Friday, December 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធធ្វើការយប់ ប្តីដេកស្លាប់ឱបកូន

ប្រពន្ធធ្វើការយប់ ប្តីដេកស្លាប់ឱបកូន

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានចេញទៅធ្វើការវេនយប់ ដោយទុកឱ្យប្តី នៅផ្ទះមើលថែកូនស្រីតូចដែលទើបនឹងមានអាយុ ៨ខែ លុះព្រឹកឡើងចប់ការងារ ត្រឡប់មកដល់ផ្ទះវិញ ប្រទះឃើញបុរសជាប្តី ដេកស្លាប់ឱបកូនតូចជាប់ មិនដឹង ថាស្លាប់តាំងពីថ្មើណា ខណៈដែលកូនតូចដេកលក់ ដោយមិនដឹងថាឪពុករបស់ខ្លួនស្លាប់នោះឡើយ។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ជួលលេខ២២ ជាន់ទី១ តាមផ្លូវបេតុង ក្រុមទី៤ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោម ចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះខាងលើ មានឈ្មោះមឿន ទិញ អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គកែវ ឃុំអង្គកែវ ស្រុក ទ្រាំង ខេត្តតាកែវ មានប្រពន្ធឈ្មោះស្រស់ សេងហុង អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកហាង មានស្រុកកំណើត ភូមិឈើទាល ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានកូនស្រី ២នាក់ ក្នុងនោះកូនស្រីពៅ ទើបនឹង មានអាយុ ៨ខែ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ មានជំងឺលើសជាតិអាស៊ីដ ហើមជើង ២ថ្ងៃមកហើយ រាល់យប់ នាងតែងឱ្យប្តីជួយមើលកូន ចំណែកនាងត្រូវចេញទៅធ្វើការងារវេនយប់។ លុះមកដល់យប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នាងបានរៀបចំខ្លួនចេញទៅធ្វើការងារនៅហាងតាមធម្មតា ដោយទុកកូនស្រីតូច អាយុ៨ខែ ឱ្យនៅដេកជាមួយប្តី។ រហូតដល់វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នាងប្រញាប់ប្រញាល់សុំមេចេញមុនម៉ោង មកដល់បន្ទប់ រុញទ្វារចូល ប្រទះឃើញ ប្តីដេកឱបកូនស្រី ដូចសព្វដង ពេលនាងចូលទៅដាស់ មិនឃើញប្តីកម្រើកសោះ ទើបសង្ស័យ ក៏ចូលទៅអង្រួន ទើបដឹងថា ប្តីរបស់នាងស្លាប់បាត់ទៅហើយ ដោយមិនដឹងថាស្លាប់តាំងពីថ្មើរណាឡើយ ចំណែកកូនស្រី របស់នាង ដេកលក់ ដោយមិនដឹងថាឪពុករបស់ខ្លួនបានស្លាប់នោះទេ។

បន្ទាប់ពីកើតមានហេតុការណ៍បែបនេះ ស្ត្រីជាប្រពន្ធជនរងគ្រោះ បានស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង ចូលមកជួយមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ នៅព្រឹកព្រលឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យ វិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារគាំងបេះដូង មិនជាប់ពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេង នោះឡើយ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតដើម្បីរៀប ចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES