បាត់ដំបង ៖ បុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ក្នុងល្បឿនលឿន លុះមានសត្វឆ្មា ១ក្បាល រត់កាត់ ក៏បុកឆ្មា បណ្តាលឱ្យដួលម៉ូតូ ខ្ទាតមនុស្សចូលក្រោមកង់រថយន្តធុនធំ ១គ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យរថយន្តកិនចំក្បាល បែកខ្ទេចក្បាល ស្លាប់នៅនឹង កន្លែងយ៉ាងអាណោចអាធ័ម ចំណែកអ្នក បើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ បន្សល់ទុកប្រពន្ធកូន និងរថយន្ត នៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតនៅចំណុចភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។បុរសរងគ្រោះ មានឈ្មោះ សឿត វណ្ណាត អាយុ៣៦ឆ្នាំ មានលំនៅ ភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល។ ចំណែក អ្នកបើកបររថយន្តធុនធំ មានឈ្មោះហ៊ុន ហេង អាយុ៣៥ឆ្នាំ មានលំនៅ ភូមិថ្នល់បត់ ឃុំឬស្សីក្រាំង ស្រុកមោង ឬស្សី។ ក្រោយកើតហេតុ អ្នកបើកបររថយន្តរូបនេះ បានរត់គេចខ្លួន ដោយបន្សល់ទុកប្រពន្ធនិងកូនតូចម្នាក់ រួម ទាំងរថយន្តនៅនឹងកន្លែង កើតហេតុ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូក្នុង ល្បឿនលឿនគួរសម ក្នុងទិសដៅពីជើង ទៅត្បូង។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្របពេលមានរថយន្តដ៏ធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A-8533 ធ្វើដំណើរមក ពីទិសខាងត្បូង (បញ្ច្រាសទិសគ្នា) ភ្លាមនោះ ម៉ូតូបានបុកសត្វឆ្មា ១ក្បាល ដែលរត់ឆ្លងថ្នល់ ធ្វើឱ្យអ្នកបើកម៉ូតូ នោះដួល ខ្ទាតចូលក្រោមរថយន្ត និងត្រូវរថយន្តកិនចំក្បាល ស្លាប់ភ្លាមៗ រីឯម៉ូតូជាប់ក្រោមកង់រថយន្តផ្នែក ខាងមុខ។
បន្ទាប់ពីដឹងថារថយន្តរបស់ខ្លួនបានកិនមនុស្សស្លាប់ភ្លាម អ្នកបើកបររថយន្តធុនធំ បានបើកទ្វារចុះ រត់គេច ខ្លួនបាត់ភ្លាមៗ ដោយបន្សល់ទុកស្ត្រីជាប្រពន្ធ និងកូនតូចម្នាក់ ព្រមទាំងរថយន្តនៅនឹងកន្លែងកើតហេតុ។ក្រោយកើតហេតុ មន្ត្រីប៉ុស្តិ៍រដ្ឋបាល បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីរក្សាសណ្តាប់ធ្នាប់រង់ចាំមន្ត្រីការិយា ល័យជំនាញ ចុះទៅពិនិត្យ និងធ្វើការវាស់វែង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា រថយន្ត និងអ្នកជិះម៉ូតូខាងលើ បានធ្វើដំណើរក្នុង ទិសដៅផ្ទុយគ្នា លុះពេលធ្វើដំណើរទៅដល់ចំណុចកើតហេតុ ភាគីរងគ្រោះដែលជិះម៉ូតូលឿន និងបុកសត្វឆ្មា ១ក្បាល ក៏ដួលមម៉ូតូ ខ្ទាតមនុស្សចូលក្រោមរថយន្ត ទើបត្រូវរថយន្តកិនទាំងមនុស្ស និងម៉ូតូជាប់ក្រោមរថយន្ត ធ្វើឱ្យស្លាប់មនុស្សតែម្តង។ក្រោយពីធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិច្ចបានអូសយករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះ ស្រាយតាមនីតិវិធីនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំ ណត់ហេតុ ប្រគល់ឱ្យ ក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕