បន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ បានសុំត្រីក្រពត ចំនួន៤ក្បាល ពីអ្នកភូមិម្នាក់ យកមកអាំងហូបនៅផ្ទះ តែម្នាក់ឯង លុះហូបរួច ស្រាប់តែកើតអាការទន់ដៃជើង សន្លប់បាត់មាត់ឈឹង លុះប្រពន្ធដឹកបញ្ជូនទៅមន្ទីរពេទ្យ បានដាច់ខ្យល់ស្លាប់។
ករណីពុលត្រីក្រពត នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក។
បុរសរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះថោក ភើយ អាយុ៥៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះផន ភាព អាយុ៥៥ឆ្នាំ និងមានលំនៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឃើញអ្នកភូមិម្នាក់ឈ្មោះពេក ស៊ុយ ភេទប្រុស អាយុ៥៨ឆ្នាំ ចេញទៅរកត្រី ត្រឡប់មកវិញ បានត្រីក្រពត ចំនួន៤ក្បាល ក៏បានសុំត្រីក្រពត ទាំង៤ ក្បាលនោះ យកមកអាំងហូបនៅផ្ទះម្នាក់ឯង។ លុះក្រោយ ពេលហូបត្រីក្រពតអាំងរួច ជនរងេគ្រោះចាប់ផ្តើមកើត មានអាការៈទន់ដៃទន់ជើង ពេលនោះស្ត្រីជាប្រពន្ធ ប្រញាប់ដឹកបញ្ជូនប្តីទៅកាន់មន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ភ្លាមៗដែរ លុះពេលទៅដល់គ្រូពេទ្យពិនិត្យឃើញថា ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ ក៏បានបញ្ជូនបន្តទៅ សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី តែអកុសល ពេលធ្វើដំណើរដល់ពាក់ កណ្តាលផ្លូវ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័មតែម្តង៕