កណ្តាល ៖ យុវតីម្នាក់ បានជិះម៉ូតូចេញពីផ្ទះសំដៅទៅទិញម្ហូប លុះទិញបានហើយ ក៏ជិះម៉ូតូត្រឡប់មកវិញ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ធ្វើសកម្មភាពកៀរម៉ូតូឱ្យឈប់ រួចចាប់អូសដៃយុវតីរងគ្រោះ ច្រានទម្លាក់ ប្រឡាយទឹក បន្ទាប់មកបានប្លន់យកម៉ូតូយុវតីរងគ្រោះជិះគេចខ្លួនបាត់ លុះរំលងបាន១យប់ ត្រូវសមត្ថកិច្ច តាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។
ករណីវាយប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅផ្លូវលំ ខ្នងប្រឡាយតាហោ ស្ថិតក្នុងភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល។ លុះមកដល់ព្រឹកឡើងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចចុះស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ នាំយកមក ចាត់ការតាមច្បាប់។
ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះឆយ សុឡុត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល។ ចំណែកជនសង្ស័យ ទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះផេង សុផាន់ ណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ស្រុកអង្គស្នួល (ជាអ្នក បើកម៉ូតូ)។ ទី២-ឈ្មោះផេង រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (ជាអ្នកវាយជនរងគ្រោះ)។ រីឯបក្ខពួកម្នាក់ទៀត ឈ្មោះភួង ថន ហៅត្រេន ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រាំខ្នារខាងជើង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងរត់គេចខ្លួន (ជាអ្នកបញ្ជាឱ្យធ្វើសកម្មភាព និងទទួលទិញម៉ូតូ)។
រីឯវត្ថុតាងចាប់យក រួមមាន ម៉ូតូ ចំនួន២គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ លេខ តួនិងលេខម៉ាស៊ីន ND125ME-6249021 ពាក់ស្លាកលេខ ភ្នំពេញ 1JM-2635 (ជារបស់ជនសង្ស័យ ជិះធ្វើ សកម្មភាព) និងម៉ូតូម៉ាក ZOOMER-X ផលិត ឆ្នាំ២០១៨ ពណ៌សលាយក្រហម លេខតួ MLHJF6235J5009856 លេខម៉ាស៊ីន JF62E-5009856 ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-8715 (ជារបស់ជនសង្ស័យ)។ ទូរស័ព្ទ ចំនួន១ គ្រឿងម៉ាក iPhone7 ពណ៌ទឹកមាស តង្កាប់ប់ចំនួន១ កូនសោសម្រាប់ដោះខ្ចៅ ចំនួន៦ កូនសោខ្សៀ សម្រាប់ ដោះខ្ចៅ ចំនួន២ កូនកន្ត្រៃចំនួន១ ទួរណឺវីស ចំនួន១ កូនសោម៉ូតូ ចំនួន១ និងកន្ត្រកម៉ូតូ ចំនួន៣។
ចំណែកសម្ភារៈបាត់បង់ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ លេខតួ និងលេខ ម៉ាស៊ីន ND125M6257030 ពាក់ស្លាកលេខ ភ្នំពេញ 1JM-3733 (ជារបស់ជនរងគ្រោះ)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះ បានជិះម៉ូតូរបស់ ខ្លួនទៅទិញ ម្ហូបនៅ ក្នុងភូមិ ពេលទិញម្ហូបរួចហើយ ក៏ត្រឡប់មកផ្ទះវិញ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង មកពីក្រោយ រួចកៀរម៉ូតូយុវតីរងគ្រោះ ហើយជនសង្ស័យម្នាក់ជិះក្រោយ បានស្រែក គំរាមទៅលើយុវតីរងគ្រោះថា “ឈប់ម៉ូតូភ្លាម បើមិនឈប់បាញ់!” ធ្វើឱ្យយុវតីរងគ្រោះភ័យ ក៏ឈប់ម៉ូតូ រួចជន សង្ស័យដែលជិះក្រោយនោះចុះស្ទុះទាញដៃយុវតីរងគ្រោះ ចេញពីលើម៉ូតូ ហើយរុញចូលទៅក្នុងប្រឡាយ។ ភ្លាមនោះជនសង្ស័យជិះក្រោយ បានធ្វើសកម្មភាពឡើងជិះម៉ូតូរបស់យុវតីរងគ្រោះ ហើយនាំគ្នាជិះគេច ខ្លួន ឆ្ពោះទៅទិសខាងជើង (ផ្លូវជាតិលេខ៤) តែម្តងទៅ។ ក្រោយមក ជនរងគ្រោះបានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារ ដើម្បីរាយការណ៍ទៅឱ្យសមត្ថកិច្ច ហើយចុះដល់កន្លែងកើតហេតុភ្លាមៗ តែជនសង្ស័យបានគេចខ្លួនអស់ បន្ទាប់ មកបានទទួលបណ្តឹងពីជនរងគ្រោះ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ។
លុះព្រឹកឡើងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងផ្នែកជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍លំហាច ក្រាំង ម្កាក់ បែកចាន ចុះស្រាវជ្រាវស៊ើបអង្កេត ទើបកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ បាន ចំនួន២នាក់ និងវត្ថុតាងមួយចំនួន ហើយនាំទៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ ខ្លួននិងបក្ខពួក បានជិះ ម៉ូតូចេញពីកន្លែងខ្លួនស្នាក់នៅ ដើម្បីធ្វើសកម្មភាពវាយយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។
ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដោយមានការ សម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអនុ ញ្ញាត ឱ្យកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍បឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ និងអាជ្ញាធរភូមិ សង្កាត់ បន្តការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ នៅចំណុចភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាលទ្ធផលនៃការឆែកឆេរ បានដកហូតកន្ត្រកម៉ូតូ ចំនួន៣។
រហូតដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយមានបញ្ជាពី លោកឧត្តម សេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលពីលោកលាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញ សហការជាមួយ កម្លាំងប៉ុស្តិ៍ស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដកហូតម៉ូតូ ១គ្រឿង ម៉ាក ZOOMER- X ជាម៉ូតូរបស់ឈ្មោះ ភួង ថន ជិះសម្រាប់បញ្ជាឱ្យធ្វើសកម្មភាព និងជិះចាំទទួលទិញម៉ូតូពីជនសង្ស័យដែលធ្វើសកម្មភាពបាន។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោស ឱ្យខាង តែបាន៕