កោះកុង ៖ នារីវ័យក្មេង ជាជនពិការម្នាក់ បានក្រោកពីដេកនៅពាក់កណ្តាលអធ្រាត្រ ចេញពីក្នុងផ្ទះ មកដេក លើអង្រឹងសំណាញ់ នៅខាងក្រៅផ្ទះ លុះក្រោយមក មិនដឹងជាយ៉ាងម៉េច បានទាក់ក ចូលទៅក្នុង ប្រឡោះ សំណាញ់ និងត្រូវសំណាញ់រុំជាប់ក (ដូចចងក) បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម រហូតដល់ព្រឹកឡើង ម្តាយភ្ញាក់ពីដេក ប្រទះឃើញកូនស្រី ស្លាប់បាត់ទៅហើយ។
ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅចំ ណុចភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ។
នារីរងគ្រោះខាងលើ មានឈ្មោះទូច តី អាយុ២០ឆ្នាំ ជាជនពិការ និងវង្វេងស្មារតី មានឪពុកឈ្មោះទូច សែ ម្តាយ ឈ្មោះវន ឆៃ មានលំនៅក្នុងភូមិ ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ។
តាមប្រភពពីឪពុកម្តាយរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ ជាជនពិការជិត៥ឆ្នាំមកហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទើបធ្វើឱ្យកូនស្រីរបស់គាត់ ធ្លាក់ខ្លួនឈឺរហូតហើយវង្វេងស្មារតី ហើយឈឺរ៉ាំរ៉ៃ ហូតមក។
ឪពុកម្តាយនារីរងគ្រោះ បានបន្តថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ កូនស្រីគាត់ ដេកនៅក្នុងផ្ទះ ដូចសព្វដង។ លុះមកដល់វេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ កូនស្រីរបស់គាត់បានដើរចេញមកដេកក្នុងអង្រឹង នៅខាងក្រៅផ្ទះវិញ។
រហូតមកដល់ព្រឹកឡើង ពេលពួកគាត់ជាឪពុកម្តាយភ្ញាក់ពីដេក ចេញមកក្រៅផ្ទះ ប្រទះឃើញកូនស្រីស្លាប់ ក្នុងអង្រឹង ដោយករបស់នាងបានធ្លាក់ចូលប្រឡោះសំណាញ់ ដូចមនុស្សចងក ស្លាប់បាត់ទៅហើយ ទើប កើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជា ស្លាប់ដោយសារតែទាក់កជាមួយួនឹងអង្រឹងសំណាញ់ប្រាកដមែន។
សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕