ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា ទើបនឹងខ្ចីប្រាក់អង្គការ បានចំនួន៤ពាន់ដុល្លារ យកមកធ្វើ ដើមទុនរកស៊ី រួចជិះម៉ូតូសំដៅមកភ្នំពេញ ស្រាប់តែអកុសល ជ្រុលចង្កូតបុកគល់ស្ពានអាកាសចោមចៅ រួចក៏ត្រូវ ម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ជ្រុលកិន បណ្តាលឱ្យបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ចំណែកកាបូបលុយ ៤ពាន់ដុល្លារ ត្រូវជនឆ្លៀតឱកាសបន្លំលួចយកទៅបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះ មានឈ្មោះសែម ចាន់សុភីន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិពេជចង្វា ឃុំភ្នំកុង ស្រុកអង្គរ ជ័យ ខេត្តកំពត។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1G-2926 (ជិះតែម្នាក់ឯង) ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅ ពីត្បូង ទៅជើង សំដៅចូលរាជធានីភ្នំពេញ លុះមកដល់ចំ ណុចកើតហេតុខាងលើ ស្រាប់តែបានជ្រុលចង្កូតម៉ូតូទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ ពេញទំហឹង បណ្តាលឱ្យដួលម៉ូតូបោកទៅនឹងថ្នល់ ដោយមិនដឹងថាជនរងគ្រោះស្លាប់ ឬរងរបួសធ្ងន់នោះទេ ស្រាប់តែរំពេច នោះ មានម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរមកពីក្រោយ រួចជ្រូលកិនជនរងគ្រោះពី លើបន្ថែមចំក្បាល បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង និងធ្វើឱ្យម៉ូតូសណ្តោងរ៉ឺម៉ក ក្រឡាប់ តែភ្លាមនោះ ម្ចាស់រ៉ឺម៉ក បានលើករ៉ឺម៉កបញ្ឈរវិញ ហើយបានបើកបន្តដំណើរទៅមុខបាត់ទៅ។
ប្រភពដដែល បន្តថា បន្ទាប់មក ប្រជាពលរដ្ឋបាននាំគ្នាទៅមើលជនរងគ្រោះ ក៏ឃើញថាជន រងគ្រោះ បាន ស្លាប់បាត់ទៅហើយ រួចក៏នាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍តែម្តង។ បន្ទាប់មក មានក្រុមអ្នកសារព័ត៌មានបានចុះមកដល់ ធ្វើការផ្សព្វផ្សាយ ដើម្បីស្វែងរកអត្តសញ្ញាណជនរងគ្រោះ និងក្រុម គ្រួសារ។ ស្រាប់តែបន្តិចក្រោយមក សមត្ថកិច្ចបានឆែកនៅលើខ្លួនសព រកឃើញអត្តសញ្ញាណប័ណ្ណ១សន្លឹក ហើយក៏មានអ្នកសារព័ត៌មានម្នាក់ ដែលកំពុងឡាយព័ត៌មាននៅទីតាំងកើតហេតុនោះដែរ បានស្គាល់យ៉ាងច្បាស់ ព្រោះជនរងគ្រោះគឺជាសាច់ញាតិរបស់ខ្លួន និងស្នាក់នៅផ្ទះជាប់គ្នា នៅឯខេត្តកំពត ទើបបានផ្តល់ដំណឹងទៅ ក្រុមគ្រួសារ នៅឯស្រុកកំណើត។
បន្ទាប់ពីទាក់ទងផ្តល់ដំណឹងទៅសាច់ញាតិនៅឯខេត្តកំពត រួចមក ត្រូវបានសាច់ញាតិបញ្ជាក់ប្រាប់ថាជនរង គ្រោះទើបនឹងខ្ចីប្រាក់ពីអង្គការ នៅឯស្រុកកំណើត ខេត្តកំពត បានចំនួន ៤ពាន់ដុល្លារ ដើម្បីយកមកធ្វើដើមទុន រកស៊ីនៅភ្នំពេញ ហើយក៏ឡើងមកភ្នំពេញ ទាំងយប់ ស្រាប់តែជួបគ្រោះអកុសលតាមផ្លូវបែបនេះតែម្តង។ ភ្លាមនោះ ទាំងសមត្ថកិច្ច និងសាច់ញាតិជនរងគ្រោះ បានរកមើលកាបូបលុយរបស់ជនរងគ្រោះ ដែលត្រូវក្រុម គ្រួសារអះអាងថា មានប្រាក់ចំនួន ៤ពាន់ដុល្លារនោះ ស្រាប់តែបាត់មិនឃើញជាប់ខ្លួនសពនោះទេសង្ស័យ មានជនឆ្លៀតឱកាសបន្លំលួចយកកាបូបលុយរបស់សពតែម្តង ហើយករណីនេះ ត្រូវបានក្រមគ្រួសារទទូចសុំ ឱ្យសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុ ដើម្បីកំណត់មុខសញ្ញា និងចាប់ ខ្លួនជនឆ្លៀតឱកាសនោះផង ដើម្បីយកលុយមកប្រគល់ឱ្យក្រុមគ្រួសារសពវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការវាស់វែង និងទាក់ទងហៅរថយន្ត មកដឹកបញ្ជូនសាកសព ជនរងគ្រោះ ទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕