ភ្នំពេញ ៖ លោកលឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចដោះលែងអ្នកម៉ៅការសំណង់ម្នាក់ និងគូកន ឱ្យនៅក្រៅឃុំ តែដាក់ឱ្យស្ថិតក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ ពាក់ព័ន្ធបណ្តឹងរំលោភលើទំនុកចិត្ត និងបទឆបោក ដែលមានទំហំទឹកប្រាក់ជិត កន្លះលានដុល្លារ។
គួររំលឹកថា អ្នកម៉ៅការសំណង់ធនាគារជាតិ និងគូកនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី ភ្នំពេញ នាំខ្លួនទៅតុលាការ កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត និង បទឆបោក ដែលមានទំហំទឹកប្រាក់ប្រមាណជិតកន្លះលានដុល្លារ។
ជនសង្ស័យឈ្មោះកែវ ស៊ុនហេង ភេទប្រុស អាយ៤២ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់ មានលំនៅផ្ទះលេខ 5E0 សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងម្នាក់ទៀតឈ្មោះពិសិដ្ឋ ម៉ារ៉ាឌីន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះ 913D ផ្លូវបេតុង២ បុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ដើមចមនៃការនាំខ្លួនបុរសទាំង២នាក់ខាងលើទៅតុលាការ គឺកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ TRAN VANTOAN ជាជនជាតិវៀតណាម បានប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅលើឈ្មោះកែវ ស៊ុន ហេង និងឈ្មោះពិសិដ្ឋ ម៉ារ៉ាឌីន ពីបទរំលោភទំនុកចិត្ត និងឆបោក។
ក្រោយពីមានពាក្យបណ្តឹង សមត្ថកិច្ចបានកោះហៅចុងចោទ ឱ្យចូលឆ្លើយបំភ្លឺដំណើររឿងលើពាក្យបណ្តឹងនោះ ប៉ុន្តែអ្នកទាំងពីរបាន គេចវេះ មិនចូលខ្លួនតាមការកោះហៅនោះទេ។ បន្ទាប់មក ទើបសមត្ថកិច្ចបានស្នើសុំទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបញ្ជាឱ្យជនសង្ស័យចូលខ្លួន រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ ដោយខ្លាចខូចប្រយោជន៍ជនរងគ្រោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ប្រគល់ជូនស្ថាប័នអយ្យការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ភាគី “ខ” ជនរង គ្រោះ បានព្រមព្រៀងចុះកិច្ចសន្យាទទួលធ្វើការ ដោយផ្តល់ជាកម្លាំងពលកម្ម សម្រាប់សាងសង់សំណង់ជា មួយភាគី “ក” អ្នកម៉ៅការ ចំនួន១០គម្រោង រួមទាំងធនាគារជាតិផងដែរ ដែលគម្រោងនីមួយៗ គឺមានទំហំទឹក ប្រាក់ខុសគ្នា។ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងគ្នាហើយ ភាគី “ក” បានយល់ព្រមឱ្យភាគី “ខ” រកកម្លាំងពលកម្ម សម្រាប់ធ្វើការសាងសង់សំណង់ទាំង១០គម្រោងនោះ ដោយមានការជឿទុកចិត្តលើភាគី “ក” ដើមបណ្តឹងបានបំ ពេញ កាតព្វកិច្ចរួចរាល់ហើយ ប៉ុន្តែភាគី “ក” ខាងអ្នកម៉ៅការ មិនបានគោរពតាមការព្រមព្រៀងនោះទេ ពោលគឺ នៅជំពាក់ប្រាក់ភាគី “ខ” ជាដើមបណ្តឹង ចំនួន ៣៨៩ ៩៩១ដុល្លារ ព្រមទាំងប្រាក់កម្រៃជើងសា ផ្សេងទៀត ទើប ត្រូវបានជនរងគ្រោះប្តឹងឱ្យសមត្ថកិច្ចនាំខ្លួនអ្នកម៉ៅការសំណង់ និងគូកន ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវ ច្បាប់ តែម្តង៕