ភ្នំពេញ ៖ ទីតាំងម៉ាស្សា ១កន្លែង លើកស្លាកយីហោ ម៉ាស្សាធម្មតា ១ម៉ឺនរៀល ម៉ាស៊ីនត្រជាក់៥ដុល្លារ ប៉ុន្តែបាន លួចលាក់បង្កប់សេវាបម្រើផ្លូវភេទ ទីបំផុតត្រូវសមត្ថកិច្ចជំនាញឆ្មក់ចុះបង្ក្រាប រកឃើញស្រោមអនាម័យប្រើរួចថ្មី ១ថង់ធំ ទើបឈានដល់ការឃាត់ខ្លួនមេការម្នាក់ និង នារីបម្រើផ្លូវភេទ សរុប៥នាក់ នាំយកទៅសាកសួរ។ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាបង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១០ និង៣៥នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចបុរីញូវថោន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ទីតាំងម៉ាស្សាខាងលើនេះ មានយីហោ «ម៉ាក់ស្រីកា» ស្ថិត នៅផ្ទះ លេខ CO2 ផ្លូវ112KD ចំណែកនៅលើស្លាកយីហោ បានដាក់ថា ម៉ាស្សាធម្មតា១ម៉ឺនរៀល រីឯម៉ាស៊ីនត្រជាក់ ៥ដុល្លារ ប៉ុន្តែធាតុពិត មានបង្កប់បម្រើសេវាផ្លូវភេទ។
ប្រភពដដែល បន្តថា នៅក្នុងហាងម៉ាស្សាខាងលើ មាននារីបម្រើសេវាផ្លូវភេទ ចំនួន៥នាក់ ក្នុងនោះមាន២នាក់ ជាអនីតិជន ដោយមានមេការស្រីម្នាក់ ជាអ្នកមើលការខុសត្រូវ។ ចំណែកវត្ថុតាងដែលត្រូវដកហូតបាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KE-4685 និងទូរស័ព្ទដៃ មួយចំនួនផងដែរ។តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ដោយមានការរាយការណ៍ផ្តល់ព័ត៌ មានពីប្រជាពល រដ្ឋរស់នៅក្នុងបុរីខាងលើ ប្តឹងទៅខាងអជ្ញាធរសមត្ថកិច្ចមូលដ្ឋានថា ទីតាំងហាងម៉ាស្សាខាងលើ មានបង្កប់ សេវាផ្លូវភេទ ដោយមានភ្ញៀវប្រុសៗចេញចូលមិនដាច់ ទើបសមត្ថកិច្ចមូលដ្ឋាន រាយការណ៍បន្តទៅ កាន់ផ្នែក ជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជនតែម្តង។
លុះនៅវេលាម៉ោងកើតហេតុខាងលើ មន្ត្រីផ្នែកជំនាញបានដឹកនាំកម្លាំងចុះទៅសហការជាមួយ កម្លាំងផ្នែក ជំនាញខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរភូមិ សង្កាត់ ឱ្យចូលរួមអន្តរាគមន៍បង្ក្រាបទីតាំងម៉ាស្សានោះ។ បន្ទាប់ពីធ្វើការសាកសួរទៅលើនារីបម្រើសេវាកម្សាន្ត ទាំង៥នាក់នោះទៅ ទើបដឹងថា មាននារី២នាក់ ជាអនីតិជន ហើយនៅទីតាំងនោះ នៅពេលចុះឆែកឆេរ រកឃើញស្រោមអនាម័យដែលប្រើប្រាស់រួចថ្មីៗ ជាច្រើនស្រោម ត្រូវបានវេចខ្ចប់ទុកក្នុងថង់ខ្មៅធំមួយ ហើយត្រូវបានផ្នែកជំនាញប្រមូលទុកជាភ័ស្តុតាង ដើម្បីកសាងសំណុំ រឿង។
ក្រោយពេលកើតហេតុ នារីបម្រើសេវាម៉ាស្សាស្រួលទាំង៥នាក់ និងមេការម្នាក់ ត្រូវបានឃាត់ខ្លួន បញ្ជួនទៅកាន់ ផ្នែកជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីចាត់ការទៅនីតិវិធី។ ចំណែកទីតាំង ម៉ាស្សាខាងលើ ត្រូវបានបិទទ្វារ ផ្អាកជាបណ្តោះ អាសន្ន៕