច័ន្ទសីម៉ា តែ១គត់ដែលរកបានដៃគូដ៍សាកសមបំផុតគ្មានតារាស្រីណាអាចធ្វើបានដូចនាងនោះគឺតារាប្រុសលំដាប់ជូរមុខទាំង៣គឺព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម គឺជាដៃគូរបស់នាងតែម្នាក់នាពេលបច្ចុប្បន្ន និងតទៅអនាគត ប្រសិនបើGalaxy នៅតែមិនមានផែនការណ៍ទិញតារាស្រីថ្មីចូលមកក្រោយរឿងរ៉ាវមាស សុខសោភា និងពេជ្រ សោភា ដែលលេចឭថាផលិតកម្មមួយនេះចង់បានកាលចុងឆ្នាំ២០២០ ត្រូវបានស្ងប់ស្ងាត់ទៅវិញនៅឆ្នាំ២០២៣ នេះ។
អ្នកជំនាញសិល្បៈបានលើកឡើងថាបទចម្រៀងរបស់តន់ ច័ន្ទសីម៉ា ដែលច្រៀងការពារថៅកែ ក្នុងនាមនាងជាកូនចៅគ្មានអ្វីខុសឆ្គងនោះទេ ប៉ុន្ដែបទប្រភេទនេះអ្នកដែលចូលចិត្តស្ដាប់គឺភាគច្រើនជាបុគ្គលិករបស់ផលិតកម្មមួយនេះតែម្ដង ព្រោះពួកគេចង់តបស្នងឬ បង្ហាញពីភក្ដីភាពរបស់ខ្លួនចំពោះមេខ្លួនដូចអត្ថន័យក្នុងបទចម្រៀង។ប្រភពបានឲ្យដឹងថាចម្រៀងប្រភេទនេះគេជឿរថាមុននឹងចេញគឺថៅកែបានមើលមុនគេ ហើយទាល់តែលោកពេញចិត្តឲ្យចេញទើបអាចទៅរួច។ប៉ុន្ដែក្រោយបទនេះត្រូវបានផ្សព្វផ្សាយគេមិនអាចសន្និដ្ឋានបានទេថាតើសម្ពាធដែលថៅកែកំពុងប្រឈម នឹងត្រូវកាត់បន្ថយបានខ្លះឬយ៉ាងណាឡើយ…។
តន់ ច័ន្ទសីម៉ា ត្រូវបានអ្នកគាំទ្រនាងបាននិយាយថាស្រីក្មេងរូបនេះមានស្ទីលច្រៀងស្អកស្រដៀងអ្នកនាងខាត់ សុឃីម តែម្ដង ហើយអតីតអ្នកស្មូតជាប់លេខ១ ប្រចាំខេត្តតាកែវរូបនេះអាចច្រៀងបានជាច្រើនទម្រង់ ព្រោះអ្នកស្មូតប្រើសម្លេងច្រៀង”អឿន”បានយ៉ាងពិរោះដូចគ្នាទៅនិងលោកជំទាវហ៊ឹម ស៊ីវន និងចំរើន សុភ័ក្រ ជាដើម។ប៉ុន្ដែអ្នកជំនាញសិល្បៈលើកឡើងថាទោះជារយៈពេលចុងក្រោយនេះនាងសីម៉ា ល្បីល្បាញយ៉ាងណាក៍គេមិនគូយកនាងទៅប្រៀបធៀបជាមួយតារារៀមច្បងលំដាប់ជូរមុខមានដូចជាមាស សុខសោភា ,ឱក សុគន្ធកញ្ញា ជាដើមបានឡើយ ព្រោះថាពួកគេបានសាងស្នាដៃជាច្រើនមកហើយតាំងបីមុនសីម៉ា ល្បីល្បាញឈ្មោះម្លេះ។
ចំពោះនាងច័ន្ទសីម៉ា ពេលនេះគឺដូចពាក្យគេថា”សម្រស់ឡើងតាមទឹកលុយ”មែន ព្រោះអំឡុងពេលឡើងកូដនេះនាងប្ដូរពីស្បែកខ្មៅស្រអែមទៅជាខ្ចីញេញ ហើយនាងក៍ជាតារាម្នាក់ក្លាហានហ៊ានសារភាពរឿងបានកែសម្រស់ដល់ទៅ៣ផ្នែកគឺធ្វើលើកខ្ទង់ច្រមុះ,ចាក់ចង្ការ និងពត់ធ្មេញ។ប៉ុន្ដែរឿងស្នេហាវិញសីម៉ា រាល់លើកពេលជួបFan និងអ្នកសារព័តមានសួររឿងគូជីវិតនោះនាងនៅតែថ្ងូរថារកសង្សារ១គ្រាប់មកធ្វើថ្នាំមិនបានឡើយ។ការវាចាថាបេះដូងមិនទាន់មានម្ចាស់របស់សីម៉ា នាពេលនេះដែរចំពេលដែលលោកឧកញ៉ាពោះម៉ាយម្នាក់ដែលធ្លាប់លេចឭថាតាមស្នេហានាងយ៉ាងប្រកិតនោះពេលនេះលោករកបានគូជីវិតថ្មីទៅហើយ ដែលនារីនោះមិនមែនជានាងសីម៉ា ទេ៕