បាត់ដំបង ៖ ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ មួយសម្បុកធំ កំពុងជួបជុំគ្នាចាប់គូជល់មាន់ភ្នាល់ដាក់លុយ យ៉ាងពពាក់ពពូន ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនបានចំនួន១៩នាក់ ខណៈដែលជាច្រើននាក់ផ្សេងទៀត បាននាំគ្នារត់គេច ប្រសាច ពេញវាលស្រែ។
ប្រតិបត្តិការឆ្មក់បង្ក្រាបសង្វៀនបញ្ជល់មាន់នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិវត្តគរ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង។
យោងតាមរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ កម្លាំង ការិយាល័យជំនាញ បានឃាត់ខ្លួនអ្នកលេង សរុបចំនួន១៩នាក់ ខណៈអ្នកលេងជាច្រើននាក់ទៀត បានរត់ គេចខ្លួនយ៉ាងប្រសាចពេញវាលស្រែ។ ជាមួយនេះ សមត្ថកិច្ចក៏បានធ្វើការរឹបអូសនូវវត្ថុតាងមួយចំនួនធំ រួមមាន មាន់ជល់ ចំនួន៤ក្បាល ម៉ូតូអ្នកលេង ចំនួន១៦គ្រឿង បន្ទះកៅស៊ូសម្រាប់រៀបធ្វើសង្វៀនជល់មាន់ ចំនួន៦ដុំ ជញ្ជីងថ្លឹងផ្គូផ្គងមាន់ ១គ្រឿង រួមនិងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត ដែលក្រុមអ្នកញៀនល្បែង រត់ចោល។
តាមប្រភពព័ត៌មាន បានបង្ហើបប្រាប់ថា សង្វៀនមាន់ជល់ខាងលើនេះ បានបើកដំណើរការយូរក្រែលមកហើយ តែសមត្ថកិច្ចមូលដ្ឋាន ហាក់មិនអើពើនឹងទីតាំងល្បែងនេះទេ បើទោះជាក្រុមអ្នកញៀនល្បែង តែងណាត់ ប្រមូល ផ្តុំគ្នាប្រព្រឹត្តល្បែងនេះស្រែកហោរកញ្ជ្រៀវ ស្ទើរតែផ្អើល ភូមិក្តី ក៏មិនរំខានដល់មន្ត្រីមូលដ្ឋានសោះ។
ក្រុមអ្នកញៀនល្បែងជល់មាន់ ចំនួន១៩នាក់ ដែលត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនខាង លើនេះ ត្រូវបានលោកឈឿង គឹមសុង ស្នងការរង ទទួលដឹកនាំកិច្ចការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បញ្ជាក់ប្រាប់ថា មន្ត្រីជំនាញបានសាកសួរ រួចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បី ចាត់ការតាមនីតិវិធី៕