ឧត្តរមានជ័យ ៖ រថយន្តធុនធំ ប្រភេទសណ្តោងរ៉ឺម៉ក ១គ្រឿង របស់ក្រុមហ៊ុនថៃ ដឹកអំបិលពេញ បើកបរក្នុង ល្បឿនលឿន ចុះពីលើភ្នំដងរែក ច្រកជាំសាង៉ាំ លុះមកដល់ត្រង់ចំណុចផ្លូវកោងបានដាច់ហ្វ្រាំង ធ្វើឱ្យ រេចង្កូត ក្រឡាប់ជាច្រើនត្រឡប់ សំណាងល្អ ទាំងអ្នកបើកបរ និងព្រូរថយន្ត មិនមានគ្រោះថ្នាក់អ្វីធ្ងន់នោះឡើយ។
ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចផ្លូវចុះពីលើភ្នំ កែងចំណោតរូបសំណាកលោកយាយទេព ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
លោកវរសេនីយ៍ត្រី តឹក សារឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានបញ្ជាក់ប្រាប់ថា មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តសណ្តោងរ៉ឺម៉ករបស់ក្រុមហ៊ុនថៃ ដឹកអំបិលពេញ បើកលឿន ក្នុងទិសដៅពីជើង ទៅត្បូងលុះមកដល់ចំណុចកើតហេតុ ចុះចំណោតផ្លូវកោង ក៏ដាច់ហ្វ្រាំង ធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ ធ្វើឱ្យខូចខាតរថយន្តយ៉ាងធ្ងន់ តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយ ការដឹកជញ្ជូនអំបិលនេះ គោលដៅដឹកចេញពីប្រទេសថៃ ឆ្ពោះមកកាន់ទឹកដីនៃស្រុកអន្លង់វែង។
អ្នកបើកបររថយន្តខាងលើ គឺជាជនជាតិថៃ មានឈ្មោះ BUNNONG NGONC អាយុ៤៦ឆ្នាំ មុខរបរជាអ្នកបើកបរ រស់នៅខេត្តស៊ីសាកេត។ ចំណែកររថយន្តដែលក្រឡាប់ ម៉ាកហ៊ីណូ ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាក លេខថៃ (33) 70-2463។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន បានអះអាងថា នៅក្នុងហេតុការណ៍នេះ ពុំបង្កឲ្យមានគ្រោះ ថ្នាក់ដល់ តៃកុង និងព្រូ ដែលធ្វើដំណើរ ឬអ្នកដទៃឡើយ ដោយរងការខូចខាតតែរថយន្តយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះ។ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ស្រុក បានចុះដល់ទីតាំងកើតហេតុ ពិនិត្យមើលជាក់ស្តែងឃើញថា ត្រង់ចំណុចខាងលើនេះ គឺផ្លូវចុះចំណោត ពីលើភ្នំដងរែក ហើយជាផ្លូវកោងខ្លាំង ផ្លូវចុះជម្រាលខ្ពស់ ហើយពេល ឡានដាច់ហ្វ្រាំងទៀត ទើបបានជាតៃកុងរេចង្កូតក្រឡាប់បែបនេះ តែសំណាងមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស ណាម្នាក់ឡើយ។
រថយន្តដឹកអំបិលដែលក្រឡាប់ខាងលើ ត្រូវបានម្ចាស់ក្រុមហ៊ុន ហៅរថយន្តស្ទូច និងយករថយន្តផ្សេងមកសាង លើកដឹកដាក់ទំនិញបន្ត៕