Wednesday, April 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹម វាសនា លែងហ៊ានថាហើយ សម្រេចឈានទឹក លិចលោក

ខឹម វាសនា លែងហ៊ានថាហើយ សម្រេចឈានទឹក លិចលោក

សៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្ម រក្សាលោក ហើយមុននេះ តែងអះអាងខ្យល់ជារឿយៗថា ខ្លួននឹងសម្រេចឈាន ជាព្រហ្មរក្សាលោក ហើយ នឹងមានមហន្តរាយទឹកលិចលោក នៅថ្ងៃនេះ ខែនោះ ដោយប្រកូកប្រកាសឲ្យសមាជិក ឬសាវ័ករបស់ខ្លួន ទៅស្នាក់នៅចម្ការរបស់ខ្លួន នាជើងភ្នំគូលែននោះ នៅពេលនេះ លែងហ៊ានប្រកាសថា សម្រេចឈាន និងទឹក លិចលោក ដូចពីមុនទៀតហើយ ដោយសារតែកន្លងទៅនេះ កុំថាឡើយមហាជនទូទៅ សូម្បីសាវ័ក របស់ ខ្លួនដែលជឿជាក់ងប់ងុលភាគច្រើនក៏លែងជឿ រហូតអ្នកខ្លះថា មេបក្សដែលប្រកាសឈប់ធ្វើនយោបាយ គិតតែរឿងពន្យល់ធម៌នេះ ជាមនុស្សមានជំងឺសរសៃប្រសាទ ឬឆ្កួតទៀតផង។

ខុសពីពេលមុនៗ នៅពេលនេះ លោកខឹម វាសនា បាននិយាយថា ទោះក្នុងករណីណាក៏ដោយ មានទឹកលិច លោកក៏ដោយ គ្មានទឹកលិចលោកក៏ដោយ ហើយលោកសម្រេចឈានក៏ដោយ មិនសម្រេចឈានក៏ដោយ ដាច់ខាតមនុស្សត្រូវរស់លើផ្លូវអារម្មណ៍ត្រូវ ព្រោះថាពេលបែកសំបក ឬស្លាប់ទៅហើយ សត្វឬវិញ្ញាណ ត្រូវ ទៅសោយកម្មដែលកាលនៅជាមនុស្ស មានអារម្មណ៍ត្រូវមគ្គ ឬខុសមគ្គនោះហើយ។

លោកខឹម វាសនា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ថា «ពួកគេកើតហើយមិនស្លាប់ទៅវិញទេឬអី? ចុះបើស្លាប់ទៅវិញដែរ ហេតុអ្វីគេរស់នៅលើផ្លូវអារម្មណ៍ខុសមគ្គ? ខុសមគ្គ គឺមានទោសនៃការខុសមគ្គ។ គេមិនយល់ពីផ្លូវអារម្មណ៍ត្រូវ គឺមគ្គនោះផង ព្រោះគេមិនយល់ថា ចិត្តកើត ពីកម្មផងហ្នឹង។ យើងនិយាយថាកម្ម គេយល់ថាកម្ម គឺអំពើទេ! កម្មដែលយើងនិយាយពីផ្លូវអារម្មណ៍ គឺមគ្គ មិន មែនអំពើហ្នុងទេ គឺកម្ម ជាកម្លាំងចេញពីការវិលនៃកលាបៈ។ ខ្សែកម្ម វាមានផ្លូវរបស់វា វាមិនមែនអំពើដូចមនុស្ស គិតហ្នុងទេ អំពើដែលមនុស្សគិតថា ជាកម្មនោះ គឺលោកិយដែលមនុស្សដឹងដោយប្រើទ្វារទាំងប្រាំទេ តែកម្ម បង្កើតដោយកលាបៈវិល វិញ្ញាណប្រើទ្វារទាំងប្រាំ ដឹងមិនបានទេ ទាល់តែប្រើទ្វារមនោគិត ទើបយល់។ បើគេ មិនយល់ពីកម្មផង តើគេនឹងស្គាល់ពីចិត្តដែលកើតកម្មយ៉ាងម៉េចទៅ? ដូច្នេះគេក៏មិនស្គាល់ឬយល់ពីផ្លូវ អារម្មណ៍ ត្រូវយ៉ាងម៉េច និងផ្លូវអារម្មណ៍ខុសយ៉ាងម៉េចដែរ អ៊ីចឹងបានជាពួកគេដែលមិនយល់ពីកម្ម ព្រហើនណាស់ ហ៊ាន រស់នៅដោយមានអារម្មណ៍ខុសមគ្គហ្នុង»។

លោកខឹម វាសនា បន្តថា «ការរស់នៅដោយផ្លូវអារម្មណ៍ត្រូវមគ្គ ជាលក្ខខណ្ឌដាច់ខាត ទោះក្នុងករណីណាក៏ ដោយ មានទឹកលិចលោកក៏ដោយ គ្មានទឹកលិចលោកក៏ដោយ ពូសម្រេចឈានក៏ដោយ មិនសម្រេចឈាន ក៏ដោយ ក៏ដាច់ខាតមនុស្សត្រូវរស់លើផ្លូវអារម្មណ៍ត្រូវ ព្រោះថាពេលបែកសំបក ឬស្លាប់ទៅហើយ សត្វឬវិញ្ញាណ ហ្នុង ត្រូវទៅសោយកម្មដែលកាលនៅជាមនុស្ស មានអារម្មណ៍ត្រូវមគ្គ ឬខុសមគ្គនោះ។ អ៊ីចឹងបានជាពូដាក់ សំណួររថា ចុងបំផុត តើអ្នកស្លាប់ ឬមិនស្លាប់? ព្រោះថាពេលអ្នកស្លាប់ទៅ អ្នកត្រូវទៅសោយកម្មដែលអារម្មណ៍ ខុសមគ្គ ឬត្រូវមគ្គនោះហើយណាសត្វ។ យល់ធម៌ ជារឿងសំខាន់ណាស់ ដើម្បីឲ្យអារម្មណ៍វិលត្រូវមគ្គ មិនយល់ កម្ម គឺមិនអាចយល់ធម៌បានទេ។ គ្មានមនុស្សណាម្នាក់ ទោះជាលោកសង្ឃ ឬគ្រហស្ថក៏ដោយ ក្រៅពីពូនា សម័យនេះ យល់ពីកម្មទេ»។

ជាមួយគ្នានេះ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ លោកខឹម វាសនា បានបញ្ជាក់ថា «មិនខ្វល់ពីអ្នកណានិយាយ អីពីខ្ញុំ ថាអីឲ្យខ្ញុំ ខ្ញុំមិនខ្វល់ទេ មនុស្សគឺគ្មានអារម្មណ៍ហ្នឹងទេ ភូតទេ ដែលត្រឹមត្រូវ គឺខ្ញុំខ្វល់ យកពាក្យគេថា ឲ្យខ្ញុំនោះ មកគិតរួចហើយ គិតទៅឃើញថា មិនត្រូវទេ បន្ទាប់មក ទើបខ្ញុំមិនខ្វល់នឹងពាក្យគេថាឲ្យខ្ញុំខុសហ្នុងទេ ចិត្តបែបនេះគឺមាន ប៉ុន្តែបើថាគេថាឲ្យនោះត្រូវ តែមនុស្សគ្មានអារម្មណ៍ខ្វល់ ទោះគេថាឲ្យនោះត្រូវក៏ដោយ គឺមនុស្សគ្មានអារម្មណ៍ខ្វល់នឹងគេថាឲ្យខ្លួន ទោះគេថានោះត្រូវក៏ដោយ ខុសក៏ដោយ នោះគឺគ្មានចិត្តបែបហ្នុងទេ គឺមុខតែគិតមើលសិនថា គេថាឲ្យនោះ ខុសឬត្រូវសិន បើថាមិនត្រូវទេ ទើបមានអារម្មណ៍មិនខ្វល់កើត តែបើ គេថាឲ្យចំខ្លួនបែបដូចគេថាហ្នុងមែនហើយ តែនិយាយថាចិត្តខ្លួនមិនខ្វល់ គឺភូតហើយ។ ចិត្តដែលគិតឃើញថា គេថាឲ្យហ្នុងខុស ហើយអាចមិនខ្វល់ ជាចិត្តដាច់លោកធម៌ ជាចិត្តប្រសើរខ្លាំងណាស់ តែបើមិនខ្វល់ ទាំងគេថា ឲ្យខ្លួនហ្នុងត្រូវ គឺធ្វើជាមិនខ្វល់ទេ តាមពិតខ្វល់»។

លោកខឹម វាសនា បន្តទៀតថា «ចិត្តដែលជាប់នឹងសរសើរ គូនឹងចិត្តខ្វល់ណាស់ ពេលគេនិន្ទានោះ។ ចិត្តដែល គេថាឲ្យហើយ ខុសក៏មិនខ្វល់ ត្រូវក៏មិនខ្វល់ មានតែចិត្តមនុស្សឆ្កួត គឺមនុស្សសរសៃប្រសាទ ឆ្កួត ទើបចិត្តមាន លក្ខណៈបែបហ្នឹង។ គ្រាន់តែគេថាឲ្យ ហើយយកពាក្យហ្នុងមកគិតដឹងថាយើងមិនដូចពាក្យគេថាឲ្យហ្នុងទេ ហើយយើងគិតដឹងថា អ្នកថាឲ្យយើងហ្នុង ជាមនុស្សគ្មានតម្លៃ និយាយហេតុផលរកខុសត្រូវ ស្ដាប់គ្នាមិនបានទេ ពេលនោះ ចិត្តយើងលែងខ្វល់ពីសម្ដីអ្នកដទៃនោះ ចិត្តបែបនេះ ជាចិត្តដាច់លោកធម៌ ជាចិត្តបានមង្គលទីសាម សិបប្រាំបី ជាចិត្តអស្ចារ្យ គួរឲ្យគោរពណាស់។ ប៉ុន្តែបើថាគេថាឲ្យខុសក៏ដោយ ត្រូវក៏ដោយ ចិត្តដែលជាខ្លួន មិនខ្វល់ទេ នោះមានតែចិត្តឆ្កួត សរសៃប្រសាទ ដើរស្រាតតាមផ្លូវហ្នុងទេ គ្មានទេចិត្តដែលមិនខ្វល់ទោះគេថា ត្រូវឬមិនត្រូវ ក៏មិនខ្វល់ដែរ ក្នុងលោកនេះ គឺគ្មានចិត្តហ្នុងទេ អ្នកនិយាយពាក្យហ្នុង គឺភូតទេ មនុស្សនៅក្រៅ ចិត្តគ្នា បើវិញ្ញាណគ្មានបញ្ញាគិតយល់ពីចិត្តអ្នកដទៃ គឺមុខតែមិនដឹងចិត្តគេទេ ក្នុងលោកនេះ គ្មានចិត្តដែលមិន ខ្វល់ ទោះគេនិយាយអំពីខ្លួនត្រូវ ឬមិនត្រូវក៏ដោយនោះ អ្នកនិយាយពាក្យនេះ គឺគេភូតទេ»។

គួររំឭកថា លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជា ព្រហ្មរក្សា លោក តាំងពីចុងខែសីហា ឆ្នាំ២០២២ មកម៉្លេះ បាននិយាយថា ខ្លួននឹងសម្រេចឈាន ទឹកនឹងលិចលោកមនុស្ស ស្ទើរមួយផែនដី ស្លាប់អស់ នៅសល់តែបន្តិច នៅចម្ការរបស់ខ្លួន នាជើងភ្នំគូលែន ខេត្តសៀមរាប ដោយលោក បានប្រកាសឲ្យសមាជិក LDP ទាំងអស់ រួមទាំងពលករនៅប្រទេសកូរ៉េខាងត្បូង ទៅស្នាក់ នៅចម្ការជើងភ្នំគូ លែននោះ ឲ្យបានមុនថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដើម្បីចៀសពីសេចក្តីស្លាប់ដោយទឹកលិចលោក ធ្វើឲ្យអ្នក មានជំនឿងប់ងុលមួយចំនួន ប្រមាណ ២ម៉ឺននាក់ បានរត់ចោលផ្ទះសម្បែង ការងារ មកផ្តុំគ្នានៅចម្ការជើងភ្នំ គូលែន យ៉ាងពពាក់ពពូន។ ប៉ុន្តែក្រោយមក ដោយសារលោកខឹម វាសនា និយាយដោះសាថា ទាល់តែថ្ងៃ នេះ ថ្ងៃនោះ ខែនេះ ខែនោះ រហូតចុងក្រោយថា នៅថ្ងៃវិសាខបូជា (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣) លុះហួសពីថ្ងៃនេះ ក៏ដោះសាទៀតថា ប្រហែល ១ខែទៀត ទើបសាវ័កភាគច្រើន លែងជឿ បាននាំគ្នាចាកចេញពីចម្ការជើងភ្នំគូលែន វិលត្រឡប់ទៅផ្ទះវិញអស់ ដែលសព្វថ្ងៃមានព័ត៌មានថា នៅសល់តែប្រមាណ២០០នាក់ ទាំងចាស់និងក្មេង ហើយ លោកខឹម វាសនា បានបើកសាលាបង្រៀនក្មេងៗ ដែលស្នាក់នៅក្នុងចម្ការនោះទៀតផង ដោយមិនបាន ប្រកាស រំសាយការជួបជុំ ឬណែនាំឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលនៅសេសសល់នៅ វិលត្រឡប់ទៅផ្ទះ សម្បែង ស្រុកកំណើតវិញ តាមការណែនាំរបស់អាជ្ញាធរខេត្តសៀមរាប នោះទេ។

ទោះបីជាយ៉ាងណា ប្រហែលជាដឹងខ្លួនថា «ភូតច្រើនចាញ់អាត្មា» ទើបចុងក្រោយនេះ លោកខឹម វាសនា លែង ហ៊ានប្រកាសថា ខ្លួនសម្រេចឈាន និងទឹកលិចលោកថ្ងៃនេះ ថ្ងៃនោះ ខែនេះ ខែនោះទៀតហើយ ដោយបែរ ជានិយាយថា ទោះបីខ្លួនសម្រេចឈានឬអត់ ទឹកលិចលោកឬអត់ក៏ដោយ ក៏ដាច់ខាត មនុស្សត្រូវរស់ លើផ្លូវ អារម្មណ៍ត្រូវ ព្រោះពេលបែកសំបក ឬស្លាប់ទៅហើយ សត្វឬវិញ្ញាណ ត្រូវទៅសោយកម្មដែលកាលនៅជាមនុស្ស មានអារម្មណ៍ត្រូវមគ្គ ឬខុសមគ្គនោះឯងទៅវិញ៕ ខៀវទុំ   

RELATED ARTICLES