Friday, March 29, 2024
Homeសន្ដិសុខសង្គមសិស្ស៥នាក់ ចេញពីរៀន ជិះក្បូនលេង លង់ទឹកស្លាប់១

សិស្ស៥នាក់ ចេញពីរៀន ជិះក្បូនលេង លង់ទឹកស្លាប់១

ភ្នំពេញ ៖ ក្មេងប្រុសជាសិស្សសាលា ចំនួន៥នាក់ ចេញពីសាលារៀន មិនបាននាំគ្នាត្រឡប់ទៅផ្ទះ បែរជាបបួល គ្នាទៅជិះក្បូនលេង នៅក្នុងរណ្តៅដី១កន្លែង ដែលមានជម្រៅទឹកយ៉ាងជ្រៅ លុះពេលកំពុងលេងសប្បាយ ស្រាបតែរបូតច្រវា ធ្លាក់ចូលទឹក ទើបក្មេងប្រុសម្នាក់ បានស្ទុះលោតហែលទឹកទៅយកច្រវា បែរជាលង់ទឹក លិចបាត់ខ្លួនតែម្តង។

ហេតុការណ៍ខាងលើ បានកើតឡើង កាលពីល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចរណ្តៅដីចាស់មួយ កន្លែង ស្ថិតនៅខាងកើតវត្តតាភេម ភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល។

ក្មេងប្រុសដែលលង់ទឹកស្លាប់ មានឈ្មោះកុល សម្បត្តិរាជ អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៨ រៀននៅអនុវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី អរុណវតី មានលំនៅ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ២និង៣០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ក្មេងប្រុសរងគ្រោះ រួមជាមួយមិត្តភក្តិ ៤នាក់ទៀត បានចេញពីសាលារៀន ប៉ុន្តែអត់បាន នាំ គ្នាទៅផ្ទះទេ បែរជានាំគ្នាទៅងូតទឹក និងជិះក្បូនលេងនៅក្នុងទឹករណ្តៅដីខាងលើ។ លុះពេលកំពុងជិះក្បូនលេង ស្រាប់របូតច្រវាពីដៃ ធ្លាក់ចូលទឹក ពេលនោះក្មេងប្រុសរងគ្រោះ បានស្ទុះលោតហែលទឹកទៅយកច្រវា រួចលង់ លិចបាត់ទៅក្នុងទឹកតែម្តង។

ប្រភពដដែល បន្តថា ឃើញបែបនេះ មិត្តភក្តិមិនអាចជួយបានឡើយ ព្រោះសុទ្ធតែអត់ចេះហែលទឹកទាំងអស់គ្នា ណាមួយទឹករណ្តៅដីមួយនេះជ្រៅណាស់ ឈ្មួញជីកយកអាចម៌ដីលក់ជម្រៅហួសក្បាលប្រេតទៅទៀត។ បន្ទាប់មក ក្មេងប្រុស៤នាក់ទៀត បានស្រែកឆោឡោ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិ ជួយរាវរកដែរ តែរកមិនឃើញ ក៏សុំអន្តរាគមន៍ពីកម្លាំងយោធាកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានទៅជួយរាវរក ដោយចំណាយពេល ជាច្រើនម៉ោង ទើបឃើញសព រួចស្រង់ឡើងគោក ប្រគល់ជូនក្រុមគ្រួសារ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES