Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស្រាកំដរសព ស្លាប់១ ដេកពេទ្យ២៨

ផឹកស្រាកំដរសព ស្លាប់១ ដេកពេទ្យ២៨

ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាទៅចូលរួមពិធីបុណ្យសពមួយ នៅក្នុងភូមិ ដោយម្ចាស់ដើម បុណ្យ បានទិញស្រា-ស ជាច្រើនកាន យកមកទទួលភ្ញៀវ ដើម្បីផឹកកំដរបុណ្យសព តាមទម្លាប់ លុះរំលងបាន ១យប់ មានអ្នកភូមិម្នាក់បានស្លាប់ ចំណែកជិត ៣០នាក់ទៀត បានកើតមានអាការមិនស្រួលខ្លួន ត្រូវបានដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសង្ស័យបណ្តាលមកពីពុលស្រា-ស ក្នុងពិធីបុណ្យសព។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។

ជនរងគ្រោះដែលសង្ស័យថាពុលស្រា-សស្លាប់ មានឈ្មោះហ៊ុំ ហ៊ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែក ២៨នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយគ្រាន់ តែដឹងថា សុទ្ធសឹងតែជាអ្នករស់នៅក្នុងភូមិជាមួយគ្នា ដោយពេលនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកក្រគរ ២២នាក់ ចំណែក ៦នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានបញ្ជាក់ប្រាប់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលកំពង់ពោធិ៍ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានប្រជាពល រដ្ឋរស់នៅភូមិមាត់ព្រៃម្នាក់ បានស្លាប់ សង្ស័យពុលស្រា-ស (ផឹកក្នុងពិធីបុណ្យសពអ្នកភូមិ) ខណៈដែលអ្នក ភូមិជិត ៣០នាក់ទៀត មានអាការមិនស្រួលខ្លួន កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

លោកអធិការ បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយ កម្លាំងមូលដ្ឋាន បានចុះអន្តរាគមន៍ ពិនិត្យវិភាគកន្លែងកើតហេតុ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យខេត្ត ពេទ្យឃុំ មេឃុំ មេភូមិ ផងដែរ។

តាមការបំភ្លឺរបស់ឈ្មោះម៉ើយ ម៉យ ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ បានរៀប រាប់ប្រាប់ថា ឪពុករបស់គាត់ ឈ្មោះស៊ុង ម៉ើយ បានទទួលមរណភាព កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយរោគាពាធ ក្នុងអាយុ៨៨ឆ្នាំ។ បន្ទាប់មក ក្រុមគ្រួសារគាត់ បានរៀបចំពិធីបុណ្យ សពជូនឪពុក តាមទំនៀមទម្លាប់ប្រពៃណី ដោយមានអ្នកភូមិមកចូលរួមរាប់សិបនាក់។

ប្រភពដដែលបន្តថា តាមទម្លាប់អ្នកស្រុកស្រែចម្ការ គឺតែងតែមានបងប្អូនអ្នកជិតខាង មកចូលរួមកំដរសព ទើបគាត់ជាម្ចាស់ដើមបុណ្យ បានទៅទិញអីវ៉ាន់ដើម្បីធ្វើម្ហូប និងទិញស្រា-ស មកទទួលភ្ញៀវដូចធម្មតា។ រហូតមកដល់យប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ មានអ្នកភូមិ មកកំដរបុណ្យសពឪពុកគាត់យ៉ាងច្រើន ហើយគាត់ក៏បានរៀបចំស្រា-ស និងសាច់ក្លែម ដើម្បីទទួលភ្ញៀវមកកំដរសព តាមទម្លាប់។ ស្រាប់តែព្រឹកឡើង នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ មានឈ្មោះហ៊ុំ ហ៊ត ដែលបានចូលរួមកំដរ បុណ្យសពឪ ពុកគាត់ កាលពីយប់ បានស្លាប់ និងមានមនុស្សចំនួន ២៧នាក់ទៀត (អ្នកមកកំដរសពដូចគ្នា) បានកើត មានអាការមិនស្រួលខ្លួន ខ្លះធ្ងន់ធ្ងរ ខ្លះទៀតក៏ស្រាល ក្នុងនោះមាន ២២នាក់ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ បង្អែកស្រុកក្រគរ និង៦នាក់ទៀត ទៅមន្ទីរពេទ្យខេត្ត។

តាមការបំភ្លឺពីស្ត្រីឈ្មោះឆុង សាម៉ុន អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងជាអ្នកយកស្រា-ស មកលក់បន្ត បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២៣ ខ្លួនបានទិញស្រា-ស ចំនួន៧កាន ពីឈ្មោះឌឿន សៀន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ និងជាអ្នកបិទស្រាលក់ មានលំនៅបច្ចុប្បន្ន នៅក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដើម្បីយកមក លក់ដូច សព្វដង។

លុះដល់ម៉ោងប្រហែល ៣និង៣០នាទីរសៀលថ្ងៃដដែលនោះ ក៏មានឈ្មោះម៉ើយ ម៉យ ត្រូវជាកូនសពលោកតា ស៊ុង ម៉ើយ បានមកទិញស្រា-ស ចំនួន៣០លីត្រ ដើម្បីទទួលភ្ញៀវ។ លុះដល់វេលាម៉ោង ១១ព្រឹក ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២៣ ទើបគាត់ដឹងថា មានគេពុលស្រា-សស្លាប់។ ចំពោះស្រា-សនេះ ខ្លួនបានទិញពីឈ្មោះឌឿន សៀន មកលក់បន្ត រយៈពេល ១ឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីនោះទេ។

ដោយឡែក ឈ្មោះឌឿន សៀន  ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ មានលំនៅបច្ចុប្បន្ននៅក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដែលជាអ្នកបិតស្រា-សលក់ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គាត់បានលក់ស្រា-ស ឱ្យទៅស្ត្រីឈ្មោះឆុង សាម៉ុន ចំនួន៧កាន លុះដល់វេលា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ទើបគាត់បានទទួលដំណឹងថា មានគេពុលស្រា-សស្លាប់។ ចំពោះ មុខរបរបិតស្រា-សនេះ គាត់បានបើកដំណើរ ជាង៣០ឆ្នាំមកហើយ ដោយវិធីបិត គឺដាក់អង្ករ កាច់ជាមួយមេដំបែរ ចាក់ទឹកទុក រយៈពេល៧ថ្ងៃ ទើបយកមកដាំបង្ហូរ យកមកលក់។

ក្រោយពិនិត្យសព និងតាមការបំភ្លឺជុំវិញកន្លែងកើតហេតុរួចមក សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ការស្លាប់របស់ ជនរងគ្រោះខាងលើ ពុំពាក់ព័ន្ធទៅនឹងករណីឃាតកម្មឡើយ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES