Wednesday, November 20, 2024
Homeតារាខ្មែរមាស សុខសោភា សុំទោសនាយករដ្ឋមន្ត្រី គ្មានចេត នាបំភ្លៃប្រវត្តិសាស្ត្រខ្មែរ

មាស សុខសោភា សុំទោសនាយករដ្ឋមន្ត្រី គ្មានចេត នាបំភ្លៃប្រវត្តិសាស្ត្រខ្មែរ

ភ្នំពេញ ៖ កំពូលតារាចម្រៀងល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជា មាស សុខសោភា បានចេញមុខសុំ ទោសជាសាធារណៈចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមហាជនខ្មែរ ក្រោយពីផ្ទុះប្រតិកម្មយ៉ាងផុលផុសពេញក្នុងបណ្តាញសង្គម ចំពោះខ្លឹមសារបទចម្រៀងថ្មី របស់នាងដែលមាន ចំណងជើង “មរណភាពព្រះស្វាមី ជយវរ្ម័នទី៧”។

ការចេញមុខសុំទោសរបស់តារាចម្រៀង មាស សុខសោភា ធ្វើឡើងបន្ទាប់ពីមហាជន ក្រសួងវប្បធម៌ ជាពិសេស សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកខ្លឹមសារនៃបទចម្រៀង “មរណភាពព្រះ ស្វា មី ជយវរ្ម័នទី៧” បំភ្លៃប្រវត្តិសាស្ត្រ ហើយគ្មានភ័ស្តុតាងច្បាស់លាស់ពីការសោយទិវង្គតរបស់ព្រះបាទជយវរ្ម័នទី៧ ដែលនៅក្នុងប្រទេសកម្ពុជា អតីទព្រះមហាវីរក្សត្រ ព្រះបាទជយវរ្ម័នទី៧ ត្រូវបានគោរពនិងលើក តម្កើងយ៉ាង ខ្ពស់ បំផុត។ យ៉ាងណា តារាចម្រៀង មាស សុខសោភា បានបញ្ជាក់ថា នាងគ្មានចេតនាបំភ្លៃប្រវត្តិសាស្ត្រខ្មែរ នោះទេ។

តារាចម្រៀង មាស សុខសោភា បានសរសេរសារសុំទោស តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅរាត្រីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ថា “នាងខ្ញុំមាស សុខសោភា សូមគោរពសូមទោស សម្តេចពុក ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹម សារនៃបទចម្រៀង “មរណភាពព្រះស្វាមី ជយវរ្ម័នទី៧” ដែលបានបង្ហោះក្នុងហ្វេសប៊ុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្ត្រខ្មែរនោះទេ តែដោយសារតែ ការ ខ្វះចន្លោះក្នុងការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ ពីប្រវត្តិសាស្ត្រខ្មែរ មុននឹងផលិតបទនេះឡើង ទើបធ្វើឱ្យ មានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាងខ្ញុំ និងក្រុមការងារ សង្ឃឹមថា សម្តេចពុក ក្រសួងពាក់ ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាង ខ្ញុំបានលុបទាំងស្រុង នូវវីដេអូចម្រៀងមួយបទនេះ ចេញពីហ្វេសប៊ុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ ជាស្ថាពរហើយ។ នាងខ្ញុំសន្យាថា ចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀត ពីប្រវត្តិ សាស្ត្រខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត។ សូមគោរពជូន ពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឱ្យមានភាពរីកចម្រើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ជួបប្រទះ តែ សេចក្តីសុខចម្រើន កុំបីឃ្លាត។ ដោយក្តីគោរពយ៉ាងខ្ពង់ខ្ពស់ពីនាងខ្ញុំ មាស សុខសោភា…”។

សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញសារសំឡេងពិសេស ស្នើឱ្យតារាចម្រៀង មាស សុខសោភា ដកចេញ និងលុបចោលជាបន្ទាន់ នូវបទចម្រៀងដែលមានចំណងជើង «មរណភាពព្រះស្វាមី ជយវរ្ម័នទី៧» ហើយសម្តេចនាយករដ្ឋមន្ត្រី ក៏សូម ឱ្យអ្នកប្រើបណ្តាញសង្គម ទាំងអស់ កុំចែករំលែកបន្ត គឺមេត្តាលុបចោលនូវបទចម្រៀងនេះផងដែរ។ ជាមួយនេះ សម្តេចហ៊ុន សែន បានណែនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវតាមមើលកិច្ចការងារនេះឱ្យបានហ្មត់ចត់ ដើម្បីធានាថា ប្រវត្តិសាស្ត្ររបស់ជាតិ មិនត្រូវបានបំភ្លៃ ជាពិសេសប្រវត្តិសាស្ត្រដែល ទាក់ទងជាមួយ នឹងព្រះ បាទជយវរ្ម័នទី៧។

សម្តេចហ៊ុន សែន បានថ្លែងតាមរយៈសារសំឡេង រយៈពេលជិត៤នាទី បង្ហោះក្នុងបណ្តាញតេឡេក្រាម និង ហ្វេសប៊ុក របស់សម្តេច ថា “សូមផ្ញើជូនក្មួយស្រី មាស សុខសោភា ពេលនេះ ពូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញបទចម្រៀងដែលក្មួយស្រីបានបង្ហោះ ទាក់ទិនទៅនឹង “មរណភាពព្រះស្វាមី ជយវរ្ម័នទី៧” ទន្ទឹមនឹងការអំពាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមពូ ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នៃព្រះ រាជាណាចក្រកម្ពុជា ពូស្នើសុំដោយទទូចចំពោះក្មួយស្រី ដកចេញជាបន្ទាន់ អំពីហ្វេសប៊ុក ជាមួយនឹងការ បង្ហោះ នូវបទចម្រៀងនេះ ដែលនេះពិតជាធ្វើឱ្យមានការភាន់ច្រឡំយ៉ាងធំ នូវប្រវត្តិសាស្ត្ររបស់ជាតិ ដែលនៅពេលនេះ នៅក្នុងប្រទេសរបស់យើង មានតែព្រះជយវរ្ម័នទី៧ មួយគត់ ដែលត្រូវបានគោរពនិងលើកតម្កើងយ៉ាងខ្ពស់ប៉ុន្តែ ខ្លឹមសារនៃបទចម្រៀង បែរជាមានលក្ខណៈផ្ទុយស្រឡះ យើងមិនទាន់ធ្វើការវិន្ឆ័យអ្វីទាំងអស់ ក៏ប៉ុន្តែ ក្មួយស្រី ហាក់ដូចជាលឿនពេក ដើរឆ្ងាយអំពីខ្លឹមសារដើម ឬក៏គ្មានឯកសារយោង។ សូមក្មួយស្រី បើទទួលបាន ព័ត៌មាន នេះហើយ សូមឱ្យដកចេញជាបន្ទាន់ ហើយសូមឱ្យអ្នកលេងបណ្តាញសង្គមទាំងអស់ កុំចែករំលែកបន្ត ហើយ មេត្តាលុបចោលនូវបទចម្រៀងនេះជាបន្ទាន់ សម្រាប់អ្នកដែលទទួលបន្ត គឺមិនអាចនឹងធ្វើបែប នេះទៅ បានទេ រឿងនេះគឺជារឿងដ៏ធំ ប្រសិនបើគ្មានអន្តរាគមន៍ពីសំណាក់ជាន់ខ្ពស់ទេ ប្រហែលជាក្មួយស្រី គឺមិនទាន់ដកចេញ មិនអាចដកចេញទៀតផង តែពូសង្ឃឹមថា អន្តរាគមន៍របស់ពូ នឹងធ្វើឱ្យក្មួយស្រីដកចេញ ហើយចាំយើង និយាយ គ្នានៅពេលក្រោយ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវតាមមើលកិច្ចការងារនេះឱ្យបានហ្មត់ចត់ ដើម្បីធានាថា ប្រវត្តិសាស្ត្ររបស់ជាតិ មិនត្រូវបានបំភ្លៃ ជាពិសេសប្រវត្តិសាស្ត្រដែលទាក់ទងជាមួយនឹងព្រះបាទជយវរ្ម័នទី៧។ សូមក្មួយស្រីយោគយល់ចំពោះជាតិសាសន៍របស់យើង មិនមែនចម្រៀងមួយបទនេះ អាចមកជំនួសប្រជាជន ១៧លាននាក់ ដែលកំពុងតែធ្វើការគោរពចំពោះព្រះបាទជយវរ្ម័នទី៧ នោះឡើយ។ សូមក្មួយស្រី ទទួលនូវការ រាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ សូមអរគុណ…”។

ដោយឡែក នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នោះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានបញ្ចេញនូវ ប្រតិកម្ម ចំពោះបទចម្រៀង “មរណភាពព្រះស្វាមី ជយវរ្មន័ទី៧” របស់តារាចម្រៀង មាស សុខសោភា ផងដែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា នាពេលថ្មីៗនេះ ក្រសួងពិនិត្យឃើញ មានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទ ក្រោមចំណងជើងថា «មរណភាពព្រះស្វាមី ជយវរ្មន័ទី៧» ច្រៀង ដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុក ឈ្មោះ Meas Soksophea ដែលបានបរិ យាយដោយ គ្មានភ័ស្តុតាងច្បាស់លាស់ ពីការសោយទិវង្គតរបស់ព្រះបាទជយវរ្ម័នទី៧ ដែលជាព្រះមហាវីរក្សត្រ ដ៏មហិមា នៅសម័យអង្គរ និងបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសាធារណមតិ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនថា រហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានឯកសារស្រាវជ្រាវ ប្រវត្តិសាស្ត្រណាមួយ ដែលមានលក្ខណៈវិទ្យាសាស្ត្រគ្រប់គ្រាន់ បញ្ជាក់ច្បាស់ពីការសោយទិវង្គតរបស់ ព្រះបាទជយរវ្ម័នទី៧ នៅឡើយទេ។ ការផលិតបទចម្រៀងខាងលើ គឺពុំមានភ័ស្តុតាងពិតប្រាកដ ដែលជា ហេតុបង្កឱ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្ត្រកម្ពុជា។

ថ្វីត្បិតតែក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សង្កេតឃើញថា បទចម្រៀងនេះ បានលុបចេញពីគណនី ហ្វេសប៊ុក ឈ្មោះ Meas Soksophea ហើយក៏ដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទទូចសុំឱ្យអ្នកនាង មាស សុខសោភា អ្នកនិពន្ធបទចម្រៀង និងអ្នកពាក់ព័ន្ធផ្សេង ទៀត លុបចោលបទចម្រៀង «មរណភាពព្រះស្វាមី ជយវរ្មន័ទី៧» ពីបណ្តាញសង្គម ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀត ជាបន្ទាន់។ ស្របជាមួយគ្នានេះ ក្រសួង ស្នើសុំចំពោះសាធារណជន មេត្តាកុំចែករំលែកផ្សព្វផ្សាយបទចម្រៀងនេះបន្ត។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្មារតីស្រ ឡាញ់ ថែរក្សា ការពារវប្បធម៌ និងប្រវត្តិសាស្ត្រជាតិ របស់សាធារណជន ហើយក៏សូមអំពាវនាវចំពោះសិល្បករ ក៏ដូចជាផលិតករទាំងអស់ ដែលចង់បង្កើត និងផលិត ស្នាដៃពាក់ព័ន្ធនឹងវប្បធម៌ ឬប្រវត្តិសាស្ត្រជាតិ សូមធ្វើការ សិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ឬក៏អាចស្នើសុំសហការជាមួយក្រសួងវប្បធម៌ ឬអ្នកស្រាវជ្រាវនានា ដើម្បីរក្សានូវតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ផូរផង់របស់ជាតិ…”៕ ខៀវទុំ

RELATED ARTICLES