Monday, June 9, 2025
Homeសន្ដិសុខសង្គមក្មួយខឹងពូ ទាញអាកាបាញ់រះ១០គ្រាប់

ក្មួយខឹងពូ ទាញអាកាបាញ់រះ១០គ្រាប់

សៀមរាប ៖ បុរសម្នាក់ ជាមន្ត្រីនគរបាលខេត្តសៀមរាប បានជួបជុំផឹកស៊ីជាមួយសាច់ញាតិរបស់ខ្លួន លុះក្រោយពីស្រវឹងធ្លាក់ភ្នែក កើតមានជម្លោះពាក្យសម្តីជាមួយឪពុកមារបស់ខ្លួន ក៏ផ្ទុះកំហឹងទាញ ម៉ូតូជិះទៅយកកាំភ្លើងពីកន្លែងធ្វើការ មកបាញ់រះគំរាមឪពុកមា អស់ជាង១០គ្រាប់ ធ្វើឱ្យមានការភ្ញាក់ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។

 ហេតុការណ៍ផ្ទុះអាវុធជាង ១០គ្រាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៥៨នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិគោកចាន់ ឃុំអម្ពិល ស្រុកប្រាសាទបាគង។

ជនបង្កហេតុជាខ្មាន់កាំភ្លើង ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានលំនៅ ភូមិគោក ចាន់ ឃុំអម្ពិល ស្រុកប្រាសាទបាគង។ ចំណែកបុរសរងគ្រោះជាឪពុកមា មានឈ្មោះ រស់ រំ អាយុ៤៧ឆ្នាំ មានលំ នៅក្នុងភូមិគោកចាន់ ឃុំអម្ពិល ស្រុកប្រាសាទបាគង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មន្ត្រីនគរបាលឈ្មោះលួន សុផាន បានមកជួបជុំផឹកស៊ីជាមួយជនរងគ្រោះជាឪពុកមា នៅចំណុចភូមិកើតហេតុខាងលើ។ បន្ទាប់ពីផឹកស្រាស្រវឹង ធ្លាក់ភ្នែក បានទាស់ពាក្យសម្តីជាមួយឪពុកមា ហើយក្រោយមក ជនបង្កហេតុ បានជិះម៉ូតូទៅយកកាំភ្លើងអាកា នៅកន្លែងធ្វើការ រួចស្ពាយកាំភ្លើងត្រឡប់មកផ្ទះជនរងគ្រោះជាឪពុកមាវិញ ហើយក៏ទាញកាំភ្លើងបាញ់រះគំរាម ឪពុកមា អស់ប្រមាណ ១០គ្រាប់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចចុះ អន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនបង្កហេតុ ឈ្មោះលួន សុផាន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសាកសួរ និងចាត់ការបន្តតាម នីតិវិធី៕

RELATED ARTICLES