Thursday, November 14, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនកើតមកដង្ហើមចង្រិត ម៉ែចោទពេទ្យធ្វេសប្រហែស

កូនកើតមកដង្ហើមចង្រិត ម៉ែចោទពេទ្យធ្វេសប្រហែស

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានអះអាងថា ខ្លួនបានមកទទួលសេវាសម្រាលដោយវះកាត់ នៅគ្លីនិកឯកជនមួយកន្លែង លុះវះកាត់រួច ទារកមានបញ្ហាសុខភាព (ឈ្លក់ទឹកភ្លោះ) និងត្រូវគ្រូពេទ្យរៀបចំបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ ដោយមិនបានដាក់អុកស៊ីហ្សែន សង្គ្រោះតាមផ្លូវនោះទេ លុះទៅដល់មន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា ទារកមិនអាច សង្គ្រោះបានឡើយ ពោលគឺនៅសល់តែដង្ហើមចង្រិតចុងក្រោយ (រស់ដោយសារអុកស៊ីហ្សែន) ប៉ុណ្ណោះ ជាហេតុ ធ្វើឱ្យស្ត្រីជាម្តាយ និងក្រុមគ្រួសារ កើតទុក្ខមិនសុខចិត្ត ចោទគ្រូពេទ្យធ្វេសប្រហែស និងទទូចទាមទារឱ្យក្រសួង សុខាភិបាល ជួយរកយុត្តិធម៌។

ស្ត្រីជាម្តាយដែលទើបនឹងសម្រាលកូននោះ មានឈ្មោះញ៉ែម ស្រីរ័ត្ន មានលំនៅ ភូមិស្លែង ឃុំត្រពាំងវែង ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកទារកដែលកើតមកជួបវាសនាអភ័ព្វខាងលើ គឺជាកូនទី២ក្នុងគ្រួសារ។ ដោយឡែក គ្លីនិកឯកជនដែលរងការចោទប្រកាន់ពីស្ត្រីខាងលើ គឺមន្ទីរពហុព្យាបាលនិងសម្ភព អង្គរធំ មានទី តាំងស្ថិតនៅតាមផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមសម្តីស្ត្រីឈ្មោះញ៉ែម ស្រីរ័ត្ន ដែលលើកសាច់ញាតិ និងក្រុមគ្រួសារមកតវ៉ា ទាមទារយុត្តិធម៌ បង្កភ្ញាក់ ផ្អើលកាលពីរសៀលថ្ងៃទី០៦ មិថុនា ឆ្នាំ២០២៣ នៅចំណុចមុខមន្ទីរពហុព្យាបាលនិងសម្ភព អង្គរធំ តាមផ្លូវ កម្ពុជាក្រោម កែងផ្លូវលេខ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានរៀបរាប់ប្រាប់ថា នាងមានផ្ទៃ ពោះគ្រប់ខែ មកសម្រាកឆ្លងទន្លេកូនទី២ និងបានសម្រាលកូន ដោយវះកាត់ នៅមន្ទីរពហុព្យាបាលនិងសម្ភព អង្គរធំ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ លុះពេលវះកាត់រួចកូនមាន បញ្ហាសុខភាព ដោយឈ្លក់ទឹកភ្លោះ។ ខណៈនោះ ក្រុមគ្រូពេទ្យរៀបចំបញ្ជូនកូនរបស់នាង ទៅមន្ទីរពេទ្យ កុមារជាតិ ដោយមានការធ្វេសប្រហែស មិនបានដាក់អុកស៊ីហ្សែនសង្គ្រោះ និងដឹកតាមម៉ូតូកង់បី។ នៅពេលទៅដល់មន្ទីរពេទ្យ ត្រូវក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិ បានពិនិត្យរួច ប្រាប់ថា គ្មានសង្ឃឹមទេ សល់តែដង្ហើមចុងក្រោយប៉ុណ្ណោះ។

ស្ត្រីជាម្តាយ បានចោទប្រកាន់ថា នេះជាការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ និងម្ចាស់គ្លីនិក ទើបធ្វើឱ្យកូន របស់នាងមានបញ្ហា ហើយប្រឈមមុខគ្រោះថ្នាក់ដល់អាយុជីវិត ទើបនាងបានមកគ្លីនិក សូមឱ្យម្ចាស់គ្លីនិក ទទួលខុសត្រូវ និងស្នើឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូននាង។

តាមប្រភពពីបុរសជាឪពុក រួមនិងសាច់ញាតិទារកខាងលើ បានអះអាងថា មូលហេតុដែលនាំឱ្យកូនរបស់គាត់ នៅសល់តែដង្ហើមចង្រិតចុងក្រោយ (រស់ដោយសារអុកស៊ីហ្សែន)  បែបនេះ ក៏ព្រោះតែជាការធ្វេសប្រហែស របស់គ្រូពេទ្យ និងម្ចាស់មន្ទីរពហុព្យាបាលនិងសម្ភព អង្គរធំ ហេតុនេះគាត់ទទួចស្នើសុំដល់សមត្ថកិច ពិសេស ក្រសួងសុខាភិបាល មេត្តាជួយរកយុត្តិធម៌ជូនក្រុមគ្រួសារពួកគាត់ផង។

ជុំវិញករណីខាងលើ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីតំណាងមន្ទីរពហុព្យាបាល និងសម្ភព អង្គរធំ បានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES