ភ្នំពេញ ៖ បុរស២នាក់ បើកបររថយន្ត ម្នាក់១គ្រឿង រួចកើតមានជម្លោះនឹងគ្នាពីរឿង ចុចស៊ីផ្លេឌឺដងដាក់គ្នា ទៅវិញទៅមក ធ្វើឱ្យកើតជាអំពើហិង្សា វាយតប់គ្នា និងថែមទាំងបើករថយន្តបំបុកគូទគ្នា បណ្តាលឱ្យមានការ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍ នាំភាគីទាំងសង ខាងទៅសាកសួរ ត្រូវភាគីទាំងសងខាងព្រម សម្របសម្រួលគ្នាបញ្ចប់រឿង ដោយមិនបានប្តឹងផ្តល់គ្នាឡើយ ប៉ុន្តែយ៉ាងណា សមត្ថកិច្ចបានពិនិត្យឃើញ អ្នកបើកបររថយន្តទាំងសងខាង សុទ្ធតែមានជាតិអាល់កុលលើសកម្រិតដូចគ្នា ទើបសម្រេចធ្វើការផាកពិន័យ ម្នាក់២លានរៀល។
ករណីអំពើហិង្សាផ្តើមចេញពីរឿងចុចស៊ីផ្លេដាក់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវ២៩ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
ភាគីជម្លោះទាំងសងខាង ភាគីម្ខាង ឈ្មោះអ៊ុន គឹមឈុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់ នៅផ្ទះលេខ 226A ផ្លូវ៣៧បេតេ ស្ថិតក្នុងភូមិសន្សំកុសល សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ បើក បររថយន្តម៉ាក Lexus RX-300 ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 2AT-5829។ ចំណែកភាគីម្ខាងទៀត មានឈ្មោះតាន់ តិចលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ ១៨៤ ផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល បើកបររថយន្តម៉ាក Ford Ranger ពណ៌លឿងទុំ ស៊េរីឆ្នាំផលិត២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BL-7737។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ភាគីខាងរថយន្ត Lexus RX-300 រួមដំណើរ ដោយបុរស២នាក់ បានបើកតាមផ្លូវ២៩ ក្នុងទិសពីត្បូង ទៅជើង ពេលនោះមានរថយន្ត ១គ្រឿង នៅពីមុខ ធ្វើបុរសជាអ្នកបើករថយន្ត Lexus RX-300 មិនអាចបើកលឿនបាន។ ក្នុងគ្រានោះដែរ ក៏មានរថយន្តម៉ាក Ford Ranger បើកមកពីក្រោយ ចុចស៊ីផ្លេដាក់រថយន្ត Lexus RX-300។
ប្រភពដដែល បន្តថា បន្ទាប់មក បុរសបើករថយន្ត Lexus RX-300 បានជាន់ហ្វ្រាំងរថយន្តឈប់ រួចបើកទ្វារចុះ ដើរសំដៅទៅរថយន្តម៉ាក Ford Ranger ដើម្បីសួរនាំ ហើយក៏បានចង្អុលដោយប្រើកាយវិកាយ ឱ្យបុរសជា អ្នកបើករថយន្តម៉ាក Ford Ranger ចុចកញ្ចក់ រថយន្តចុះដើម្បីនិយាយគ្នា។ ពេលនោះបុរសបើករថយន្តម៉ាក Ford Ranger បានចុចកញ្ចក់ចុះ ហើយសួរនាំ ស្រាប់តែកើតមានការប្រកែកគ្នា បន្ទាប់មកបុរសបើករថយន្ត Lexus RX-300 ខឹង ក៏បានវ៉ៃ១ដៃ ទៅលើផ្ទៃមុខបុរសជាអ្នកបើកបររថយន្ត Ford Ranger។
ប្រភពខាងលើ បានបន្តថា ក្រោយមក បុរសបើករថយន្តម៉ាក Ford Ranger ខឹងក៏បើករថយន្តទៅបុករថយន្ត Lexus RX-300 ពីក្រោយ បណ្តាលឱ្យរងការខូចខាត ដោយរថយន្ត Lexus RX-300 បែកកាងក្រោយ ចំណែក រថយន្ត Ford Ranger ក៏ខូចខាតកាងខាងមុខផងដែរ។ បន្ទាប់មក បុរសបើករថយន្តម៉ាក Ford Ranger ចុះពី លើរថយន្ត រួចវាយបុរសបើកបររថយន្ត Lexus RX-300 វិញ បណ្តាលរងរបួសស្រាលទាំងសងខាង ទើបផ្អើល ដល់សមត្ថកិច្ចចុះអន្តរាគមន៍នៅកន្លែងកើតហេតុ រួចនាំមកប៉ុស្តិ៍ទាំង២នាក់ ដើម្បីសាកសួរតែម្តង។
តាមការឱ្យដឹងពីសមត្ថកិច្ច ករណីហិង្សាខាងលើនេះ គឺកើតឡើងដោយការបើកបរ មិនយោគយល់គ្នារឿងចុចស៊ី ផ្លេរថយន្ត ហើយភាគីទាំងសង បានស្នើសុំមិនប្តឹងទៅលើបុគ្គលណាម្នាក់ទេ ប៉ុន្តែសុំដោះស្រាយរឿងគ្រោះថ្នាក់ ចរាចរណ៍។ ដោយបុរសឈ្មោះអ៊ុន គឹមឈុន ដែលបើករថយន្ត Lexus RX-300 បានយល់ព្រមយករថយន្តម៉ាក Ford Ranger របស់បុរសឈ្មោះតាន់ តិចលី ទៅក្រុមហ៊ុនជួសជុលឱ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿង។
យ៉ាងណាក្តី សមត្ថកិច្ចបានឱ្យដឹងថា ទោះបីភាគីទាំងសងខាង បានដោះស្រាយបញ្ចប់រឿងជាមួយគ្នាក្តី ប៉ុន្តែ កំហុសរបស់ម្ចាស់រថយន្តទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ដោយបុរសបើករថយន្ត Lexus RX-300 មានជាតិអាកុល ០,៥៨មិល្លីក្រាម ក្នុង១លីត្រខ្យល់។ ចំណែកបុរសបើក រថយន្តម៉ាក Ford Ranger មានជាតិអាល់កុល ០,៥០មិល្លីក្រាម ក្នុង១លីត្រខ្យល់។ ដោយការបើកបររថយន្ត មាន គ្រឿងស្រវឹង ដូច្នេះក្នុងមួយម្នាក់ៗ ត្រូវធ្វើការផាកពិន័យ ចំនួន២លានរៀលស្មើៗគ្នា។ ហើយចំពោះរថយន្ត គឺរង់ ចាំស្អែក ទើបប្រគល់ឱ្យយកប្រើប្រាស់វិញ ដោយសារអ្នកបើកបរខាងលើ មានគ្រឿងស្រវឹងក្នុងខ្លួន មិនអាច បើកបរបានឡើយ ដោយឱ្យក្រុមគ្រួសារមកទទួលយកត្រឡប់ទៅផ្ទះវិញ៕